ជាតិ
បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម បោះ​បាន៨៣ភាគរយ ប៉ុន្តែ​នៅ​ស្មុគស្មាញ​ច្រើន
09, Jul 2015 , 6:24 pm        
រូបភាព
គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ល្ងាច​ថ្ងៃទី៩ ខែកក្កដា នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់ខ្លួន​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ចាប់តាំងពី​ថ្ងៃទី៧ ខែកក្កដា​មក។



តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន គណៈកម្មការ​ចម្រុះ បាន​អះអាងថា កិច្ចប្រជុំ​បាន​ឈរលើ​មូលដ្ឋាន និង​ស្មារតី​គោរព​គ្នា​ទៅវិញទៅមក ហើយ​ពួកគេ​ទទួលបាន​លទ្ធផល​បី​ចំណុចសំខាន់ៗ ។ ចំណុច​ទីមួយ ភាគី​ទាំងពីរ​ទទួលស្គាល់ថា ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ​មាន​ភាពស្មុគស្មាញ​ច្រើន បើទោះបី​ការបោះបង្គោល​បាន​ចំនួន៨៣ភាគរយ​ក៏ដោយ។

ចំណុច​ទី​ពីរ ភាគី​ទាំងពីរ​ឯកភាព​អនុវត្តតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​កាលពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ ស្តីពី​ការរក្សា​ស្ថានភាព​បច្ចុប្បន្ន​នៅតាម​បណ្តោយ​ព្រំដែន។ ចំណុច​ទី​បី ភាគី​ទាំងពីរ​ឯកភាព​ឲ្យ​ក្រុមបច្ចេកទេស​ចម្រុះ​ព្រំដែន និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន សហការគ្នា​ដោះស្រាយ​រាល់​បាតុភាព​នៅតាម​បណ្តោយ​ព្រំដែន​ដើម្បី​ទប់ស្កាត់ និង​បញ្ជៀ​សការ​រាលដាល​ដែល​នាំ​ឲ្យ​ប៉ះពាល់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ៕



© រក្សាសិទ្ធិដោយ thmeythmey.com