ជាតិ
លោក ហ៊ុន សែន ស្វែងរក​ជំនួយ​ផែនទី​ពី​មហាអំណាចអាមេរិក អង់គ្លេស និង​បារាំង
15, Jul 2015 , 8:53 pm        
រូបភាព
ទំនាស់​ព្រំដែន​កម្ពុជា​វៀតណាម​ទំនងជា​មាន​ភាព​ស្រួចស្រាវ​ជាង​បញ្ហា​ដែន​សីមា​កម្ពុជា​ថៃ​ទៅទៀត​នៅពេលនេះ។ នៅក្នុង​ទី១៥កក្កដា​ឆ្នាំ២០១៥ តែមួយ​នេះ លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន បាន​សរសេរ​លិខិត​ទៅ​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទៅ​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស័​រ ហូ​ឡង់ និង​នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីត ខេ​មេ​រ៉ុ​ន ដើម្បី​ស្នើសុំ​ចម្លង​ផែនទី​របស់​កម្ពុជា​ជាមួយ​វៀតណាម ដែល​រដ្ឋាភិបាល​កម្ពុជា​គិតថា​ប្រទេស​មហាអំណាច​ទាំង៣នេះ​រក្សាទុក​ដល់​សព្វថ្ងៃ​នេះ។



ប្រមុខ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​បាន​ផ្ញើលិខិត​ចេញទៅ​រដ្ឋាភិបាល​នៃ​ប្រទេស​មហាអំណាច​ទាំង៣នៅថ្ងៃនេះ ដើម្បី​ស្នើសុំ​ខ្ចី​ផែនទី​ដែល​ប្រទេស​ទាំងអស់​សុទ្ធ​តែមាន​តាំងពីដើម​ទស្សវត្សរ៍​ឆ្នាំ១៩៦០ ដើម្បី​យកមក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ខ្នាត ១/១០០ ០០០ ដែល​បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ហើយ​ដែល​កម្ពុជា​កំពុង​ប្រើប្រាស់​ក្នុងការ​កំណត់ និង​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

លិខិត​ទាំងបី​ដែល​សរសេរ​ដោយ​លោក ហ៊ុន សែន ដើម្បី​ពន្យល់អំពី​ភាព​ចាំបាច់​របស់​រដ្ឋាភិបាល​កម្ពុជាក្នុងការទទួលបាន​ផែនទី​ពីប្រទេស​មហាអំណាច​ទាំង៣ មាន​ន័យ​ស្រដៀងគ្នា ដែលទាក់ទង​នឹង​ការ​ដោះស្រាយ​ទំនាស់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។ នៅក្នុង​លិខិត​ដែល​លោក ហ៊ុន សែន សរសេរ​ទៅ​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា បញ្ជាក់យ៉ាង​ដូច្នេះថា៖«ការ​ស្នើសុំនេះ​ក្នុង​គោលបំណងកសាង​នូវព្រំដែន​ជាមួយប្រទេសជិត​ខាង​ប្រកប​ដោយ​សន្តិភាព​ មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍ ព្រមទាំង​ប្រកប​ដោយ​តម្លាភាពចំពោះប្រជាជាតិ​កម្ពុជា​ទាំង​មូល»។

នៅក្នុង​លិខិ​តផ្ញើទៅ​លោកប្រធានាធិបតី​បារាំងឯណោះវិញ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ពន្យល់ជ្រៅជាងនេះ។ លោក ហ៊ុន សែន សរសេរថា៖«...ក៏​ដូច​ជា​ក្នុងគោល​បំណង​បញ្ចៀស និង​បញ្ចប់នូវ​ការ​ញុះញង់ បង្កើត​ស្មារតី​ជាតិ​និយម​ជ្រុល ហើយដែលកើត​នាំឲ្យមានការ​ភាន់ច្រឡំ ក្នុង​ចំណោមសាធារណ​​មតិជាតិ និង​អន្តរជាតិ ដែលជាប្រការ​អាច​បង្កើត​គ្រោះ​មហន្តរាយដ៏ធំធេង​ដល់ជាតិ​កម្ពុជា»៕



© រក្សាសិទ្ធិដោយ thmeythmey.com