ជាតិ
នយោបាយជាតិ
អាជ្ញាធរស្វាយរៀងហាក់ជួយសម្រួលច្រើនដល់តំណាងរាស្ត្រCNRP ក្នុងការចុះពិនិត្យព្រំដែន
× អាជ្ញាធរខេត្តស្វាយរៀងបានជួយសម្រួលការពារដល់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន និងលោក រៀល ខេមរិន្ទ្រ ក្នុងការដឹកនាំប្រជាពលរដ្ឋចុះត្រួតពិនិត្យព្រំដែននៅខេត្តស្វាយរៀង ក្រោយពីភាគីទាំងពីរបានពិភាក្សា និងសហការគ្នាជាមុន។
នៅមុននេះបន្ដិច តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានបញ្ជាក់ថា រូបលោក និងលោក រៀល ខេមរិន្ទ្រ បានដឹកនាំប្រជាពលរដ្ឋដល់គោលដៅព្រំដែនហើយ ប៉ុន្ដែក្នុងចំណោមអ្នកចូលរួមជាង២ពាន់នាក់នោះ ត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យចូលបានត្រឹមតែ១០០នាក់ប៉ុណ្ណោះ រួមទាំងអ្នកសារព័ត៌មានផងដែរ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក អ៊ុំ សំអាន បន្ថែមថា នៅពេលរូបលោក និងប្រជាពលរដ្ឋទៅតំបន់បោះបង្គោលនោះ ក៏មានទាហាន និងប្រជាពលរដ្ឋវៀតណាម ចេញមកឈរម្ខាងនៅក្នុងភូមិដែលប្រជាពលរដ្ឋវៀតណាមរស់នៅដែរ ប៉ុន្ដែមិនមានការរារាំង និងប្រឈមមុខដាក់គ្នានោះទេ។ ហើយអាជ្ញាធរកម្ពុជា ក៏ជួយតាមពិនិត្យមើល និងជួយការពារដែរ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ នៅតែដាក់ការសង្ស័យថា សកម្មភាពស្ងប់ស្ងាត់របស់ភាគីវៀតណាមពេលនេះ អាចជាការរៀបចំមុន ខណៈដែលរូបលោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ភាគីវៀតណាមនៅតែបន្ដដំណើរការសាងសង់ផ្លូវជារៀងរាល់ថ្ងៃ។ «ពេលខ្ញុំមកដល់កន្លែងដែលធ្លាប់ប៉ះទង្គិចគ្នា និងកន្លែងដែលយួនសាង់សង់គឺមិនមានសកម្មភាពសាងសង់ផ្លូវដូចមុនទេ។ តែខ្ញុំបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាយួនសាងសង់រាល់ថ្ងៃមិនទាន់ឈប់ទេ តែទើបថ្ងៃគេអត់ធ្វើវិញ»។
កន្លងមកអាជ្ញាធរខេត្តស្វាយរៀង ធ្លាប់បានប្រាប់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិថា ខ្លួននឹងជួយការពារសន្តិសុខជូនជូនពួកគេ តែសូមកុំអ្នកចូលរួមទាំងនោះ បង្កឲ្យមានបញ្ហាប៉ះទង្គិចគ្នាទៅបានហើយ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន និង លោក រៀល ខេមរិន្ទ្រ បានដឹកនាំក្រុមប្រជាពលរដ្ឋ និស្សិត និងព្រះសង្ឃ ជាង២៣០០នាក់ ទៅត្រួតពិនិត្យតំបន់ព្រំដែននៅខេត្តស្វាយរៀង នៅចំណុចបង្គោលលេខ២០២ និងបង្គោលលេខ២០៣។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ មិថុនាកន្លងទៅ មានការប៉ះទង្គិចគ្នាដោយហិង្សា ដែលបណ្ដាលឲ្យភាគីកម្ពុជា១០នាក់រងរបួស រីឯភាគីវៀតណាមរងរបួស៧នាក់ ខណៈដែលតំណាងរាស្ត្របក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក រៀល ខេមរិន្ទ្រ និងលោក អ៊ុំ សំអាន ចុះពិនិត្យព្រំដែនខេត្តស្វាយរៀង ត្រង់ចំណុចភូមិគោកធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង៕
© រក្សាសិទ្ធិដោយ thmeythmey.com