ពីនេះ ពីនោះ
មិត្ត​ប្រាំ​ប្រភេទ
02, Aug 2015 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
                                        មិត្ត​ប្រាំ​ប្រភេទ
                                         (បទ​ពាក្យ៧)

មិត្ត​មួយ​មាឌ​មាំ​មាន​មន្ត​ស្នេហ៍                ជំនាញ​ពូកែ​ចែចង់​ស្រី
វា​សម្បូរ​ញាតិ​ពេល​រាត្រី                          ស្រុះ​ស្រូត​បោយ​ដៃ​ចូល​កម្សាន្ត។



អាសូរ​ប្រពន្ធ និង កូន​វា                          រាល់​យប់​កំព្រា​ព្រួយ​ប្រុស​ប្រាណ
គេង​ឱប​តែ​ទុក្ខ​ឥត​ស្រាក​ស្រា​ន            ដូច​បាយ​ព្រាត់​ចាន​ខាន​យឹតយោង។

ឥឡូវ​អា​អេដស៍​វា​ចោម​ជេរ                   ថា​អា​ទំនេរ​មិន​ទំនង
អា​ខ្វះ​គំនិត​ឥត​គន្លង                             គ្រួសារ​ត្រូវ​រង​ទុក្ខ​ខ្វល់​ខ្វែង។

មិត្ត​មួយ​នោះ​វិញ​សេព​តែ​ស្រា              គ្មាន​ពេលធ្វើការ​លេស​បង្វែង
ប្រពន្ធ​តាម​ទាន់​ទ​ក្តែងៗ                       ទឹក​ស្រែ​ហួតហែង​មិន​ព្រម​មើល៍។

វា​ផឹក​នោះ​ផឹក​ព្រឹក​ទល់​យប់                ជួន​ដួល​ដេក​ដុប​ជួន​ផ្លូវ​ដើរ
ឆ្កែ​ថា​អា​ឆ្កួត​ឥតអំពើ                             វា​ហក់លោត​លើ​លិឍ​មាត់​លេង។

អា​ថ្លើម​វា​ឆ្អើម​ស្រា​ឡើង​ឆ្អិន                វា​កើតរោគ​ក​ក្រិន​ស្ទើរ​វង្វេង
ធុំ​ស្រា​វា​អ​ន្ធះ​អ​ន្ទេ​ង                             ចង់​លោត​មកលេង​ខាងក្រៅ​ម្តង។

ឥឡូវ​ក្រពះ​ក៏​ពោល​ប្រាប់                    ថាឱ្យ​ខំ​សាប់​វា​ខំ​ត្រង
ឱ្យ​ឆ្អែតឆ្អន់​លើស​សព្វមួយដង           ព្រោះ​ជិត​តៃហោង​សូន្យ​ជីវិត។

មិត្ត​មួយ​នោះ​ទៀត​ក៏​ឆ្លៀត​ដែរ             ប្រជាជន​ខ្មែរ​ហៅ​បាំង​ផ្លិត
វា​បាំង​បក់​បោះ​ជុំ​ញាតិមិត្ត                   ភ្លឺ​ដល់​ងងឹត​ឥតរ​កបាយ។

វា​លេង​សព្វ​ល្បែងភ្នាល់​ស៊ីសង           ថ្ងៃ​ឆ្នាំ​ចាស់​ឆ្លង​ខុសគេ​ឆ្ងាយ
ទេវតា​ឆ្នាំ​ថ្មី​ក្តៅក្រហាយ                       ថា​អា​អន្តរាយ​អន្តរធាន។

វា​លេង​អស់​ចានឆ្នាំង​ស្លាបព្រា             មកដល់​ផ្ទះ​វា​ច្បាម​រុករាន
ក្រវិល​ខ្សែក​ប្រាក់​ចិញ្ចៀន                    ប្រពន្ធ​មិន​ហ៊ាន​ខ្លាច​បី​ពិល។

ឥឡូវ​បំណុលបុល្លិកា                           ថ្ងៃ​ឡើង​ប្រាក់​ការ​លា​ប់ក​ញ្ច្រិ​ល
ពួន​ញាក់​ក្នុង​ភួយ​លាក់ពុត​ខិល          ចាំ​ជា​វា​វិល​រក​ស៊ីសង។

រកស៊ី​ឯណា​គឺ​មូល​វង់                           ពួក​ភឿន​បាន​រង់​លេងល្បែង​ល្បង
អ្នកច្បាប់​ចាប់បាន​ជាប់​ខ្នោះ​កង         ជំពាក់​គេ​ផង​ចង់​ចងក។

មិត្ត​មួយ​នោះ​វា​ក៏​ញៀន​ញ៉ាម             ពេទ្យ​លោក​បាន​ហាម​យ៉ាង​ចំហ
វា​មិន​យក​គិត​រឹត​បន្ត                           គេ​ប្រាប់ផ្លូវ​ល្អ​វា​បរវៀស។

វា​ប៉ិន​ណាស់​ខាង​បង្ហុយផ្សែង            អ្នក​ជិត​ចំបែង​ល្អែ​ង​ដើរ​ចៀស
វា​ប៉ូវ​នូវ​សួត​ផ្សែង​ពោរ​ពាស               សួត​សុំ​សម្ភាសន៍​មាន​ផល​អ្វី។

ឥឡូវ​កើតរោគ​មិន​ចាញ់​អេដស៍         រាង​ស្គម​ទ​ទ្រេត​ក្អករីងរៃ
សួត​ធ្លាក់ខ្លួន​ឈឺ​កំពុង​ភ័យ                កើត​ខ្មោច​បារី​ព្រោះ​មិន​គិត។

មិត្ត​មួយវិញទៀត​ជាតិ​ត្រូវការ             វា​មាន​ប្រាជ្ញា​ថ្លា​គំនិត
វា​រៀន​ចប់​ថ្នាក់​ថ្នាល​បណ្ឌិត               ខុស​ឆ្ងាយ​ពី​មិត្ត​បួន​ខាងលើ។

វា​នេះ​ពូកែ​ជួយ​សាង​ជាតិ                   កេរ្តិ៍​វរនាថ​វា​គ្រាន់បើ
វា​រំភើប​ណាស់​ស្ទើរ​ចង់​ហើរ              ព្រោះ​គេ​សរសើរគ្រប់ៗគ្នា។

ឥឡូវ​វា​មាន​នាម​ឧ​ត្ត​ម                        យសស័ក្តិ​បុណ្យ​សម​នឹង​វិជ្ជា
ចិត្ត​វា​មាន​ជាតិ​គ្រប់​វេលា                    ខ្លាច​ជាតិ​វេទនា​រង​អន្តរាយ។

មិត្ត​នេះ​វា​ស្លាប់បាត់​បង់ប្រាណ           តែ​ឈ្មោះ​ថ្កើងថ្កាន​ថ្លៃ​សុះសាយ
ស្ថិតនៅក្នុង​ចិត្ត​មនុស្ស​គ្រប់​កាយ       មិន​សូន្យសោះ​ឆ្ងាយ​ពី​លោកា។

មិត្ត​រៀបរាប់​មក​ប្រាំ​ប្រភេទ                  សូមជួយ​អង្កេត​ពិចារណា
តើ​មួយណា​ល្អ​គាប់​ចិន្តា                      សម​មិត្ត​ថ្លៃថ្លា​គួរ​គប់​រាប់៕

             និពន្ធ​ដោយ៖ ចិ​ត្រា, កែសម្រួល៖ វិឆ័យ សុ​ភី




© រក្សាសិទ្ធិដោយ thmeythmey.com