ពីនេះ ពីនោះ
× មិត្តប្រាំប្រភេទ
(បទពាក្យ៧)
មិត្តមួយមាឌមាំមានមន្តស្នេហ៍ ជំនាញពូកែចែចង់ស្រី
វាសម្បូរញាតិពេលរាត្រី ស្រុះស្រូតបោយដៃចូលកម្សាន្ត។
អាសូរប្រពន្ធ និង កូនវា រាល់យប់កំព្រាព្រួយប្រុសប្រាណ
គេងឱបតែទុក្ខឥតស្រាកស្រាន ដូចបាយព្រាត់ចានខានយឹតយោង។
ឥឡូវអាអេដស៍វាចោមជេរ ថាអាទំនេរមិនទំនង
អាខ្វះគំនិតឥតគន្លង គ្រួសារត្រូវរងទុក្ខខ្វល់ខ្វែង។
មិត្តមួយនោះវិញសេពតែស្រា គ្មានពេលធ្វើការលេសបង្វែង
ប្រពន្ធតាមទាន់ទក្តែងៗ ទឹកស្រែហួតហែងមិនព្រមមើល៍។
វាផឹកនោះផឹកព្រឹកទល់យប់ ជួនដួលដេកដុបជួនផ្លូវដើរ
ឆ្កែថាអាឆ្កួតឥតអំពើ វាហក់លោតលើលិឍមាត់លេង។
អាថ្លើមវាឆ្អើមស្រាឡើងឆ្អិន វាកើតរោគកក្រិនស្ទើរវង្វេង
ធុំស្រាវាអន្ធះអន្ទេង ចង់លោតមកលេងខាងក្រៅម្តង។
ឥឡូវក្រពះក៏ពោលប្រាប់ ថាឱ្យខំសាប់វាខំត្រង
ឱ្យឆ្អែតឆ្អន់លើសសព្វមួយដង ព្រោះជិតតៃហោងសូន្យជីវិត។
មិត្តមួយនោះទៀតក៏ឆ្លៀតដែរ ប្រជាជនខ្មែរហៅបាំងផ្លិត
វាបាំងបក់បោះជុំញាតិមិត្ត ភ្លឺដល់ងងឹតឥតរកបាយ។
វាលេងសព្វល្បែងភ្នាល់ស៊ីសង ថ្ងៃឆ្នាំចាស់ឆ្លងខុសគេឆ្ងាយ
ទេវតាឆ្នាំថ្មីក្តៅក្រហាយ ថាអាអន្តរាយអន្តរធាន។
វាលេងអស់ចានឆ្នាំងស្លាបព្រា មកដល់ផ្ទះវាច្បាមរុករាន
ក្រវិលខ្សែកប្រាក់ចិញ្ចៀន ប្រពន្ធមិនហ៊ានខ្លាចបីពិល។
ឥឡូវបំណុលបុល្លិកា ថ្ងៃឡើងប្រាក់ការលាប់កញ្ច្រិល
ពួនញាក់ក្នុងភួយលាក់ពុតខិល ចាំជាវាវិលរកស៊ីសង។
រកស៊ីឯណាគឺមូលវង់ ពួកភឿនបានរង់លេងល្បែងល្បង
អ្នកច្បាប់ចាប់បានជាប់ខ្នោះកង ជំពាក់គេផងចង់ចងក។
មិត្តមួយនោះវាក៏ញៀនញ៉ាម ពេទ្យលោកបានហាមយ៉ាងចំហ
វាមិនយកគិតរឹតបន្ត គេប្រាប់ផ្លូវល្អវាបរវៀស។
វាប៉ិនណាស់ខាងបង្ហុយផ្សែង អ្នកជិតចំបែងល្អែងដើរចៀស
វាប៉ូវនូវសួតផ្សែងពោរពាស សួតសុំសម្ភាសន៍មានផលអ្វី។
ឥឡូវកើតរោគមិនចាញ់អេដស៍ រាងស្គមទទ្រេតក្អករីងរៃ
សួតធ្លាក់ខ្លួនឈឺកំពុងភ័យ កើតខ្មោចបារីព្រោះមិនគិត។
មិត្តមួយវិញទៀតជាតិត្រូវការ វាមានប្រាជ្ញាថ្លាគំនិត
វារៀនចប់ថ្នាក់ថ្នាលបណ្ឌិត ខុសឆ្ងាយពីមិត្តបួនខាងលើ។
វានេះពូកែជួយសាងជាតិ កេរ្តិ៍វរនាថវាគ្រាន់បើ
វារំភើបណាស់ស្ទើរចង់ហើរ ព្រោះគេសរសើរគ្រប់ៗគ្នា។
ឥឡូវវាមាននាមឧត្តម យសស័ក្តិបុណ្យសមនឹងវិជ្ជា
ចិត្តវាមានជាតិគ្រប់វេលា ខ្លាចជាតិវេទនារងអន្តរាយ។
មិត្តនេះវាស្លាប់បាត់បង់ប្រាណ តែឈ្មោះថ្កើងថ្កានថ្លៃសុះសាយ
ស្ថិតនៅក្នុងចិត្តមនុស្សគ្រប់កាយ មិនសូន្យសោះឆ្ងាយពីលោកា។
មិត្តរៀបរាប់មកប្រាំប្រភេទ សូមជួយអង្កេតពិចារណា
តើមួយណាល្អគាប់ចិន្តា សមមិត្តថ្លៃថ្លាគួរគប់រាប់៕
និពន្ធដោយ៖ ចិត្រា, កែសម្រួល៖ វិឆ័យ សុភី
© រក្សាសិទ្ធិដោយ thmeythmey.com