ជាតិ
ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់ ស្នើសុំ​ចេញពី​កម្ពុជា​ទៅ​រស់នៅ​ប្រទេស​ភូមា​វិញ
04, Sep 2015 , 5:34 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់ បាន​ស្នើសុំ​រដ្ឋាភិបាល​ក​ម្ពុ​ជា តាមរយៈ​ស្ថានទូត​ប្រទេស​មី​យ៉ាន់​ម៉ា ប្រចាំ​ប្រទេស​កម្ពុជា ចាក​ចេញទៅ​រស់នៅក្នុង ប្រទេស​មី​យ៉ាន់​ម៉ា​វិញ ក្រោយពី​គេ​ស្ម័គ្រចិត្ត​ចាកចេញ​ពី​កោះ​ប៉ាស៊ីហ្វិក​ណូ​រុ (Nauru) មក​ស្នាក់នៅ​កម្ពុជា​អស់​ជាង ៤ខែ។



អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ ប្រាប់​សារព័ត៌មានថ្មីៗនៅ​រសៀល​ថ្ងៃទី៤នេះ​ថា ជនភៀសខ្លួន​សញ្ជាតិ​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់ ក្នុងចំណោម​ជនភៀសខ្លួន ៤នាក់​ពី​កោះ​ប៉ាស៊ីហ្វិក​ណូ​រុ (Nauru) ដែល​ស្ម័គ្រចិត្ត​មក​រស់នៅ​កម្ពុជា​កន្លងទៅ បាន​ស្ម័គ្រចិត្ត​ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា ចាក​ចេញទៅ​រស់នៅ​លើទឹក​ដី​ដើមកំណើត​ខ្លួន​វិញ។ លោក​បាន​និយាយ​ពី​មូលហេតុ​នៃ​ការ ស្ម័គ្រចិត្ត​ចាក​ពី​ប្រទេស​កម្ពុជា​វិញ​ថា ដោយសារ​បុរស​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​រូបនោះ នឹក​ស្រុកកំណើត​របស់គេ។

«រដ្ឋាភិបាល​កម្ពុជា និង​ស្ថានទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​កម្ពុជា កំពុង​សម្រួល​ឯកសារ ដើម្បី​បញ្ជូន ជនភៀសខ្លួន​រ៉ូ​ហ៊ីង​ម្នាក់ ដែល​បាន​ស្ម័គ្រចិត្ត​ស្នើសុំ​ទៅ​រស់នៅ​ប្រទេស​ដើម​របស់គេ»។ នេះ​ជាការ​បញ្ជាក់​របស់លោក ខៀវ សុភ័គ។ យ៉ាងណា អ្នកនាំពាក្យ មិនទាន់​អាច​បញ្ជាក់​ពី កាលបរិច្ឆេទ​ច្បាស់លាស់​ថា នឹង​បញ្ជូន​ខ្លួន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់​នោះ ពេលណា​នៅ ឡើយ។

គួររម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី៤មិថុនា កន្លងទៅ ជនភៀសខ្លួន​ដំបូង​ទទួលយក​ការតាំង​លំនៅ​ថ្មី​ពី​កោះ​ប៉ាស៊ីហ្វិក​ណូ​រុ​បាន​មកដល់​ភ្នំពេញ  ក្រោម​កិច្ចព្រមព្រៀង​រវាង​អូស្ត្រាលី-កម្ពុជា​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ចុងឆ្នាំ២០១៤ ។ ជនភៀសខ្លួន​ទាំងនោះ រួមមាន ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់ និង​ជនជាតិ​អ៊ីរ៉ង់ ៣នាក់ (ស្រី១នាក់)។ រដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ទីលំនៅ​ដល់ ពួកគេ​រស់នៅក្នុង​ខណ្ឌ​ច្បារអំពៅ។

សូមបញ្ជាក់ផងដែរថា លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី នៅ​ដើមខែ​ធ្នួ​ខាងមុខ ដើម្បី​ពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ក្នុងការ​អនុវត្តន៍​អនុស្សារណៈ​ស្តីពី​ជនភៀសខ្លួន ដែល​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​កាលពី​ខែ កញ្ញា ឆ្នាំ២០១៤ កន្លងមក។ កាលពីពេលថ្មីៗនេះ អូស្ត្រាលី បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​សិក្សា​ទទួលយក​ជនភៀសខ្លួន ពី​កោះ​ប៉ាស៊ីហ្វិក​ណូ​រុ (Nauru) បន្ថែមទៀត៕
 

Tag:
 ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com