ជាតិ
​​​ន​យោ​បាយ​ជាតិ​
ការកើនកម្តៅនយោបាយនៅកម្ពុជា ធ្វើឲ្យ UN កាន់តែបារម្ភ
25, Nov 2015 , 11:56 am        
រូបភាព
លោកស្រី រ៉ូ​ណា ស្ម៊ី​ត អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ស្ថា​ការណ៍​នយោបាយ​នៅ​កម្ពុជា ដែល​កំពុងតែ​កើន​កម្តៅ​ខ្លាំងឡើងៗ ក្នុង​រយៈកាល​ចុងក្រោយ​នេះ។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​លោកស្រី ចុះ​នៅ​ថ្ងៃទី២៣ វិច្ឆិកា ។


 
លោកស្រី រ៉ូ​ណា ស្ម៊ី​ត បាន​អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា ភាព​តានតឹង​នេះ បាន​កើតឡើង​ចេញពី​ភាពមិន​ចុះសម្រុង​គ្នា​រវាង​គណបក្សធំៗទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។  បញ្ហា ដែល​លោកស្រី​លើកឡើង​នោះ​គឺ ការប្រើ​អំពើហិង្សា​ដោយ​ការវាយដំ​ដ៏​ធ្ងន់​ធ្ងន់​លើ​តំណាងរាស្ត្រ​បក្សប្រឆាំង​ពីររូប គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន នៅក្បែរ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃទី២៦តុលា និង​ការបោះឆ្នោត​ទម្លាក់​លោក កឹម សុខា អនុប្រធាន​បក្សប្រឆាំង​ពី​តំណែង​អនុប្រធាន​ទី១នៃ​រដ្ឋសភា ពី​សំណាក់​តំណាងរាស្ត្រ​ពី​បក្ស​កាន់អំណាច កាលពី​ថ្ងៃទី៣០តុលា។
 
អ្នករាយការណ៍​ពិសេស​រូបនេះ បាន​បន្ថែមថា បញ្ហា​ធំ​មួយទៀត​នោះ​គឺ លោក សម រង្ស៊ី ប្រធាន​បក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមាជិកសភា​ខាង​បក្ស​ប្រជាជន បោះឆ្នោត​ដក​អភ័យឯកសិទ្ធិ​រដ្ឋសភា ថែមទៀត ដោយ​សំអាងថា លោក សម រង្ស៊ី មានទោស​ព្រហ្មទណ្ឌ ដែល​តុលាការ​ចោទប្រកាន់​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ប្រព្រឹត្តទៅ​នៅ​សារមន្ទីរ​ជើងឯក កាលពី​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០។ ក្រៅពី​ដក​ប្រធាន​បក្សប្រឆាំង​រូបនេះ​ពី​សមាជិកសភា​ហើយ តុលាការ ក៏បាន​ចេញ​ដីការ​កោះហៅ​រូបលោក​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ៤ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខ ផងដែរ ពាក់ព័ន្ធ​ពីបទ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។
 
លោក ស្រីសង្កត់ធ្ងន់ៗយ៉ាងនេះ​ថា៖ «ស្ថានភាព​នយោបាយ​ដ៏​ក្តៅគគុក​ទាំងនេះហើយ ដែល​នាំ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​អស្ថិរភាព​នយោបាយ និង​អាច​ជួប​គ្រោះថ្នាក់​ផ្នែក​សន្តិសុខ នៅពេល​ខាងមុខ»។

ក្រៅពី​ក្តីកង្វល់​ពី​ស្ថានការណ៍​មិនល្អ​ទាំងនេះ លោកស្រី រ៉ូ​ណា ស្ម៊ី​ត ក៏បាន​ស្នើ​ឲ្យ​អ្នកដឹកនាំ​នៃ​បក្ស​ទាំងពីរ រួមទាំង​តំណាងរាស្ត្រ​គ្រប់រូប គប្បី​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ចំពោះ​ស្ថេរភាព​សង្គម និង​ប្រយោជន៍​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ដល់​ខ្លួន។ លោកស្រី​ស្នើឡើង​បែបនេះ​ថា៖ «បក្ស​ទាំងពីរ គួរ​បន្ត​ពិភាក្សាគ្នា​ដើម្បី​ដោះស្រាយ​រួមគ្នា ជាជាង​ប្រើ​សារ​នយោបាយ​វាយប្រហារ​គ្នា​ទៅវិញទៅមក»៕
 
 


Tag:
 អ្នករាយការណ៍ពិសេស
© រក្សាសិទ្ធិដោយ thmeythmey.com