ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី​ប្រាប់​ពលរដ្ឋ​ឈប់​ខ្វល់​រឿង​បណ្ណ​បើកបរ​ម៉ូតូ​
07, Jan 2016 , 5:11 pm        
រូបភាព
ដោយ:
 
​នៅ​ថ្ងៃទី​៧ មករា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ម្តងទៀត​ពី​ការឈប់​ផាកពិន័យ​បណ្ណ​បើកបរ​ម៉ូតូ​កម្លាំង ១២៥cc ចុះ​ក្រាម ស្របពេល​សមត្ថកិច្ច​ចុះ​អនុវត្តន៍​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ថ្មី រយៈពេល ៧​ថ្ងៃ​រហូត​មកនេះ​។​



​សម្តេច ហ៊ុន សែន បាន​ថ្លែង​សារ​ជា​វី​ឌី​អូ​បញ្ជាក់​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ថា រដ្ឋាភិបាល​បានសម្រេច​មិន​តម្រូវអោយ​បង់ថ្លៃ​ប្រឡង​ប័ណ្ណបើកបរ​ម៉ូតូ​កម្លាំង​ម៉ាស៊ីន ១២៥cc ចុះក្រោម​។ ហើយ​ថា ប្រសិនបើ​ពលរដ្ឋ​បាន​បង់ថ្លៃ​បណ្ណ​បើកបរ​ម៉ូតូ​កម្លាំង ១២៥cc រួចហើយ ចង់បាន​ថវិកា​មកវិញ​នោះ ពលរដ្ឋ​ត្រូវយក​បណ្ណ​បើកបរ​ប្រគល់អោយ​ក្រសួង ដើម្បី​ទទួលយក​ថវិកា​គ្រប់​ចំនួន​ត្រឡប់​វិញ​។ ព្រមជាមួយ​គ្នា សម្តេច​ថា តម្លៃ​បង់ថ្លៃ​បណ្ណ​បើកបរ​រថយន្ត ក៏​នឹងត្រូវ​បញ្ចុះតម្លៃ​ពាក់កណ្តាល នៃ​តម្លៃ​កាលពីមុន​ជូន​ពលរដ្ឋ​ផងដែរ​។​
 
​សម្តេច​បាន​បន្តទៀតថា ពលរដ្ឋ​ដែល​កំពុង​ប្រើប្រាស់​ម៉ូតូ​កម្លាំង​ម៉ាស៊ីន ១២៥cc ចុះក្រោម អាច​ឲ្យ​ម៉ូតូ​ទៅ​សមាជិកគ្រួសារ ឬ​អ្នកដទៃ ខ្ចី ឬ​ប្រើប្រាស់​បាន ទោះបី​មាន​សមាជិក​ចំនួន ៣ ឬ​៤​នាក់ ឬ​ច្រើនជាង​នេះ ដោយ​មិនចាំបាច់​ស្នើរ​សុំ​លិខិតបញ្ជាក់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឡើយ លើកលែងតែ​ម្ចាស់​ម៉ូតូ​យល់ព្រម​អោយ​ខ្ចី​សម្រាប់​ធ្វើដំណើរ​។​
 
​សម្តេច​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖«​ចាប់ពីពេលនេះ​តទៅ អស់កម្ម​អស់​ពារ​ហើយ ទៅលើ​បញ្ហា​ម៉ូតូ​ដែលមាន​កម្លាំង ១២៥ cc ចុះ​ក្រាម​។ ហើយ​សូមកុំ​ឆ្ងល់​លើ​រឿងនេះ​ទៀត ប្រសិនបើ​អាជ្ញាធរ​ណា​រារាំង ទៅលើ​បញ្ហា​នេះ អ្នកនោះ គឺ​ប្រឆាំង​ជាមួយនឹង​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រជាជន​ដែល​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្តល់ជូន​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​ការលំបាក បញ្ចប់​ការលំបាក របស់​ប្រជាជន​»​។​
 
​ទន្ទឹមគ្នានេះ សម្តេច​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ឲ្យ​រៀន​បើកបរ​បញ្ជា​យានយន្ត និង​ច្បាប់​ចរាចរណ៍​ឲ្យ​បានច្បាស់លាស់​ស្ទាត់ជំនាញ ព្រមទាំង​ចូលរួមរ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​៕

© រក្សាសិទ្ធិដោយ thmeythmey.com