ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន នៅតែ​តូច​ចិត្តនឹង​អាមេរិក​ដែលថា​កម្ពុជា​ងាក​ទៅរក​ចិន​
05, Feb 2016 , 10:09 am        
រូបភាព
​ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​នា​ព្រឹក​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​ប្រកាស​រក្សា​ជំហរ​មិន​លូកដៃ​ចូល​រឿង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ។ ​ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ គឺជា​ការបង្ហាញ​ជំហរ​ មុន​ទៅ​ចូលរួម​កិច្ចប្រជុំ​អាមេរិក​-​អាស៊ាន ដែល​រៀបចំឡើង​ដោយ​លោក​ប្រធានាធិបតី បា​រ៉ា​ក់​អូ​បា​ម៉ា នៅ​ថ្ងៃទី​១៥-១៦ ខែកុម្ភៈ​ខាងមុខនេះ​។



​សម្ដេច ហ៊ុន សែន បានប្រកាសថា កម្ពុជា​នៅតែ​រក្សា​ជំហរ​នយោបាយ​ការបរទេស ដោយមាន​ភាព​អ​ព្យា​ក្រឹត្យ អធិបតេយ្យ និង​ឯករាជ្យ ដោយ​មិន​ងាក​ទៅ​ទោរ​ទន់​រក​អាមេរិក ឬក៏​ចិន​ឡើយ​។ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​រំឭក​ពី​ជំនួប​រវាង​លោក និង​លោក ច​ន ឃេ​រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក កាលពីពេល​ថ្មីៗ​នេះដែរ​ថា លោក​តូចចិត្ត​នឹង​អាមេរិក ដែល​ចោទប្រកាន់​កម្ពុជា​ថា លម្អៀង​ទៅរក​ចិន ទើប​មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​រួម ដែល​ពាក់ព័ន្ធ​នឹង ​ក្រម​ប្រតិបត្តិ​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ដែន​អធិបតេយ្យ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង (COC​) នៅពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ចុងឆ្នាំ​២០១២។

​ប្រមុខ​រដ្ឋាភិបាល​បាន​ប្រា​ប់លោក ច​ន ឃេ​រី ថា មិនមែន​មានតែ​កម្ពុជា​ទេ ដែល​មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​ដែល​ពាក់ព័ន្ធ​នឹង COC នេះ ពោលគឺ​ពេល​ប្រជុំ​នៅ ឥណ្ឌូនេស៊ី វៀតណាម ព្រុយ​ណេ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ក៏​មិនអាច​សម្រេចបាន​នូវ COC ដូចគ្នា​ដែរ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រា​ប់លោក ច​ន ឃេ​រី ទៀតថា ប្រទេស​ដែល​ចោទ​កម្ពុជា​ពី​ការបរាជ័យ​មិនអាច​សម្រេចបាន​នូវ COC នេះ គួរតែ​សុំទោស​កម្ពុជា​វិញ​។​

​កន្លងមក នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន ក៏​ធ្លាប់​បញ្ជាក់​ហើយ​ថា អ្នកណា​មាន​ជម្លោះ​ជាមួយ​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង អ្នកនោះ​ចូល​ដោះស្រាយ មិនមែន​ទាញ​អាស៊ាន​ទាំងមូល ​ទៅ​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​នេះ​ទេ ព្រោះ​អាស៊ាន​មិនមែនជា​តុលាការ​ឡើយ​។​

​កាលពី​ថ្ងៃទី​២៦ មករា ឆ្នាំ​២០១៦ ប្រមុខ​ការទូត​កម្ពុជា សង្កត់ធ្ងន់ថា ការបរាជ័យ​កន្លងមក​នេះ ​មិនមែន​ភាពលម្អៀង ​ឬ​រង​សម្ពាធ​ពី​ចិន​ឡើយ តែ​កម្ពុជា​មិនមែនជា​តុលាការ មិនអាច​កាត់សេចក្តី​បាន ហើយ​ជំហរ​កម្ពុ​ជាមាន​ភាព​ឯករាជ្យ និង​អព្យាក្រឹត​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ​ប៉ុណ្ណោះ​។ បន្ថែម​ពីនេះ លោក បានលើកឡើង​ពី​សមិទ្ធផល​កម្ពុជា​សម្រេច​បាន​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០០២ គឺ​សេចក្តីប្រកាស​ប្រតិ​ប​តិ្ត​ភាគី​សមុទ្រ​ចិន​ខាងត្បូង (DOC) ហើយ​កម្ពុជា​បន្ត​ជំរុញ​ឲ្យ​ភាគី​ជម្លោះ​សម្រេចបាន​ក្រម​ប្រតិបត្តិ​(COC) ថ្មី​មួយ​ឲ្យ​បាន​ឆាប់​ផងដែរ​។​

​សូម​រម្លឹក​បន្តិច​ថា ក្រោយ​បរាជ័យ​ឆ្នាំ ២០១២​នេះ គេ​ចាប់ផ្តើម​រិះគន់​គោលជំហរ​កម្ពុជា ដែល​ហាក់​មាន​និន្នាការ​គាំទ្រ​ចិន ដែល​វា​បង្ក​ការប៉ះពាល់​ ដល់​ការ​ឯកភាព​គ្នា​របស់​អាស៊ាន​។ កម្ពុជា​ និង​ចិន ​មាន​ទំនាក់ទំនង​ស្អិតល្មួត​យូរអង្វែង​មកហើយ ហើយ​ចិន​តែង​ផ្តល់ជំនួយ​ផង កម្ចីអនុគ្រោះ​ផង​ដល់​កម្ពុជា ​ដើម្បី​អភិវឌ្ឍន៍ប្រទេស។ ​ចិន ក៏​តែង​គាំទ្រ​កម្ពុជា ​ក្នុង​វេទិកា​អន្តរជាតិ​ផងដែរ​៕



Tag:
 សមុទ្រ​ចិន​ខាងត្បូង​
  អាមេរិក​
  ចិន​
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com