អន្តរជាតិ
អាមេរិក​ថា ខ្លួន​សម្លាប់​បាន​មេទ័ព​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ទី​ពីរ​
26, Mar 2016 , 8:59 pm        
រូបភាព
​កងកម្លាំង​អាមេរិក​បានសម្លាប់​មេបញ្ជាការ​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh) ទី​ពីរ​នៅក្នុង​សប្តាហ៍​នេះ​។ ការសម្លាប់​មេទ័ព​ដែលមាន​តួនាទី​សំខាន់​ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​ក្រុម​ភេរវជន​នេះ ជា​ជោគជ័យ​សម្រាប់​អាមេរិក​និង​សម្ព័ន្ធមិត្ត ហើយ​វា​ក៏​ធ្វើ​ឲ្យ​ក្រុម​នេះ​ចុះថមថយ​កម្លាំង​ដែរ​។​



​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Ashton Carter បានប្រកាស​នៅ​ថ្ងៃ​សុក្រ​ទី ២៥ មីនា​ម្សិលមិញ​ថា មេបញ្ជាការ​លេខ​រៀង​ទី​ពីរ​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ឬ​ក្រុម​ដែ​ស្ហ នោះ​ត្រូវ​កងកម្លាំង​សហរដ្ឋអាមេរិក​សម្លាប់​រួចហើយ​ក្នុង​សប្តាហ៍​នេះ​។

​ប៉ុន្តែ​ប្រមុខ​ការពារជាតិ​រូបនេះ​បដិសេធ​ឆ្លើយថា ជននេះ​ស្លាប់​ក្រោម​ស្នាដៃ​ការទម្លាក់​គ្រាប់​ដោយ​សម្ព័ន្ធ​អន្តរជាតិ​ឬ​ដោយសារ​យន្តហោះ​គ្មាន​អ្នកបើក​របស់​អាមេរិក​។​

​ជន​ដែល​គេ​ចាត់ទុកជា​មេបញ្ជាការ​ទី​២​របស់​ក្រុម​នេះ​មានឈ្មោះ  Abd ar-Rahman Mustafa al-Qaduli​។ បើតាម​របាយការណ៍​ចារកម្ម​ជននេះ​បំពេញ​មុខងារ​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ក្រុម និង​ជា​អ្នក​នៅ​ពីក្រោយ​ក្រុម​ប្រដាប់អាវុធ​បរទេស​ផ្សេងទៀត​ជាច្រើន​។​

​លោក Carter បាន​ថ្លែងថា ៖« យើង​បានសម្លាប់​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​ជា​ប្រព័ន្ធ​។ ការសម្លាប់​មេ​បញ្ជា​ក្រុម​នេះ​នឹង​បន្ថយ​សមត្ថភាព​វាយប្រហារ​របស់​ពួកគេ​នៅ​ទឹកដី​ស៊ី​រី និង​អ៊ីរ៉ាក់ និង​នៅក្រៅ​ប្រទេស​ទៀត​»​។​

​ក្រោយ​ការប្រកាស​ពី​ការសម្លាប់​មេដឹកនាំ​ក្រុម​ដែ​ស្ហ​នេះ សម្ព័ន្ធមិត្ត​អាមេរិក​អង់គ្លេស​បានចេញ​មុខ​សាទរ​។ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក  Philip Hammond បាន​ចាត់ទុកថា​ការស្លាប់​របស់ Abd ar-Rahman Mustafa al-Qaduli ជា​ជោគជ័យ​ថ្មី​មួយ​ដើម្បី​ឈានទៅ​ទទួល​ជ័យជម្នះ​លើ​ក្រុម​ភេរវជន​នេះ​នៅពេល​អនាគត​។​

​យ៉ាងណាក៏ដោយ ក្រសួងការពារជាតិ​អាមេរិក​មិនបាន​បញ្ជក់​ច្បាស់​នៅឡើយ​ទេ​ថា ជន​ដែល​ស្លាប់​នេះ​អាចមាន​ជាប់​ពាក់ព័ន្ធ​ករណី​វាយប្រហារ​កាលពី​ខែវិច្ឆិកា​កន្លងទៅ​នៅ​ទីក្រុង​ប៉ារីស និង​ការវាយប្រហារ​ថ្មីៗ​នេះ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​ប្រទេស​បែលហ្ស៊ិក​នោះ​។

​កន្លងមក​ក្រសួងយុត្តិធម៌​អាមេរិក​បានប្រកាស​ផ្តល់រ​ង្វាន់ ៧​លាន​ដុល្លារ​អាមេរិក​ដល់​អ្នកណា​ក៏ដោយ​ដែល​អាច​ឈានដល់​ការរកឃើញ al-Qaduli​។ បើតាម​តម្លៃ​រង្វាន់ ជន​ម្នាក់នេះ​ក្លាយជា​មនុស្ស​សំខាន់​ទី​ពីរ​បន្ទាប់ពី​មេដឹកនាំ​កំពូល​របស់​ក្រុម  Abu Bakr al-Baghdadi ព្រោះ​ការផ្តល់​ព័ត៌មាន​របស់​មេខ្លោង​ម្នាក់នេះ គេ​អាច​ទទួល​លុយ​រង្វាន់​បាន​ដល់​១០​លាន​ដុល្លារ​ឯណោះ​។

​សូមបញ្ជាក់ថា កាលពី​ដើមខែ​អាមេរិក​បានប្រកាស​ម្តង​ហើយ​ថា កងទ័ពអាកាស​ខ្លួន​បានសម្លាប់​មេបញ្ជាការ​ក្រុម ដែ​ស្ហ Abu Omar al-Shishani ក្នុង​ប្រតិបត្តិការ​យោធា​នៅ​ស៊ី​រី​។ ជននេះ​ជាម​នុស្ស​សំខាន់​ក្នុង​ជួរ​ដឹកនាំ​ក្រុម​ដែ​ស្ហ ព្រោះ​សូម្បីតែ​អាមេរិក ក៏បាន​ដាក់​រហ័ស្ស​នាម​ឲ្យ​ជននេះ​ថា​ជា «​រដ្ឋមន្ត្រី​សង្គ្រាម​»​ថែមទៀត​។ Omar al-Shishani តាមពិតទៅ​ជាទី​ប្រឹក្សា​សឹក​មេដឹកនាំ​កំពូល​ក្រុម​រដ្ឋ​ឥស្លាម Abu Bakr al-Baghdadi ផង​ព្រោះ​គេ​ពូកែ​ខាង​យុទ្ធសាស្ត្រ​សង្គ្រាម​និង​អាចជួយ​ពង្រឹងកម្លាំង​ក្រុម​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ កន្លងមក​ក្រសួងការបរទេស​អាមេរិក​ប្រកាស​ផ្តល់​លុយ​រង្វាន់​រហូតដល់ ៥​លាន​ដុល្លារ​អាមេរិក​ដល់​អ្នក​ដែល​ផ្តល់ព័ត៌មាន​ដែល​អាច​ឈានទៅ​សម្លាប់​ជននេះ​បានដែរ​៕


Tag:
 Aston Carter
  ក្រុម​ដែ​ស្ហ​
© រក្សាសិទ្ធិដោយ thmeythmey.com