ជាតិ
អ​.​ស​.​ប​បារម្ភ​ពី​អ្នក​បាត់​សិទ្ធិ​បោះឆ្នោត​ដោយសារ​គ្មាន​អត្តសញ្ញាណប័ណ្ណ​និង​ចំណាកស្រុក​
26, Mar 2016 , 4:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​-​កាលពី​ថ្ងៃ​សុក្រ​នេះ អ្នកស្រី រ៉ូ​ណា ស្មី​ត ( Rhona Smith) អ្នករាយការណ៍​ពិសេស​របស់​អ​.​ស​.​ប​.​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានបង្ហាញ​ចំណាប់អារម្មណ៍​របស់​អ្នកស្រី​ចំនួន​៥​ចំណុច​ទាក់ទង​នឹង​ការបោះឆ្នោត​។ អ្នកស្រី​បានបង្ហាញ​ចំណាប់អារម្មណ៍​នេះ​នៅក្នុង​ជំនួប​ជាមួយ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ក្តីបារម្ភ​ទាំងនោះ​រួមមាន​៖ ទី​១ ការចេញ​អត្តសញ្ញាណប័ណ្ណ​មិនទាន់​ពេលវេលា​សម្រាប់​យក​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ ទី​២ ពលករ​ចំណាកស្រុក ដែល​អាច​បាត់​ឱកាស​បោះឆ្នោត​។ ទី​៣ ការផ្សព្វផ្សាយ​ការអប់រំ​អំពី​ការបោះឆ្នោត​ដល់​ជនជាតិដើម​ភាគតិច​ដែល​មិនចេះ​ភាសា​ខ្មែរ​។ ទី​៤ ចំនួន​បេ​ក្ខ​នារី​មាន​ចំនួន​តិចពេក បើ​ប្រៀបធៀប​នឹង​បេក្ខជន​បុរស ខណៈដែល​ប្រទេស​កម្ពុ​ជាមាន​ស្ត្រី​ច្រើនជាង​បុរស និង​ទី​៥​គឺ​ការលេចឮ​ព័ត៌មាន​ថា ការអប់រំ​ពី​ការបោះឆ្នោត​កន្លងមក​មាន​ការ​លម្អៀង គឺ​អត់​អ​ព្យា​ក្រិ​ត្យ​។​



​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ឲ្យ​ដឹងថា លោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប​.​បាន​សន្យាថា  គ​.​ជ​.​ប​.​នឹង​សម្រួល​នីតិវិធី ដែល​អ្នក​អត់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​អាច​សុំ​លិខិតបញ្ជាក់​ពី​មន្ត្រីឃុំ​សង្កាត់​ដែល​អាច​ប្រើ​ជំនួស​អត្តសញ្ញាណប័ណ្ណ​សម្រាប់​ការបោះឆ្នោត​។​

​ទាក់ទង​នឹង​ការបោះឆ្នោត​របស់​ពលក​រ​ចំណាកស្រុក លោក​ប្រធាន​គ​.​ជ​.​ប​.​បាន​ប្រាប់​អ្នកស្រី រ៉ូ​ណា ស្មី​ត ថា គ​.​ជ​.​ប​.​មិនទាន់មាន​លទ្ធភាព​រៀបចំ​ចុះឈ្មោះ​និង​បោះឆ្នោត​នៅក្រៅ​ប្រទេស​ទេ ហើយ​ច្បាប់​ក៏​មិន​អនុញ្ញាត​ដែរ​។ គ​.​ជ​.​ប​.​ក៏មាន​កម្មវិធី​បកប្រែ​ភាសា មានកម្ម​វិធី​ភាសា​កាយវិការ និង​ការអប់រំ​ជា​រូបភាព​សម្រាប់​ជនជាតិដើម​ភាគតិច​មិនចេះ​អក្សរ និង​មិនចេះ​ភាសា​ខ្មែរ​។ គ​.​ជ​.​ប​.​បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​មួយ​សម្រាប់​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ដែល​ធ្វើការ​ទាក់ទង​នឹង​ការបោះឆ្នោត​។​

«​តើ​ការអប់រំ​ជា​អ្វី​ណា៎​។ ការអប់រំ​មិនមែន​ជាការ​ឆ្លៀតឱកាស​ដើម្បី​កេងចំណេញ​ខាង​នយោបាយ​នោះទេ​។ រឿងនេះ​យើង​កំពុងតែ​ធ្វើ​ហើយ ហើយ​ទូលំទូលាយ​ជាងនេះទៀត​»​។​

​លោក ហង្ស ពុទ្ធា បន្តថា ការកំណត់​ចំនួន​បេ​ក្ខ​នារី មិនមែនជា​សមត្ថកិច្ច​រប​ស់គ​.​ជ​.​ប​.​ទេ​។​

​លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាប់ VOA ថា កន្លងមក​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​បង្កើន​តួ​នារី​ស្ត្រី​ទាំង​ថ្នាក់មូលដ្ឋាន​និង​ថ្នាក់ជាតិ​។ តែ​កំណើន​នៅ​ថ្នាក់ជាតិ​មិនបាន​ច្រើន​ដូច​ថ្នាក់មូលដ្ឋាន​ទេ​។ លោក​និយាយថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្កើន​ឲ្យ​ស្ត្រី​មាន​តួនាទី​ពី ២៥% ទៅ​៣០% ហើយ​បេ​ក្ខ​នារី​ដែលមាន​សមត្ថភាព​ស្មើ​បុរស​នឹង​ឋិត​នៅ​លំដាប់​លើ​សម្រាប់​ការបោះឆ្នោត​ខាងមុខ​។​

«​យើង​មាន​ពិសោធន៍​ដែល​ក្នុងនោះ​មាន​អ្នកដឹកនាំ​ជា​ស្ត្រី​ក្នុង​ឃុំ​មួយចំនួន គឺ​ទទួលបាន​ការគាំទ្រ ហើយ​យើង​ឃើញ​ការគ្រប់គ្រង​របស់គាត់​នៅ​មូលដ្ឋាន​នោះ​គឺមាន​ប្រសិទ្ធភាព​គឺ​គាត់​ហ៊ាន​ការពារ ច្បាស់លាស់​ក្នុងតួនាទី​បម្រើ​ប្រជាពលរដ្ឋ​មូលដ្ឋាន​»​។​

​រីឯ​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែងថា​៖

«​លោកស្រី​រ៉ូ​ណា​ស្មី​ត ជា​អ្នករាយការណ៍​ពិសេស​ខាង​សិទ្ធិមនុស្ស​ឲ្យ​អ​.​ស​.​ប​. បែរ​ទៅជា​ចេញ​សម្តី​ឲ្យ​គណបក្ស​កំណត់​កូតា​ស្ត្រី​ឈរ​ជា​បេក្ខជន មានន័យថា លោកស្រី​រ៉ូ​ណា ស្មី​ត ជា​អ្នករំលោភ​សេរីភាព​នយោបាយ​របស់​គណបក្ស​ទាំងស្រុង​។ គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​សិទ្ធិ​ស្វ័យ​សម្រេច​នឹង​ជ្រើសរើស​បេក្ខភាព​អ្នកនយោបាយ​ឈរឈ្មោះ​ជា​បុរស ឬ​ជា​ស្ត្រី​ទៅតាម​ចំនួន ជា​កិច្ចការ​ផ្ទៃក្នុង​របស់​គណបក្ស ហើយ​ចាំមើល​ជាក់ស្តែង​នៅពេលដែល​បញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ចេញ​ជា​ផ្លូវការ បាទ​»​។​

​ទាក់ទង​នឹង​ការចេញ​អត្តសញ្ញាណប័ណ្ណ​ប្រជាជន  កាលពី​ថ្ងៃទី​២៣​ខែកុម្ភៈ លោ​កស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជំរុញ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ទាន់ពេល​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​នេះ​។ លោក​និយាយថា លោក​សង្ឃឹមថា ធ្វើ​ទាន់​។ លោ​កស ខេង​បញ្ជាក់ថា មាន​ប្រជាជន​ជាង​១០​លាន​នាក់​ត្រូវមាន​អត្តសញ្ញាណប័ណ្ណ ហើយ​បច្ចុប្បន្ន​នៅសល់តែ​៣,៦​លាន​ទៀត​ប៉ុណ្ណោះ​ដែល​ក្រសួង​ត្រូវធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់បាន​ព្រមាន​មន្ត្រី​អត្រា​នុ​គោល​ដ្ឋា​ន​ឲ្យ​ព​ន្លឿ​ន​ការធ្វើ​អត្តសញ្ញាណប័ណ្ណ ដែលជា​ភារកិច្ច​របស់ខ្លួន​៕

​សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com