ចិន ជាប្រជាជាតិដែលមានប្រជាជនចម្រុះជាតិសាសន៍រស់នៅ។ ក្រៅតែពីជនជាតិអម្បូរហាន ដែលមានជាង ៩០ ភាគរយនៃចំនួនប្រជាជនសរុប ចិនមានជនជាតិភាគតិចផ្លូវការចំនួន៥៥ផ្សេងទៀតផងដែរ។ ក្រុមជនជាតិភាគតិចទាំង៥៥ដែលសរុបមានប្រមាណ៨ភាគរយនៃប្រជាជនសរុបរស់នៅលើទឹកដីចិន ភាគច្រើនប្រមូលផ្តុំនៅតាមព្រំដែនភាគពាយ័ព្យ ខាងជើង ឦសាន ខាងត្បូង និងនិរតីប្រទេស។
បើតាមទិន្នន័យបង្ហោះដោយស្ថានអចិន្ត្រៃយ៍បេសកម្មចិននៅអង្គការសហប្រជាជាតិ (UN) បច្ចុប្បន្នទឹកដីចិនដ៏ល្វឹងល្វើយមានក្រុមជនជាតិផ្លូវការចំនួន៥៦ក្រុមមានហាន, ម៉ុងហ្គោលី, ហួយ, ទីបេ, វីហ្គ័រ, មៀវ, អ៊ី, ជ័ង, Bouyei, កូរ៉េ, ម៉ាន់ជូ, Dong, Yao, Bai, Tujia, Hani, Kazak, Dai, Li, Lisu, Va, She, Gaoshan, Lahu, Shui, Dongxiang, Naxi, Jingpo, Kirgiz, Tu, Daur, Mulam, Qiang, Blang, Salar, Maonan, Gelo, Xibe, Achang, Pumi, Tajik, Nu, Ozbek, Russian, Ewenki, Deang, Bonan, Yugur, Jing, Tatar, Drung, Oroqen, Hezhen, Moinba, Lhoba និង Jino។
ដោយសារជនជាតិហានជាជនជាតិដែលមានចំនួនច្រើនជាងគេ និងជាជនជាតិដឹកនាំប្រទេសផង ក្រុមជនជាតិទាំង៥៥ទៀតត្រូវបានគេហៅថាជាជនជាតិភាគតិច។ បើយោងតាមទិន្នន័យជំរឿនរបស់ចិនក្នុងឆ្នាំ២០១០ ជនជាតិហានមានចំនួន៩១,៥២ភាគរយនៃចំនួនប្រជាជនសរុប១,៤ពាន់លាននាក់ ខណៈជនជាតិភាគតិចទាំង៥៥ក្រុមមានចំនួន១០៥លាននាក់ដែលស្មើនឹងជាង៨ភាគរយនៃចំនួនប្រជាជនសរុប។
ក្នុងចំណោមជនជាតិទាំង ៥៦ ជនជាតិភាគតិចជ័ង មានចំនួនប្រជាជនច្រើនជាគេបន្ទាប់ពីជនជាតិហាន តាមពីក្រោយជនជាតិហួយ និងម៉ាន់ជូ។ លើសពីនេះដែរ បើទេះបីជាមានចំនួនប្រជាជនតិច ជនជាតិភាគតិចវីហ្គ័របានឈរនៅលំដាប់ទី៥ ដែលមានចំនួនប្រជាជនជាង១០លាននាក់ស្មើនឹងប្រមាណ ០,៧៥ភាគរយនៃចំនួនប្រជាជនសរុប។
យ៉ាងណាមិញ ក្រៅតែពីជនជាតិភាគតិចដែលទទួលជាផ្លូវការដោយរដ្ឋាភិបាល ជនជាតិភាគតិចជាច្រើនក្រុមទៀតកំពុងរស់នៅលើទឹកដីចិនដោយមិនមានការទទួលស្គាល់ពីរដ្ឋាភិបាលផងដែរ៕