ជាតិ
ក្រៅពីសមុទ្រ និងកោះ ​ខេត្តព្រះសីហនុ ក៏មាន ព្រែកទឹកសាប និងសត្វស្លាប ដើម្បី​ទស្សនាកម្សាន្ត​ផងដែរ
12, Feb 2022 , 10:59 pm        
រូបភាព
 រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
ភ្ញៀវទេសចរភាគច្រើនទៅកម្សាន្តនៅខេត្តព្រះសីហនុ​គឺមានបំណងទៅតាមឆ្នេរសមុទ្រ និងកោះនានាជាដើម តែសក្តានុពលទេសចរណ៍ក្នុងខេត្តព្រះសីហនុមិនមែនមានតែប៉ុណ្ណោះទេ ដោយលើសពីនេះ ទេសចរអាចជិះទូកតាមព្រែក មើលព្រៃកោងកាងលិចទឹក និងទស្សនាសត្វស្លាបជាច្រើនប្រភេទនៅ តំបន់ព្រែកទឹកសាប ស្រុកព្រៃនប់។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា រដ្ឋបាលខេត្ត កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសេវាកម្មទេសចរណ៍ ដើម្បីប្រែក្លាយព្រែកទឹកសាបនេះ ទៅជាតំបន់ទេសចរណ៍ព្រៃកោងកាង។

 
តំបន់ព្រែកទឹកសាប ក្នុងឃុំរាម ស្រុកព្រៃនប់ មានរុក្ខជាតិលិចទឹកជាច្រើនដូចជា ដើមកោងកាង ដើមក្រញឹប ដើមស្មាច់ និងដើមចាកជាដើម ហើយរុក្ខជាតិទាំងនោះបានធ្វើជាជម្រករបស់មច្ឆា និងពពួកសត្វស្លាបជាច្រើនទៀត។ ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសេវាកម្មទេសចរណ៍ ដើម្បីប្រែក្លាយព្រែកទឹកសាបនេះ ទៅជាតំបន់ទេសចរណ៍ព្រៃកោងកាង។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ 

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានThmeyThmey25 តាមតេឡេក្រាមថា ព្រៃកោងកាងនៅតំបន់ទឹកសាប មិនត្រឹមដើរតួយ៉ាងសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ី ជាជម្រក ជាកន្លែងរកចំណី និងបង្កាត់ពូជរបស់មច្ឆា និងសត្វស្លាបទេ តែវាជាកន្លែងទាក់ទាញទេសចរផងដែរ។ ទេសចរអាច ជិះទូកមើលព្រៃលិចទឹក​ ហ្វូងសត្វស្លាប និងបរិភោគគ្រឿងសមុទ្រនៅតំបន់នោះ។
 
« ភ្ញៀវទេសចរជាច្រើនបានបង្ហាញការចាប់អារម្មណ៍ និងបាននាំគ្នាជិះទូកទៅកម្សាន្តនៅព្រៃកោងកាង ក្នុងព្រែកទឹកសាបនេះជាច្រើន។ ទេសចរជិះទូកលេងកម្សាន្ត មើលសត្វស្លាប ទេសភាព ដើម្បីបន្ធូរអារម្មណ៍ ។ ដ្បិតយើងល្បីដោយសារឆ្នេរស្អាត កោះតូច ធំ តែរដ្ឋបាលខេត្តក៏ចាប់ផ្ដើមអភិវឌ្ឍ និងផ្សព្វផ្សាយទេសចរណ៍ធម្មជាតិនៅស្រុកព្រៃនប់ជាដើម »។​ នេះបើតាមការរៀបរាប់របស់លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ ។

 រូបភាព ៖ ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ 

បើតាមលោក ឡុង ឌីម៉ង រដ្ឋបាលខេត្តព្រះសីហនុកំពុង​ កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវចូលទៅកាន់តំបន់ព្រែកទឹកសាបនេះ ។ លើសពីនេះមន្ទីរទេសចរណ៍ខេត្តព្រះសីហនុក៏កំពុងរៀបគម្រោងបង្កើតទីតាំងព្រៃលិចទឹកនោះជា តំបន់អេកូទេសចរណ៍ព្រែកទឹកសាប ដើម្បីបង្កើតកន្លែងកម្សាន្តបន្ថែម។
 
គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍ពីក្រសួងបរិស្ថាន ព្រៃកោងកាងក្នុងប្រទេសកម្ពុជាមានចំនួន ៥៨ ៨០០ហិកតា ខណៈព្រៃកោងកាងនៅក្នុងខេត្តកោះកុងមានទំហំ ៤៦ ៥២៩ ហិកតា។ ក្រៅពីនេះនៅព្រះសីហនុមានទំហំ ៩ ៣៥២ ហិកតា កំពតមានទំហំ ១ ៩៦៦ ហិកតា និងខេត្តកែបមានព្រៃកោងកាងទំហំជាង១ពាន់ហិកតា៕
 

Tag:
 ព្រែកទឹកសាប
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com