ជាតិ
ឆ្នាំ២០២១ ត្រដក់តូច១៦សម្បុកនៅដែនជម្រក​កែវសីមា ខេត្តមណ្ឌលគិរី ញាស់បានកូន១៩ក្បាល
13, Feb 2022 , 7:59 am        
រូបភាព
ដោយ:
ត្រដក់តូចចំនួន១៦សម្បុក ញាស់បានកូនចំនួន១៩ សម្រាប់ឆ្នាំ២០២១ ជាក្តីសង្ឃឹម សម្រាប់ការអភិរក្ស ប្រភេទសត្វស្លាបនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី។ ក្រុមការងាររបស់អង្គការសមាគមអភិរក្សសត្វព្រៃ(WCS)  បានលើកឡើងថា នេះជាលើកទី១ ដែលក្រុមការងារ WCS ប្រចាំនៅខេត្តមណ្ឌលគិរី អាចរក្សាសម្បុកសត្វត្រដក់តូចនៅរដូវបន្ដពូជ ​បានដោយជោគជ័យ។

 
លោក សូត្រ វ៉ាន់ឌឿន ជាអ្នកសម្របសម្រួល និងស្រាវជ្រាវសត្វរបស់អង្គការ WCS ប្រចាំខេត្តមណ្ឌលគិរី បាន​ប្រាប់សារព័ត៌មានថ្មីៗ២៥ថា សម្បុកត្រដក់តូច នៅក្នុងដែនជម្រកសត្វព្រៃស្រែពកនៅឆ្នាំ២០២១  ក្រុមការងាររបស់លោក រកឃើញច្រើនបើធៀបឆ្នាំមុនៗ។ ទន្ទឹមការរកឃើញនេះ ក្រុមការងាររបស់អង្គការ WCS បានលើកឡើងថា ឆ្នាំកន្លងទៅ សម្បុកសត្វប្រភេទនេះ តែងរកឃើញប៉ុន្ដែមានចំនួនតិច និងមិនទាន់បានការពារត្រឹមត្រូវ។ 


 រូបភាពដោយ លោក សូត្រ វ៉ាន់ឌឿន 

«​តាមពិតទៅឆ្នាំនេះ ក្រុមការងារយើងអាចរកឃើញ សម្បុកកូនត្រដក់តូច និងអាចការពារបានដោយជោគជ័យ។ សម្បុកត្រដក់តូចនៅឆ្នាំ២០១៨ ពួកយើងរកឃើញ១៤សម្បុក នៅឆ្នាំ២០១៩ រកឃើញ៩សម្បុក និងឆ្នាំ២០២០ រកឃើញ៤ សម្បុក។ ចំណែកឆ្នាំនេះ ឃើញកើនដល់១៦សម្បុក»។ នេះជាការបញ្ជាក់របស់លោក វ៉ាន់ឌឿន។


 រូបភាពដោយ លោក សូត្រ វ៉ាន់ឌឿន 

ទន្ទឹមនឹងដំណឹងរីករាយនេះ លោកនិងក្រុមការងារមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេថា ចំនួនសត្វប្រភេទនេះ កើនឡើងឬថយចុះបាននៅឡើយទេ។ ដោយលោកលើកឡើងថា ចំនួនសម្បុកថ្មីដែលរកឃើញនេះ ត្រឹមជាផ្នែកមួយនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ មួយវិញទៀត ប្រសិនបើមិនទាន់បានរាប់ចំនួនពួកវា នៅក្នុងធម្មជាតិ ក៏មិនអាចសន្និដ្ឋានថា កើន ឬថយចុះបានដែរ។ 


 រូបភាពដោយ អង្គការWCS

អ្នកសម្របសម្រូល និងស្រាវជ្រាវសត្វរបស់អង្គការ WCS បានលើកឡើងថា ក្រុមការងារនិងសហគមន៍ នៅបន្តធ្វើសកម្មភាពរក្សា និងការពារសម្បុកសត្វស្លាបជាបន្ដ ដើម្បីធ្វើយ៉ាងណា អាចការពារ និងអភិរក្សវត្តមានរបស់ពួកវាពីការបរបាញ់ និងការគំរាមកំហែងផ្សេងៗនៅរដូវបន្ដពូជ។
 
«ឆ្នាំនេះ នៅពេលដែលយើងរកឃើញសម្បុករបស់ពួកវាភ្លាម យើងបានរកកម្លាំង ដើម្បីយាមសម្បុកទាំងនោះតែម្ដង។ បន្ទាប់ពីមានការចូលរួមរបស់សហគមន៍ និងក្រុមការងាររបស់អង្គការជាលទ្ធផល យើងរីករាយនឹងទទួល។ ខ្ញុំរីករាយជាមួយវត្តមាន កូនត្រដក់១៩ក្បាលថ្មីនេះ»។ នេះជាការលើកឡើងរបស់លោក វ៉ានឌឿន។
 
សត្វត្រដក់តូច ត្រូវបានកត់ត្រាចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទងាយរងគ្រោះ នៅលើពិភពលោក។ មានការសន្មត់ថា ចំនួនសត្វត្រដក់តូច កំពុងតែថយចុះយ៉ាងខ្លាំង បណ្តាលមកពីកត្តាគំរាមកំហែងផ្សេងៗ ជាពិសេសដោយសារមានការលួចប្រមូលយកពង និងកូនត្រដក់តូច ពីហ្វូងរបស់វា។ ការបាត់បង់ទីជម្រក សម្រាប់ធ្វើសំបុកពងកូន ការផ្លាស់ប្តូរ និងការបាត់បង់តំបន់ដីសើម និងការផ្លាស់ប្តូរ ទៅរកការធ្វើកសិកម្ម តាមបែបប្រពលវប្បកម្ម។ ត្រដក់តូច ក៏ទទួលរងការគំរាមកំហែងផងដែរ តាមរយៈសកម្មភាពដាក់ថ្នាំបំពុលក្នុងទឹក ដើម្បីចាប់ត្រី។
 
ប្រទេសកម្ពុជា គឺជាទីជម្រកមួយរបស់សត្វត្រដក់តូច ដែលនៅលើពិភពលោក មានចំនួនសរុបប្រហែល ៣ ០០០ក្បាល ហើយចំនួននេះកំពុងថយចុះ ទោះបីជាមានវិធានការទប់ស្កាត់ មិនឱ្យចំនួននេះថយចុះ នៅក្នុងតំបន់មួយចំនួនក្តី៕
 
 
 

Tag:
 មណ្ឌលគិរី
  ត្រដក់តូច
  កែវសីមា
© រក្សាសិទ្ធិដោយ thmeythmey.com