ជាតិ
អង្គរជុំ ក្លាយជាស្រុកដំបូងនៅខេត្តសៀមរាប «បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល»
12, Feb 2022 , 6:14 pm        
រូបភាព
អង្គរជុំ ក្លាយជាស្រុកដំបូងគេនៅខេត្តសៀមរាប ដែលបាន «បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល(ODF)» ស្របតាមផែនការយុទ្ធសាស្រ្ត ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០ភាគរយនៅឆ្នាំ២០២៥។

 
លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា ដោយសារមានកិច្ចសហការល្អពីអាជ្ញាធរភូមិ ឃុំ ស្រុក ជាមួយដៃគូអភិវឌ្ឍន៍នានា ស្រុកអង្គរជុំ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការដោយក្រសួងអភិវឌ្ឍន៍ជនបទថា ជាស្រុកដំបូងបំផុតដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ 
 
លោក លើកឡើងបន្ថែមដូច្នេះថា៖« ​ឃុំបានចូលរួមថវិកាមូលនិធិ ក្នុងការចូលរួមចំណែកសាងសង់បង្គន់ និងផ្សព្វផ្សាយពីអនាម័យ។ ឃុំ និងស្រុក បានលើករបៀបវារៈការងារទឹកស្អាត និងអនាម័យ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាប្រចាំខែ ដោយមានការគាំទ្របច្ចេកទេស ពីក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ អង្គការបណ្តុះកុមារ និងអង្គការភ្លែនអន្តរជាតិបានចូលរួម និងផ្សព្វផ្សាយលើកកម្ពស់អនាម័យនៅស្រុក»។


រូបភាពពី Plan International Cambodia  
 
ថ្មីៗនេះ ខេត្តស្វាយរៀង ក៏បានប្រកាសក្លាយជាខេត្តដំបូងគេរបស់កម្ពុជា ដែល«បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល» ខណៈអត្រាអនាម័យ របស់ពលរដ្ឋខេត្តនេះ បានកើនឡើងដល់ ១០០ភាគរយ តាមរយៈការប្រើប្រាស់បង្គន់អនាម័យ ហូបទឹកស្អាត និងលាងដៃជាមួយសាប៊ូ។ 
 
ជាមួយគ្នានេះ កាលពីថ្ងៃទី២កុម្ភៈ ស្រុកអង្គស្នួល ស្រុកកណ្ដាលស្ទឹង ស្រុកខ្សាច់កណ្ដាល និងស្រុកលើកដែក ខេត្តកណ្ដាល ក៏ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ក្លាយជាស្រុកសម្រេចបានការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ផងដែរ៕
 
 
 

Tag:
 បន្ទោបង់
  សុខភាព
  ​អង្គរជុំ
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com