ជាតិ
ចាស់ទុំនៅវត្តអធ្វា បន្តរៀបចំពិធីឡើងអ្នកតា​ ទោះមានការរំខានពីកូវីដ-១៩ក្ដី
13, Feb 2022 , 9:59 am        
រូបភាព
សៀមរាប៖ ពិធីឡើងមាឃ ឬពិធីឡើងអ្នកតា ជាពិធីប្រពៃណីដែលអ្នកស្រុកអង្គរ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន មិនដែលរំលងឡើយ។ អ្នកស្រុកមានជំនឿ មានទម្លាប់រៀបចំពិធីនេះ មិនហ៊ានរំលងឡើយ ដ្បិតបារម្ភនៅមិនសុខមិនស្រួល បើមិនបានរៀបចំតាមទម្លាប់ដែលធ្លាប់ធ្វើកន្លងមក។  រាល់ថ្ងៃ៣កើត ខែមាឃ អ្នកភូមិរស់នៅតំបន់អង្គរ បានរៀបចំពិធីនេះតាមបែបបទ នៅក្នុងតំបន់រៀងៗខ្លួន ដែលខ្លះរៀបចំតូច និងខ្លះធំទៅតាមលទ្ធភាព។


សូមទស្សនាវីដេអូ នៃពិធីឡើងអ្នកតា នៃសហគមន៍ប្រាសាទវត្តអធ្វា ដែលធ្វើឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ៣កើត ខែមាឃ៖


អ្នកភូមិរស់នៅជុំវិញប្រាសាទវត្តអធ្វា ក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក៏បានរៀបចំពិធីនេះដែរ។ ប្រាសាទវត្តអធ្វា ជាគោលដៅសំខាន់ក្នុងការរៀបចំពិធីឡើងអ្នកតា របស់អ្នកភូមិនេះ។ ដូចរាល់ដង ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃ ចាស់ទុំក្នុងភូមិ ហាក់មមាញឹកក្នុងការរៀបចំពិធីពីដូនតាមួយនេះ។ នៅប្រាសាទវត្តអធ្វា អ្នកភូមិមានជំនឿខ្លាំង ទៅលើអ្នកតាមហារាជ្យ និងអ្នកតា មហាជម្ជូ។ អ្នកភូមិជឿថា អ្នកតាទាំងនេះ បានជួយថែរក្សា ឃុំគ្រងអ្នកភូមិឱ្យមានអាហារហូបចុកបរិបូណ៌ និងជួបតែសេចក្ដីសុខសប្បាយ និងតែងជួយពួកគេ រាល់ការបន់ស្រន់ផ្សេងៗ។

ក្នុងបរិបទជំងឺកូវីដ-១៩នេះ អ្នកភូមិបានបន់ស្រន់ដល់អ្នកតាម្ចាស់ស្រុក សូមឱ្យយកជំងឺឆ្លងរាតត្បាតនេះចេញទៅវិញឆាប់ៗ និងសុំឱ្យជួបតែសេចក្ដីសុខចម្រុងចម្រើន ពិសេសការបង្កបង្កើនផលស្រែចម្ការ ឱ្យទទួលបានភោគផលល្អ។ល៕


 

 





 

Tag:
 ពិធីឡើងមាឃ
  ពិធីឡើងអ្នកតា
  ៣កើតខែមាឃ
  មរតកអរូបី
© រក្សាសិទ្ធិដោយ thmeythmey.com