ជាតិ
លោក ថង សាវុន រំពឹងថាគណៈកម្មាធិការអន្តរក្រសួង ធ្វើឱ្យទេសចរណ៍មណ្ឌលគិរីកាន់តែរីកចម្រើន
13, Feb 2022 , 2:59 pm        
រូបភាព
លោក ថង​ សាវុន អភិបាលខេត្តមណ្ឌលគិរី។ រូបភាពទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តមណ្ឌលគិរី
លោក ថង​ សាវុន អភិបាលខេត្តមណ្ឌលគិរី។ រូបភាពទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តមណ្ឌលគិរី
ដោយ:
លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រំពឹងថា គណៈកម្មាធិការដឹកនាំការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ដែលមានសមាភាពមកពីអន្តរក្រសួង នឹងធ្វើឱ្យខេត្តមណ្ឌលគិរី ជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែប្រសើរ។

  

 
បើតាម លោក ថង សាវុន ដែលជាអនុប្រធានគណៈកម្មាធិការដឹកនាំការអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២១-២០៣៥ ដែរនោះ នៅក្នុងផែនការមេនេះ ខេត្តនឹងអភិវឌ្ឍទាំងហេដ្ឋរចនាសម្ព័ន្ធ និងវិស័យដែលពាក់ព័ន្ធនឹងការផ្ដល់សេវាកម្មទេសចរណ៍ ហើយដែលនឹងផ្តល់នូវភាពងាយស្រួលដល់ការកម្សាន្តរបស់ទេសចរជាតិ និងអន្តរជាតិ។
 
«គណៈកម្មាធិការ នឹងអនុវត្តផែនការតាមជាក់ស្ដែង និងបរិបទ។ ខ្ញុំសង្ឃឹមថា យើងនឹងទទួលបានទេសចរ ដែលជាកំណើនសេដ្ឋកិច្ច តាមរយៈឧស្សាហកម្មគ្មានផ្សែង ក្នុងពេលឆាប់ៗ»។ នេះជាការបញ្ជាក់របសលោកអភិបាលខេត្តមណ្ឌលគិរីថ្លែងប្រាប់សារព័ត៌មាន Thmeythmey25។
 
សូមរំឭកថា ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ដែលរដ្ឋាភិបាល អនុម័តឱ្យអនុវត្ត នាខែសីហា ឆ្នាំ២០២១។ ផែនការនេះ ត្រូវបានគេរំពឹងថា ខេត្តភាគឦសានមួយនេះ នឹងអាចទទួលបានភ្ញៀវទេសចរ៣លាននាក់ក្នុងមួយឆ្នាំៗ ដែលនឹងផ្តល់ចំណូល៥០០លានដុល្លារ សម្រាប់ចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ។ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ក៏នឹងបង្កើតការងារដល់ទៅ៨ម៉ឺនកន្លែង សម្រាប់ពលរដ្ឋផងដែរ។


 
កាលពីថ្ងៃទី៩ កុម្ភៈកន្លងទៅ រដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតែងសមាសភាព គណៈកម្មាធិការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ដែលមានសមាភាពប្រធាន អនុប្រធាន និងសមាជិកសរុប២៥នាក់ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា។
 
យោងតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលកម្ពុជា សមាសភាពគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី មានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជាប្រធាន, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអនុប្រធាន។ ចំណែក អនុប្រធាន ២រូបទៀតមាន លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និង លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ចំណែកសមាជិក ១៩នាក់ទៀត គឺមានតួនាទីជាប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាក់ព័ន្ធ ព្រមទាំងអគ្គស្នងការនគរបាលជាតិ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com