ជាតិ
«ជិះក្បូនតាមស្ទឹង» ជាសេវាកម្មទេសចរណ៍ថ្មីនៅផ្ទះស្នាក់ចម្ការព្រៃ ក្នុងស្រុកថ្មបាំង
13, Feb 2022 , 10:59 pm        
រូបភាព
រូបភាពផ្ដល់ឱ្យកញ្ញា ហេង ម៉ាលី ម្ចាស់ផ្ទះស្នាក់ចម្ការព្រៃ​
រូបភាពផ្ដល់ឱ្យកញ្ញា ហេង ម៉ាលី ម្ចាស់ផ្ទះស្នាក់ចម្ការព្រៃ​
ដោយ:
ស្ថិតនៅជាប់មាត់ស្ទឹងក្នុងឃុំជីផាត រមណីយដ្ឋានផ្ទះស្នាក់ចម្ការព្រៃ បានធ្វើក្បូនឫស្សីចំនួន២ សម្រាប់ភ្ញៀវទេសចរដែលស្នាក់នៅទីនោះជិះកម្សាន្ត។ កញ្ញា ហេង ម៉ាលី ម្ចាស់ផ្ទះស្នាក់ចម្ការព្រៃ ដាក់ក្បូនឱ្យភ្ញៀវជិះកម្សាន្តព្រោះវាជាសេវាកម្មទេសចរណ៍ថ្មីមួយដែលទាក់ទាញ។ លើសពីនេះ កញ្ញាក៏ចង់យកមធ្យោបាយដែលខ្មែរប្រើសម្រាប់ធ្វើដំណើរផ្លូវទឹកពីមុនដាក់បម្រើឱ្យវិស័យទេសចរណ៍ ដើម្បីមានរូបរាងឡើងវិញ។

 
ផ្ទះស្នាក់ចម្កាព្រៃជាទីតាំងទេសចរណ៍ថ្មីមួយទៀត ដែលបានលេចរូបរាងឡើងក្នុងសហគមន៍អេកូទេសចរណ៍ជីផាតក្នុងស្រុកថ្មបាំង។ ចម្ការព្រៃ មានសេវាកម្មផ្ទះស្នាក់តម្លៃពី ៦៥ដុល្លារ ដល់១៦៥ដុល្លារ ហើយចម្ការព្រៃក៏មានសេវាកម្មបោះតង់ដែរ។ ដ្បិតតែ ផ្ទះស្នាក់ចម្ការព្រៃ ទើបបង្ហាញសម្រស់បានប្រមាណ៧ខែ តែទីតាំងនេះទទួលបានការគាំទ្រជាច្រើនពីទេសចរ ដែលស្រឡាញ់ធម្មជាតិ និងចូលចិត្តភាពស្ងប់ស្ងាត់។បន្ថែមពីនេះ ការជិះក្បូនតាមស្ទឹង ក្នុងទីតាំងផ្ទះស្នាក់នេះ កំពុងចងចិត្តភ្ញៀវទេសចរឱ្យជ្រើសទៅសម្រាកកម្សាន្តនៅផ្ទះស្នាក់ចម្ការព្រៃ។
 

រូបភាពពីកញ្ញា ហេង ម៉ាលី
 
កញ្ញា ហេង ម៉ាលី ម្ចាស់ផ្ទះស្នាក់ចម្ការព្រៃ ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទថា ដំបូងឡើយ កញ្ញាចង់ស្វែងរកការកម្សាន្តលើទឹកតាមបែបធម្មជាតិ។
បន្ទាប់មក កញ្ញាសម្រេចយកក្បូនមកដាក់ឱ្យភ្ញៀវដែលស្នាក់នៅផ្ទះស្នាក់ចម្ការព្រៃជិះលេងកម្សាន្ត។ កញ្ញាយល់ថា ក្នុងឃុំជីផាតមិនទាន់មានកន្លែងណាយកក្បូនមកដាក់ឱ្យភ្ញៀវជិះលេង។ ដូច្នេះការជិះក្បូន ជាសេវាកម្មទេសចរណ៍ប្លែកដែលអាចទាក់ទាញភ្ញៀវបានច្រើន។
 
កញ្ញា ហេង ម៉ាលី បន្តដូច្នេះ៖ «ខ្ញុំចង់ធ្វើអីរបៀបខ្មែរយើង។ ពីមុនមកខ្មែរយើងភាគច្រើនមានតែក្បូនហ្នឹងសម្រាប់ការធ្វើដំណើរ ។ ម្យ៉ាងទៀតក្បូននេះវាប្លែក ហើយសមជាមួយកន្លែងខ្ញុំ ព្រោះជាទឹកស្ទឹង ។ ក្បូនមួយភ្ញៀវអាច ជិះបាន៤ទៅ៦នាក់។ ការជិះក្បូននេះមិនមានគ្រោះថ្នាក់អ្វីទេ ព្រោះស្ទឹងតូចដែរ ហើយយើងបានចងខ្សែនិងមានអាវពោង។ អ៊ីចឹងភ្ញៀវ អត់ចេះហែលទឹកក៏គាត់អាចជិះលេងបាន »។ 
 
បច្ចុប្បន្នផ្ទះស្នាក់ចម្ការព្រៃទទួលបានការគាំទ្រច្រើនពីភ្ញៀវទេសចរពីទីក្រុង ព្រោះទីនោះមានសភាពស្ងប់ស្ងាត់ទេសភាពធម្មជាតិស្អាត។ ជាមួយគ្នានោះ នៅផ្ទះស្នាក់ចម្ការព្រៃមិនលក់គ្រឿងស្រវឹងនិងមិនអនុញ្ញាតឱ្យភ្ញៀវយកគ្រឿងស្រវឹង និងឧបករណ៍សំឡេងខ្លាំងចូលនោះទេ។
 
ដោយឡែកបើតាមកញ្ញា ម៉ាលី ផ្ទះស្នាក់ចម្ការព្រៃទទួលតែភ្ញៀវកក់ទុកប៉ុណ្ណោះ។ ទេសចរក៏មិនអាចកក់ផ្ទះស្នាក់នេះតាមសហគមន៍អេកូទេសចរណ៍ជីផាតផងដែរព្រោះផ្ទះស្នាក់ចម្ការព្រៃមិនមែនជាសមាជិកសហគមន៍នោះទេ។ យ៉ាងណាមិញ ទេសចរដែលស្នាក់នៅផ្ទះស្នាក់នេះអាចជួលសេវាសហគមន៍សម្រាប់ការដើរកម្សាន្តបាន ៕
 

រូបភាពពី កញ្ញា ហេង ម៉ាលី

 

Tag:
 ចម្ការព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com