ជាតិ
សង្គមជាតិ
ឧកញ៉ាផ្កាយ៣ ឌួង ងៀប ត្រូវឃាត់ខ្លួន
14, Feb 2022 , 10:50 am        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់លោក ឌួង ងៀប
រូបពីទំព័រហ្វេសប៊ុករបស់លោក ឌួង ងៀប
កម្លាំងសមត្ថកិច្ចភ្នំពេញ បានឃាត់ខ្លួនលោក ឌួង ងៀប ដែលជាឧកញ៉ា និងជានគរបាលជាន់ខ្ពស់ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) នៅម៉ោងប្រមាណ៩កន្លះ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ នេះបើតាមការអះអាងរបស់មន្ត្រីនគរបាលភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះ។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ មន្ត្រីនគរបាល ដែលមិនបញ្ចេញឈ្មោះ បញ្ជាក់ថា កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនលោកឧកញ៉ាផ្កាយ៣ ឌួង ងៀប តាមដីកាបង្គាប់របស់តុលាការភ្នំពេញ ពីបទឆបោក។ មន្រ្តីនគរបាលរូបនោះ ថ្លែងដូច្នេះថា៖«ចាប់ភ្លាម យើង បញ្ជូនទៅឲ្យតុលាការភ្លាម»។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រឿងរបស់លោក ឌួង ងៀប បានផ្ទុះខ្លាំងលើបណ្តាញសង្គម បន្ទាប់ពីលោក បានដើរទៅពន្ធនាគារព្រៃស។ លោក ប្រាប់ក្រុមអ្នកកាសែត នៅមុខពន្ធនាគារព្រៃសថា លោក សុខចិត្តដើរចូលពន្ធនាគារដោយខ្លួនឯងតែម្តង ដើម្បីកុំឲ្យតុលាការ ពិបាកក្នុងការហៅលោក ហើយម្យ៉ាងទៀត លោក អស់លុយឲ្យតុលាការហើយ។ លោក រិះគន់តុលាការ ថាគាបលោកយកលុយ។ 

ក្រោយមកបន្តិច តុលាការភ្នំពេញ ក៏ចេញសេចក្តីថ្លែងការណ៍ បំភ្លឺជុំវិញរឿងក្តីរបស់លោក ឌួង ងៀប។ តុលាការ បកស្រាយថា លោក ឌួង ងៀប រងពី «បទឆបោក» និង «បទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។ លោក រងបទចោទទាំង២នេះ តាមពាក្យបណ្តឹងរបស់តៃវ៉ាន់២នាក់ ឈ្មោះ Chih Yu Yen និងឈ្មោះ Yao Ching King។

បើតាមតុលាការ លោក ឌួង ងៀប បានលក់ដី១កន្លែងឲ្យតៃវ៉ាន់ទាំង២នាក់ខាងលើ ក្នុងតម្លៃជាង៧,៣លានដុល្លារ ប៉ុន្តែតាមពិតលោក ឌួង ងៀប ពុំមានដីនោះឡើយ។ តុលាការ បន្តថា ដើម្បីសម្របសម្រួលគ្នា លោក ឌួង ងៀប បានចេញមូលប្បទានបត្រ៣សន្លឹក ដែលមានតម្លៃស្មើនឹងជាង៧,៣លានដុល្លារ ទៅឲ្យតៃវ៉ាន់ទាំង២នាក់ ជាដើមបណ្តឹងវិញ។ តុលាការ បន្ថែមថា នៅពេលតៃវ៉ាន់ទាំង២នាក់ យកមូលប្បទានបត្រ ទៅបើកប្រាក់នៅធនាគារ មូលប្បទានបត្រទាំង៣សន្លឹកនោះ ពុំមានសាច់ប្រាក់ឡើយ។

ចំពោះការចោទប្រកាន់ពីសំណាក់លោក ឌួង ងៀប ថាតុលាការ គៀបលោកយកលុយនោះ ត្រូវតុលាការ អធិប្បាយថា ចៅក្រមស៊ើបសួរ សម្រេចមិនឃុំខ្លួនលោក ដោយតម្រូវឲ្យលោក ដាក់ប្រាក់ជាង៥,៣លានដុល្លារ តម្កល់នៅតុលាការ ដើម្បីធានាដល់ការមិនឃុំខ្លួននេះ។ តុលាការបានឲ្យដឹងថា លោក ឌួង ងៀប ពុំបានតម្កល់ប្រាក់ជាង៥,៣លានដុល្លារនោះទេ។ 

បន្ទាប់មក លោក ឌួង ងៀប បានសរសេរលិខិតជូនទៅលោក តាំង ស៊ុនឡាយ ប្រធានតុលាការភ្នំពេញ ដើម្បីសុំការភ័យទោសចំពោះទង្វើរបស់លោក ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័នតុលាការ។ លោក សារភាពចំពោះប្រធានតុលាការភ្នំពេញថា លោក មានការភាន់ភាំងស្មារតី ដោយសាររងសម្ពាធធ្ងន់ធ្ងរក្នុងគ្រួសារ ទើបបណ្តាលឲ្យធ្វើសកម្មភាពមិនគប្បីបែបនេះ ទៅលើតុលាការ។

«ខ្ញុំបាទ សូមសន្យាថា មិនឲ្យមានសកម្មភាពនេះ កើតជាថ្មីទៀតទេ និងសូមសន្យាចូលរួមគ្រប់កិច្ចនីតិវិធី ចាត់ការរឿងក្តីរបស់សាលាដំបូង ពាក់ព័ន្ធនឹងរូបខ្ញុំបាទ ដោយស្មារតីសុចរិត យុត្តិធម៌ និងគោរពច្បាប់ជាធរមាន»។ នេះជាពាក្យសន្យារបស់លោក ឌួង ងៀប។

យ៉ាងណាក៏ដោយចុះ ការសុំទោស និងការសារភាពកំហុសនេះ ពុំអាចជួយឲ្យលោករួចផុត ពីចំណាត់ការរបស់តុលាការឡើយ។ ដោយមិនបង្អង់យូរ ចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ បានសម្រេចឃុំលោកជាបណ្តោះអាសន្ន ក្រោយបានសួរលោកចប់ នៅព្រឹកថ្ងៃទី១៤កុម្ភៈនេះ៕  

Tag:
 ឌួង ងៀប
© រក្សាសិទ្ធិដោយ thmeythmey.com