ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ ចូលប្រជុំ លើកលែងតែមីយ៉ាន់ម៉ា ដែលមិនទាន់ផ្តល់ដំណឹង
14, Feb 2022 , 1:24 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានឆ្នាំ២០២២
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានឆ្នាំ២០២២
រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសចំនួន៩ ក្នុងតំបន់អាស៊ាន នឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន ដោយលើកលែងតែរបបយោធាមីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលមិនទាន់ផ្តល់ដំណឹងថា បញ្ជូនតំណាង ឲ្យចូលរួមប្រជុំឬក៏អត់ ខណៈកិច្ចប្រជុំនេះ នៅសល់តែ១ថ្ងៃទៀត នឹងមកដល់។ នេះបើតាមព័ត៌មានពីលោក ជុំ សុន្ទរី អ្នកនាំពាក្យការបរទេសកម្ពុជា។



លោក ជុំ សុន្ទរី ប្រាប់សារព័ត៌មានថ្មីៗតាមបណ្តាញតេឡេក្រាមថា៖«សមាជិកអាស៊ានទាំងអស់ នឹងចូលរួមប្រជុំ លើកលែងតែមីយ៉ាន់ម៉ា ដែលយើង មិនទាន់ទទួលបានការបញ្ជាក់»។ បើតាមអ្នកនាំពាក្យរូបនេះ រដ្ឋមន្រ្តីការបរទេសនានា នឹងមកចូលរួមប្រជុំដោយផ្ទាល់នៅកម្ពុជា ដោយលើកលែងតែរដ្ឋមន្រ្តីការបរទេសព្រុយណេ និងរដ្ឋមន្រ្តីការបរទេសថៃ ដែលនឹងចូលរួមតាមប្រព័ន្ធអនឡាញ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងប្រព្រឹត្តទៅនៅភ្នំពេញរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជា ជាអ្នករៀបចំកិច្ចប្រជុំនេះ។

គួរដឹងថា កម្ពុជា អញ្ជើញតំណាងរបបយោធាមីយ៉ាន់ម៉ាត្រឹមកម្រិតមិនមែននយោបាយប៉ុណ្ណោះ ឲ្យចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន ដោយពុំបានអញ្ជើញដល់រដ្ឋមន្រ្តីការបរទេសនៃរបបយោធានេះ ឲ្យចូលរួមកិច្ចប្រជុំនោះទេ។ ការមិនអញ្ជើញរដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ឲ្យចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន គឺដោយសារកម្ពុជា ពិនិត្យឃើញថា របបយោធាមីយ៉ាន់ម៉ា អនុវត្តបានតិចតួចពេកនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច ដែលអាស៊ានដាក់ចេញ។

កិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច រួមមាន ទី១ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ ត្រូវរក្សាភាពអត់ធ្មត់ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន ទី៥ បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។

កាលពីព្រុយណេធ្វើជាប្រធានអាស៊ានឆ្នាំ២០២១ រដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ក៏ពុំត្រូវបានអញ្ជើញឲ្យចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានដែរ ដោយរបបយោធាមីយ៉ានម៉ា ទទួលបានការអញ្ជើញត្រឹមជាតំណាងមិនមែនកម្រិតនយោបាយប៉ុណ្ណោះ។ កាលនោះ របបយោធាមីយ៉ាន់ម៉ា ពុំបានបញ្ជូនតំណាង ទៅចូលរួមប្រជុំតាមការអញ្ជើញរបស់ព្រុយណេនោះទេ។

ព័ត៌មាន ដែលផ្សាយលើគេហទំព័ររបស់អាស៊ាន បានឲ្យដឹងថា នៅថ្ងៃទី១៥កុម្ភៈ រដ្ឋមន្រ្តីការបរទេស និងគណៈប្រតិភូនៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន នឹងចាប់ផ្តើមចេញដំណើរមកកាន់កម្ពុជា ហើយកិច្ចប្រជុំផ្លូវការ នឹងចាប់ផ្តើមចាប់ពីម៉ោង៩ព្រឹក ថ្ងៃទី១៦កុម្ភៈទៅ។ នៅថ្ងៃទី១៨កុម្ភៈ គណៈប្រតិភូបរទេស នឹងរៀបចំចាកចេញពីកម្ពុជាវិញ៕

Tag:
 កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com