ជាតិ
សង្គមជាតិ
គ្រូពេទ្យឯកជនម្នាក់នៅស្រុករំដួល ត្រូវឃាត់ខ្លួន ក្រោយចាក់ថ្នាំឲ្យក្មេងប្រុស ហើយក្មេងប្រុសនោះក៏ស្លាប់
14, Feb 2022 , 6:00 pm        
រូបភាព
រូបពីគណនីហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលស្រុករំដួល
រូបពីគណនីហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលស្រុករំដួល
ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ នៅស្រុករំដួល ខេត្តស្វាយរៀង បានបាត់បង់ជីវិត ក្រោយទទួលការចាក់ថ្នាំពីលោកគ្រូពេទ្យឯកជនម្នាក់វ័យ៣៦ឆ្នាំ។ លោកវរសេនីយ៍ទោស សូ អាត អធិការរងស្រុករំដួល អះអាងថា គ្រូពេទ្យ បានចាក់ថ្នាំឲ្យក្មេងប្រុស នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ហើយក្មេងប្រុស បានបាត់បង់ជីវិត ក្នុងថ្ងៃចាក់ថ្នាំនោះតែម្តង។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកអធិការរង សូ អាត បានបញ្ជាក់ថា៖«ក្មេង មានជំងឺ ឈឺពោះ និងបានទៅចាក់ថ្នាំ ហើយក្មេង ពិតជាបានស្លាប់មែន តែបើថាស្លាប់ដោយសារចាក់ថ្នាំ ឬក៏អត់នោះ ខ្ញុំ មិនហ៊ានសន្និដ្ឋានទេ ទាល់តែសួរខាងបច្ចេកទេសគេ»។ បើតាមលោកអធិការរងរូបនេះដដែល មន្រ្តីអធិការដ្ឋាននគរបាលស្រុករំដួល បានបញ្ជូនសំណុំរឿង និងគ្រូពេទ្យនោះ ទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងហើយ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីបន្តនីតិវិធី។

លោកវេជ្ជបណ្ឌិត កែវ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ក្រុមការងារជំនាញ កំពុងចុះទៅស្រាវជ្រាវករណីខាងលើ។ លោក ផ្តល់ព័ត៌មានបឋមដូច្នេះថា៖«គាត់ ជាគិលានុបដ្ឋាក ហើយគាត់ បើកបន្ទប់ថែទាំអ្នកជំងឺ គាត់ ទើបនឹងបើក។ សញ្ញាបត្រ គាត់មាន»។

ចំពោះព័ត៌មានលម្អិតផ្សេងទៀត លោកប្រធានមន្ទីរសុខាភិបាល ប្រាប់ឲ្យរង់ចាំការរាយការណ៍ពីក្រុមការងារជំនាញសិន៕

Tag:
 សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com