ជាតិ
​​​ន​យោ​បាយ​ជាតិ​
បណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាន ចាប់ផ្តើមធ្វើដំណើរមកកម្ពុជាហើយ
15, Feb 2022 , 3:19 pm        
រូបភាព
លោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសសិង្ហបុរី មកដល់ព្រលានយន្តហោះភ្នំពេញ។ រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងការបរទេសកម្ពុជា
លោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសសិង្ហបុរី មកដល់ព្រលានយន្តហោះភ្នំពេញ។ រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងការបរទេសកម្ពុជា
ដោយ: ថ្មីៗ
រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន បានដឹកនាំគណៈប្រតិភូរៀងៗខ្លួន ធ្វើដំណើរមកកាន់កម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃស្អែក។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងការបរទេសកម្ពុជា ក្នុងចំណោមរដ្ឋមន្រ្តីការបរទេសទាំងនោះ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី និង រដ្ឋមន្រ្តីការបរទេសឡាវ បានមកដល់កម្ពុជាហើយ។


 
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន នឹងប្រព្រឹត្តទៅជាផ្លូវការ នៅរាជធានីភ្នំពេញ ចាប់ពីម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈទៅ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយផ្ទាល់ផង និងតាមប្រព័ន្ធអនឡាញផង។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី១៤ ខែកុម្ភៈថា មានតែរដ្ឋមន្រ្តីការបរទេសថៃ និងរដ្ឋមន្រ្តីការបរទេសព្រុណេប៉ុណ្ណោះ ដែលចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ។  
 
រដ្ឋមន្រ្តីការបរទេសទាំងអស់ក្នុងតំបន់អាស៊ាន បានសម្រេចចិត្តចូលរួមក្នុងកិច្ចប្រជុំនេះ ដោយលើកលែងតែរបបយោធាមីយ៉ាន់ម៉ា ដែលមិនបញ្ជូនតំណាងឲ្យចូលរួមប្រជុំ។ កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ និងជាអ្នករៀបចំកិច្ចប្រជុំនេះ បានអញ្ជើញតំណាងកម្រិតមិនមែននយោបាយនៃរបបយោធាមីយ៉ាន់ម៉ា ឲ្យចូលរួមប្រជុំ ដោយពុំបានអញ្ជើញដល់រដ្ឋមន្រ្តីនៃរបបយោធានេះឡើយ។ ការណ៍ដែលរបបយោធាមីយ៉ាន់ម៉ា អនុវត្តអនុសាសន៍ទាំង៥ចំណុចរបស់អាស៊ាន បានតិចតួច គឺជាហេតុផល ដែលកម្ពុជា សម្រេចចិត្តមិនអញ្ជើញរដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា។ 
 
គេ គួរនឹកឃើញថា កាលពីព្រុយណេធ្វើជាប្រធានអាស៊ានឆ្នាំ២០២១ រដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ក៏ពុំបានបញ្ជូនតំណាង ឲ្យទៅចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន តាមការអញ្ជើញរបស់ព្រុយណេដែរ៕ 

Tag:
 កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com