ជាតិ
សត្វផ្សោតមួយក្បាលចុងក្រោយនៅអន្លង់ឈើទាលបានងាប់ ខណៈសហគមន៍បារម្ភគ្មានទេសចរ
16, Feb 2022 , 11:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ សត្វផ្សោតមួយក្បាលចុងក្រោយ នៅអន្លង់ឈើទាល ខេត្តស្ទឹងត្រែង បានបាត់បង់ជីវិតហើយ ក្រោយវាមានរបួសដោយសារជាប់មងនៅផ្នែកកន្ទុយ នាអំឡុងខែមករាកន្លងទៅ។ សពសត្វផ្សោតនេះ ត្រូវបានប្រទះឃើញ កាលពីថ្ងៃទី១៥ ខែកុម្ភៈ នៅចំណុចកោះល្ង ក្នុងឃុំព្រះរំកិល ខេត្តស្ទឹងត្រែង។


 
មុនបាត់បង់ជីវិត សត្វផ្សោតតែមួយក្បាលនៅអន្លង់ឈើទាល ខេត្តស្ទឹងត្រែងនេះ បានស្រកទម្ងន់ពី២០០គីឡូក្រាម មកនៅសល់ត្រឹមតែ១០០គីឡូក្រាមប៉ុណ្ណោះ ក្រោយវាមានរបួសនៅផ្នែកកន្ទុយដោយសារជាប់មង នាអំឡុងខែមករា ឆ្នាំ២០២២។ សពរបស់វា ត្រូវបានឆ្មាំទន្លេប្រទះឃើញអណ្ដែត នៅលើផ្ទៃទឹក ត្រង់ចំណុចកោះល្ង ក្នុងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ 
 
លោក ស្រី សមវិចិត្រ ប្រធានខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង សោកស្តាយជាខ្លាំងពីដំណឹងបាត់បង់ជីវិតសត្វផ្សោតតែមួយក្បាលចុងក្រោយ នៅអន្លង់ឈើទាលនេះ។ លោក ស្រី សមវិចិត្រ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ក្រោយដឹងថាសត្វផ្សោតនេះមានរបួសព្រោះជាប់មង ក្រុមការងារ និងពលរដ្ឋ ក៏មានបំណងព្យាបាលរបួស ដោយការកាត់មងចេញពីកន្ទុយរបស់វាដែរ ប៉ុន្តែអ្នកជំនាញបារម្ភថា វិធីសាស្ត្រនេះ នឹងធ្វើឱ្យសត្វផ្សោតថប់អារម្មណ៍ ហើយបង្កគ្រោះថ្នាក់ដល់វាទៅវិញ។ ម្យ៉ាងទៀតរាល់អន្តរាគមន៍សង្គ្រោះសត្វផ្សោតមួយក្បាលនេះ ទាមទារមានការសហការ ឬឯកភាពពីភាគីឡាវ ព្រោះផ្សោតនេះ មានវត្តមាននៅចំណុចព្រំដែនរវាងកម្ពុជា និងឡាវ។ 
 
«ផ្សោតនេះ បើសិនជាកម្មសិទ្ធិរបស់កម្ពុជាតែមួយ យើងស្រួលគិត តែវាមិនមែន។ និយាយទៅគ្រប់សកម្មភាពដែលត្រូវធ្វើ សុទ្ធតែត្រូវមានការព្រមព្រៀងគ្នា ទើបអាចដំណើរការ។ ចំពោះផ្សោតនេះ សម្រាប់កម្ពុជាត្រូវបានចាត់ទុកជាធនធានដ៏កម្រ។ ឯចំពោះប្រជាជនឡាវ ក៏មិនខុសគ្នាដែរ។ ដូច្នេះមុនធ្វើអ្វីត្រូវប្រយ័ត្នបំផុត»។ ប្រធានខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង ពន្យល់បន្ថែមដូច្នេះ។
 
លោក ដន់ បាន់ ជាឆ្មាំទន្លេ និងជាមេភូមិអន្លង់ស្វាយ។ គាត់ក៏ជាអ្នកដែលបានប្រទះឃើញសពសត្វផ្សោតដ៏កម្រនេះដែរ។ តាមពិតទៅ លោក ដន់ បាន់ បានសន្និដ្ឋានទុកហើយថា សត្វផ្សោតនេះ នឹងមិនអាចរស់បានយូរនោះទេ ដោយសារជាប់មងនៅកន្ទុយរបស់វា។ បើទោះជាយ៉ាងនេះក្តី មេភូមិអន្លង់ស្វាយ សោកស្តាយពន់ពេក ព្រោះវាជាផ្សោតតែមួយក្បាលគត់ នៅតំបន់នេះ។ លោក ដន់ បាន់  រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះ៖ «វាងាប់ហើយ! ស្ដាយហួសពីស្ដាយ ព្រោះនេះជាផ្សោតតែមួយគត់ចុងក្រោយ ដែលមាននៅក្នុងតំបន់នេះ។ អស់ហើយពេលនេះ»។


រូបភាពដោយ លោក ដន់ បាន់
 
ទន្ទឹមនឹងការសោកស្តាយ លោកមេភូមិអន្លង់ស្វាយក៏ ក៏ព្រួយបារម្ភថា អវត្តមានសត្វផ្សោតនេះ នឹងប៉ះពាល់ដល់លំហូរទេសចរទៅកាន់តំបន់របស់ខ្លួន។ កង្វល់មួយទៀតរបស់ប្រធានភូមិរូបនេះ គឺខ្លាចថាដៃគូនឹងដកគម្រោងការពារ និងអភិរក្សនៅក្នុងតំបន់នេះចេញ ដែលនឹងប៉ះពាល់ដល់មិនត្រឹមតែជីវភាពប្រជាសហគមន៍នោះទេ ប្រភេទត្រីមេពូជ និងត្រីកម្រនៅក្នុងតំបន់ ក៏ប្រឈមនឹងគ្រោះថ្នាក់ដែរ។ លោក ដន់ បាន់ រៀបរាប់ពីកង្វល់របស់ខ្លួនដូច្នេះ៖ «ពីមុននៅមានផ្សោត ទេសចរភាគច្រើនចូលមកលេង តែនៅពេលអស់ពួកវា តើមានភ្ញៀវប៉ុន្មានដែលមកទីនោះ។ ភ្ញៀវធ្លាក់ចុះ ចំណូលបាត់បង់។ ការណ៍នេះ ធ្វើឱ្យពលរដ្ឋលំបាក។ មួយវិញទៀតខ្ញុំពិតជាខ្លាចណាស់ថា នៅពេលអស់ផ្សោត គម្រោងការពារ និងអភិរក្សនៅក្នុងតំបន់នេះ អាចត្រូវដកចេញ នោះនឹងក្លាយជាក្តីកង្វល់ធំបំផុត។ ប្រភេទត្រីមេពូជ និងត្រីកម្រនៅក្នុងតំបន់ ពិតជាត្រូវបាត់បង់។ ជាតំបន់ដែលសម្បូរត្រី តែងតែល្បី នឹងត្រូវសាបសូន្យ»។
សត្វផ្សោតក្នុងតំបន់អន្លង់ឈើទាល នៅឆ្នាំចាប់ពីឆ្នាំ២០១៨មក ត្រូវបានបាត់បង់ជាបន្តបន្ទាប់ រហូតឈានដល់ពេលចុងក្រោយ គឺនៅឆ្នាំ២០២២នេះ។
 
ករណីដាច់ពូជរបស់សត្វផ្សោតនៅក្នុងអន្លង់ឈើទាល នៅក្នុងខេត្តស្ទឹងត្រែងនេះ ភាគច្រើនដោយសារករណីជាប់មងប្រជានេសាទ។ បើតាមការសិក្សាស្រាវជ្រាវចាប់ពីឆ្នាំ២០១៨ សល់ត្រឹម ៣ក្បាលប៉ុណ្ណោះ។ នៅឆ្នាំ២០២១ នៅសល់តែ១ក្បាល។ នៅឆ្នាំ២០២២នេះជាឆ្នាំដែលវត្តមានសត្វផ្សោតត្រូវដាច់ពូជ នៅក្នុងតំបន់នេះ។ 

ទីតាំងដែលក្ដៅគគុកសម្រាប់ការនេសាទ និងប្រព្រឹត្តបទល្មើសនេសាទ
 
បទល្មើសនេសាទនៅដែនទឹកកម្ពុជា និងឡាវ បានក្លាយជារនាំងដ៏គ្រោះថ្នាក់បំផុត សម្រាប់ផ្សោត ត្រីមេពូជ រួមជាមួយត្រីប្រភេទកម្រផ្សេងៗ ខណៈលោក ដន់ បាន់ អះអាងថា អាជ្ញាធរតាមតំបន់នីមួយៗ ហាក់មិនសូវចាប់អារម្មណ៍ ចូលរួមក្នុងកិច្ចការពារ និងថែរក្សាធនធាន និងជីវៈចម្រុះឡើយ។ បើតាម លោក បាន់ តំបន់ប្រឈមខ្លាំងសម្រាប់ការនេសាទ និងបទល្មើស រួមមានទីតាំងដូចជាភូមិលើ ស្ថិតក្នុងឃុំព្រះរំកិល, អន្លង់កោះកប្បាស, អន្លង់ចេក, អន្លង់ដែក, អន្លង់គោល ០៣០, អន្លង់ត្រីប្រមា, អន្លង់ឈើទាល, អន្លង់កោះល្ងទាំងលិច និងកើត, ក្បាលកោះបន្ទាយ និងអន្លង់មរតក។ 


រូបភាពផ្សោត ៣៥ ពេលនៅរស់  រូបភាពដោយ លោក ដន់ បាន់
 
លោក ដន់ បាន់ បន្តដោយទទូចឱ្យ អាជ្ញាធរនៅតំបន់ផ្សេងសហការក្នុងកិច្ចការការពារ និងអភិរក្សនេះ ហើយខ្នះខ្នែងក្នុងការទប់ស្កាត់បទល្មើសនេសាទនានាដែលកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ «ខ្ញុំចង់ឱ្យទាំងអស់គ្នា ចេះស្ដាយស្រណោះធនធានដែលនៅមាន ចូលរួមថែ កុំចាំពេលអស់ទើបនាំគ្នាស្ដាយ។ បើជាអាជ្ញាធរ ដែលមានដែនភារកិច្ចគួរតែណែនាំ មិនគួរកាន់ជើង ជនបង្កបទល្មើស ដើម្បីតែផលប្រយោជន៍ខ្លួននោះទេ»។ នេះជាសំណូមពររបស់លោក ដន់ បាន់ មេភូមិអន្លង់ស្វាយ។
 
ជុំវិញបញ្ហានេះ លោក សេង ទៀក នាយកអង្គការ WWF ប្រចាំកម្ពុជា បានលើកឡើងថា ក្រៅពីផ្សោត នៅទីតាំងនោះ នៅមានប្រភេទត្រី ដែលគួរតែត្រូវបានយកចិត្តទុកដាក់ការពារ និងអភិរក្ស។ នាយកអង្គការ WWF ប្រចាំកម្ពុជា ក៏មិនចង់ឃើញប្រភេទត្រីកម្រៗ មច្ឆជាតិ ឬសត្វរស់នៅក្នុងទឹកផ្សេងទៀត មានវាសនាដូចសត្វផ្សោតមួយក្បាលចុងក្រោយនៅក្នុងតំបន់នេះឡើយ។ លោក សេង ទៀក លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមគ្នារកដំណោះស្រាយ ឬច្រកចេញ សម្រាប់ការអភិរក្សបន្ត  ដើម្បីស្តារធនធានកម្រនៅក្នុងធម្មជាតិ។ 
 
«ផ្សោតនៅក្នុងអន្លង់ឈើទាលនឹងដាច់ពូជ ព្រោះវាមើលមិនឃើញវិធីសាស្រ្តស្ដារឡើងវិញទេ។ តើសួរថាយើងនៅមានអ្វី ដែលយើងត្រូវបារម្ភបន្ទាប់ពីនោះ។ ពិតមែនហើយ នៅទីនោះមានត្រីកម្រច្រើនណាស់ ដែលគួរតែត្រូវយកចិត្តទុកដាក់ និងថែបន្ត ដើម្បីជៀសពីដំណាក់កាលចុងក្រោយដូចជាផ្សោត»។ នេះជាការលើកឡើង របស់លោកសេង ទៀក។ 
 
ជុំវិញការងារការពារ និងអភិរក្ស លោក ស្រី សមវិចិត្រ ប្រធានខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង និងជាកម្លាំងជលផលដែលធ្វើការក្នុងតំបន់អន្តរភាគី ចង់ឱ្យមានការសហការបន្ថែមទៀតដែរពីភាគីឡាវ ព្រោះរាល់កិច្ចអន្តរាគមន៍ ត្រូវមានការចូលរួមទាំងសងខាងដើម្បីប្រយោជន៍រួម។ 
 
លោក ស្រី សមវិចិត្រ លើកឡើងដូច្នេះ៖ «ការងារខ្លះ យើងចង់ធ្វើលឿន តែវាមិនអាចទៅរួច។ ក្តីបារម្ភមានច្រើន បើចង់ដោះស្រាយ គឺត្រូវចូលរួមថែរក្សាមិនមែនតែកម្ពុជាទេ ខាងភាគីឡាវក៏ដូចគ្នា។ បើមិនចង់បាត់បង់ ត្រូវចូលរួមសាមគ្គីគ្នាថែ»៕


រូបភាពពេលប្រទះសព្វផ្សោតថ្ងៃទី១៥ ខែកុម្ភៈ  រូបភាពដោយ លោក ដន់ បាន់

 

Tag:
 ផ្សោត
  អន្លង់ឈើទាល
© រក្សាសិទ្ធិដោយ thmeythmey.com