ជាតិ
មន្ទីរកសិកម្មខេត្តសៀមរាប ជំរុញកសិករឱ្យបង្កាត់ពូជគោបែបសិប្បនិមិ្មតដើម្បីបំពេញតម្រូវការទីផ្សារ
16, Feb 2022 , 7:59 pm        
រូបភាព
កសិករមួយចំនួននៅខេត្តសៀមរាប បានងាកមកបង្កាត់ពូជគោបែបសិប្បនិម្មិតវិញ ដើម្បីបំពេញតម្រូវការសាច់គោ ដែលកំពុងកើនឡើង។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា បច្ចុប្បន្នការចិញ្ចឹមគោមានលក្ខណៈពាណិជ្ជកម្មច្រើន ដូច្នេះការបង្កាត់ពូជគោបែបសិប្បនិមិ្មតនេះ បានផ្ដល់ភាពងាយស្រួល និងពូជគោសាច់សុទ្ធ ដែលអាចលក់បានតម្លៃថ្លៃ។

 
លោក ទា គឹមសុទ្ធ បានប្រាប់សារព័ត៌មានថ្មី២៥ នៅថ្ងៃទី១៥ខែកុម្ភៈថា ដោយសារតែតម្លៃ និងតម្រូវការសាច់គោកើនឡើង បានធ្វើឱ្យកសិករនៅខេត្តសៀមរាបមួយចំនួន ផ្លាស់ប្ដូរការបង្កាត់ពូជគោតាមបែបធម្មជាតិ ទៅបង្កាត់បែបសិប្បនិម្មិតវិញ ដើម្បីបំពេញតម្រូវការទីផ្សារ។ លោក បន្តថា ការបង្កាត់បែបសិប្បនិម្មិតនេះ គឺធ្វើតាមរយៈស្ពែមដែលនាំចូលពីប្រទេសជិតខាង ដោយមានពូជគោល្អៗជាច្រើនប្រភេទដូចជាប្រាម៉ាន់ ស៊ីម៉េនតែលជាដើម។ 
 
លោក ទា គឹមសុទ្ធ ប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖ «ការបង្កាត់ពូជគោសិប្បនិម្មិតនេះ គឺទទួលបានពូជសុទ្ធល្អ ទោះមិនបាន១០០ភាគរយ ក៏វាសុទ្ធជាងការបង្កាត់ធម្មជាតិ ហើយលឿនជាង។ និយាយទៅការបង្កាត់បែបនេះ មានលក្ខណៈល្អ ព្រោះជាទូទៅបើកសិករយើង យកទៅដាក់មេ ក៏នៅតែអស់លុយដែរ ហើយខ្លះបានកូនអត់ល្អទៀត។ អ៊ីចឹងធ្វើឱ្យគាត់ខាតពេលវាលា និងសេដ្ឋកិច្ច»។ លោកបញ្ជាក់បន្ថែមថា ពូជគោប្រាម៉ាន់ មានទម្ងន់ចន្លោះពី៦០០-៨០០គីឡូក្រាម និងអាចមានតម្លៃ ៥ពាន់ដុល្លារ ក្នុងមួយក្បាល។ 


រូបភាពពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
 
លោក យឹម សុវណ្ណ អ្នកចិញ្ចឹមមេគោ១០ក្បាល និងជាអ្នកជំនាញបង្កាត់ពូជគោសិប្បនិម្មិត នៅសង្កាត់គោកចក ក្រុងសៀមរាប។ កសិកររូបនេះ បានឱ្យដឹងដែរថា លោកបានចាប់ផ្ដើមបង្កាត់ពូជគោសិប្បនិម្មិត តាំងពីឆ្នាំ២០១៩ ហើយរហូតមកដល់ពេលនេះ បង្កើតបានកូនជាង២០០ក្បាល ទូទាំងខេត្តសៀមរាប។ 
 
លោក យឹម សុវណ្ណ បន្តប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា ការបង្កាត់ពូជគោសិប្បនិម្មិត មានសារៈប្រយោជន៍ច្រើន ជាងការបង្កាត់តាមបែបធម្មជាតិ ដោយមានសាច់ច្រើន ធំធាត់លឿន និងធនជាមួយអាកាសធាតុ។ បច្ចុប្បន្ន ការបង្កាត់ពូជគោដោយស្ពែម កំពុងពេញនិយមនៅខេត្តសៀមរាប ខណៈស្ពែមមានតម្លៃចន្លោះពី៥០ ទៅ១០០ដុល្លារ តាមប្រភេទពូជផ្សេងៗគ្នា។ 
 
លោក យឹម សុវណ្ណ ប្រាប់ដូច្នេះថា៖«ការបង្កាត់សិប្បនិម្មិត មានលក្ខណៈងាយស្រួល ដោយយើងទៅបង្កាត់ដល់ផ្ទះ ឬកសិដ្ឋានរបស់គាត់ (កសិករ)បាន  ហើយគាត់ទទួលបានពូជល្អ។ សព្វថ្ងៃហ្នឹង គេពេញនិយមបង្កាត់ពូជប្រាម៉ាន់ និងឥណ្ឌូប្រេស៊ីល ដែលមានសាច់ច្រើន និងធំធាត់លឿន។ ជាក់ស្ដែង ពួកគាត់ទទួលការបង្កាត់សិប្បនិម្មិតច្រើន ដោយសារអ្នកចិញ្ចឹមគោភាគច្រើន នៅតាមជួរភ្នំ ឬជនបទឆ្ងាយៗ។ អ៊ីចឹងគេហៅខ្ញុំទៅបង្កាត់ផ្ទាល់»។ 
 
បើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីថ្ងៃទី២៥ កក្ដដា ឆ្នាំ២០២១ ការបង្កាត់សិប្បនិម្មិតគោ និងក្របី គឺជាបច្ចេកទេសមួយ ដែលត្រូវបានគេអនុវត្តជាសកល ក្នុងឧស្សាហកម្មចិញ្ចឹមគោយកសាច់ និងទឹកដោះ ដោយសារបច្ចេកទេសនេះ បានផ្តល់ផលប្រយោជន៍ជាច្រើនដូចជា បង្កើនចំនួនសត្វបានច្រើន និងលឿន (កូនគោកើតមួយឆ្នាំ១ក្បាល)។ ជាមួយគ្នានេះ វាក៏រួមចំណែកពង្រីកការរីកសាយភាយពូជគោល្អ បានទូលំទូលាយ សុវត្ថិភាពក្នុងអំឡុងពេលប្រតិបត្តិ កាត់បន្ថយនិងគ្រប់គ្រងការឆ្លងជំងឺសត្វ (ពីបា ទៅមេ) ការបង្កាត់មានប្រសិទ្ធភាព (អត្រាជាប់ខ្ពស់) ម្ចាស់សត្វអាចធ្វើកំណត់ហេតុ បានច្បាស់ (ថ្ងៃបង្កាត់ និងថ្ងៃកើតកូន) កែលម្អពូជ និងសេនេទិកបានទូលំទូលាយ ចំណេញពេល និងងាយស្រួល ក្នុងការដឹកជញ្ជូនទឹកមេជីវិត។ 
 
ជាមួយគ្នានេះ លោក ទា គឹមសុទ្ធ បានផ្សព្វផ្សាយ និងជំរុញឱ្យកសិករដែលចិញ្ចឹមគោ ងាកមកបង្កាត់បែបសិប្បនិមិ្មតវិញ ក្នុងគោលដៅបង្កើនផលិតកម្មគោសាច់ តាមតម្រូវការទីផ្សារ និងមានតម្លៃខ្ពស់៕ 


រូបភាពពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម 

 

Tag:
 ទា គឹមសុទ្ធ
  ពូជគោសិប្បនិមិ្មត
© រក្សាសិទ្ធិដោយ thmeythmey.com