ជាតិ
សហគមន៍ទេសចរណ៍ព្រៃធំពពេល ប្រើប្រាស់ស្លឹកឈូក និងស្លឹកចេកខ្ចប់អាហារ ដើម្បីកាត់បន្ថយប្លាស្ទិក
17, Feb 2022 , 8:59 am        
រូបភាព
ដោយ:
សហគមន៍អេកូទេសចរណ៍ព្រៃធំពពេល បានប្រើប្រាស់ស្លឹកឈូក ស្លឹកចេក និងសម្ភារៈប្រើប្រាស់ឡើងវិញ សម្រាប់ខ្ចប់អាហារ ឱ្យអ្នកទេសចរ ជំនួសថង់ប្លាស្ទិក ឬប្រអប់ស្នោ ។ ការធ្វើបែបនេះ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងរក្សានិរន្តរភាពទេសចរណ៍ធម្មជាតិ។


 
សហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេល ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាបមានសក្តានុពលធម្មជាតិជាច្រើន ដូចជាដើមឈើធំ តូច កេសកូលព្រៃ ផ្ទាំងថ្មធំៗនិងទឹកធ្លាក់ជាដើម។ ទេសចរទៅកម្សាន្តនៅទីនោះ អាចបោះតង់សម្រាកក្នុងព្រៃស្ដាប់សំឡេងសត្វ ងូតទឹកធ្លាក់ និងចំណាយពេលជាមួយធម្មជាតិ។
 
បន្ថែមពីសក្តានុពលទេសចរណ៍ទាំងនោះ ប្រជាសហគមន៍ព្រៃធំពពេល កំពុងជំរុញ និងប្រើប្រាស់របស់ធម្មជាតិ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ លោក លាស់ វណ្ណា ប្រធានការិយាល័យព័ត៌មានសហគមន៍ទេសចរណ៍ព្រៃធំពពេល បានប្រាប់សារព័ត៌មានThmeyThmey25 ថាសហគមន៍របស់លោក បានចាប់ផ្ដើមប្ដូរពីការប្រើប្លាស្ទិកមកប្រើរបស់ធម្មជាតិវិញកាលពីចុងឆ្នាំ២០១៩ តែប្រជាជន និងទេសចរយល់ដឹងតិចតួចនៅឡើយ។
 
« ប្រជាជនក្នុងសហគមន៍ មិនមែនគាត់មិនសហការទេតែដំបូងឡើយ ពួកគាត់មិនយល់ពីផលប៉ះពាល់។ នៅពេលយូរទៅគាត់ ដឹងថាវាប៉ះពាល់ដល់បរិស្ថានខ្យល់ អ៊ីចឹងគាត់កាត់បន្ថយ។ មកដល់ឥឡូវបានប្រហែល ៥០ភាគរយហើយ ដូចកាលមុនគាត់ទិញរបស់១០មុខ ដាក់ថង់១០ ឥឡូវគាត់១០មុខគាត់ដាក់ថង់តែមួយទេ»។ នេះជាការលើកឡើងរបស់លោក លាស់ វណ្ណា។


 រូបភាពពី លោក លាស់ វណ្ណា ប្រធានការិយាល័យព័ត៌មានសហគមន៍អេកូទេសចរណ៍ព្រៃធំពពេល
 
ជាមួយគ្នានេះ ទេសចរទៅលេងនៅសហគមន៍អេកូទេសចរណ៍ព្រៃធំពពេលមួយចំនួនធំ ក៏បានចូលរួមការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាមួយសហគមន៍ដែរ។ ពួកគេបានវិចខ្ចប់ម្ហូបអាហារចូលព្រៃ ដោយដាក់ស្លឹកចេក ឬស្លឹកឈូក ហើយប្រើចានស្លាបព្រាដែក ដែលសហគមន៍មានជួលឱ្យពួកគេសម្រាប់យកទៅប្រើប្រាស់។
 
លោក លាស់ វណ្ណា បញ្ជាក់ដូច្នេះ៖ «ទេសចរគាត់មកទីនេះ គាត់ចូលចិត្តវប្បធម៌មិនប្រើប្លាស្ទិករបស់យើង ទើបបង្កើតថ្មីដែលប្រើប្រាស់ធម្មជាតិជំនួសឱ្យចានស្នោ ឬប្លាស្ទិក សម្រាប់ដាក់ម្ហូបហើយយើងក៏ប្រើកញ្ជើ ល្អី មកប្រើប្រាស់។ ទេសចរគាត់សហការជាមួយសហគមន៍បានល្អណាស់។


រូបភាពពី លោក លាស់ វណ្ណា ប្រធានការិយាល័យព័ត៌មានសហគមន៍អេកូទេសចរណ៍ព្រៃធំពពេល
 
មូលហេតុដែលក្នុងសហគមន៍ព្រោះ យើងបានរៀនវគ្គបណ្ដុះបណ្ដាល រឿងបរិស្ថានឃើញថាប្លាស្ទិក ប៉ះពាល់ដល់ស្រទាប់ផែនដី និងលម្ហអាកាស។ ដូច្នេះប្រជាសហគមន៍គាត់បារម្ភហើយ យើងក៏ផ្សព្វផ្សាយបន្តទៀត រហូតដល់ទេសចរ និងសហគមន៍ រួមគ្នាកាត់បន្ថយប្លាស្ទិក»។ 
 
បើតាមប្រធានការិយាល័យព័ត៌មានសហគមន៍អេកូទេសចរណ៍ព្រៃធំពពេល ប្រជាជនស្ទើរទាំងស្រុងក្នុងភូមិ ព្រៃធំពពេលបានងាកមកបម្រើសេវាកម្មទេសចរណ៍វិញ ក្នុងឆ្នាំ២០១៩ ដោយដំបូងឡើយ សហគមន៍ក៏ទទួលបានទេសចរច្រើនដែរ។ ចំណែក ខែមករា ឆ្នាំ២០២២នេះមានទេសចរ ១៤នាក់ប៉ុណ្ណោះ បានទៅកម្សន្ត និងបោះតង់នៅសហគមន៍ព្រៃធំពពេលនេះ។
 
សូមបញ្ជាក់ផងដែរថា សហគមន៍ព្រៃធំពពេលជាសហគមន៍ទេសចរណ៍មួយ ក្នុងចំណោមសហគមន៍ទាំង៥ នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មានទំហំផ្ទៃដី ៧៩៨ហិកតា។ សហគមន៍ទីនោះ មានសេវាកម្មនាំភ្ញៀវដើរព្រៃ លក់ម្ហូបអាហារ និងរៀបចំកញ្ចប់ដើរកម្សាន្ត៕


លោក លាស់ វណ្ណា ប្រធានការិយាល័យព័ត៌មានសហគមន៍អេកូទេសចរណ៍ព្រៃធំពពេល


Tag:
 បរិស្ថាន
  ព្រៃធំពពេល
© រក្សាសិទ្ធិដោយ thmeythmey.com