ជាតិ
សង្គមជាតិ
ទ័ពជើងទឹក ចោទលោកឧកញ៉ា តែ តាំងប៉ ថារំលោភយកដីរដ្ឋជាង១០០ហិកតាតាំងពីឆ្នាំ៩៧ តែលោក អះអាងថា ទិញស្របច្បាប់
17, Feb 2022 , 4:36 pm        
រូបភាព
លោក តែ តាំងប៉ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីខែឧសភា ឆ្នាំ២០២០។ រូបពីក្រសួងព័ត៌មាន
លោក តែ តាំងប៉ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីខែឧសភា ឆ្នាំ២០២០។ រូបពីក្រសួងព័ត៌មាន
កងទ័ពជើងទឹក ចោទលោកឧកញ៉ា តែ តាំងប៉ ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ថាបានរំលោភយកដីជាង១០០ហិកតា ដែលជាកម្មសិទ្ធិរបស់កងទ័ពជើងទឹក។ លោក ការពារខ្លួនថា ដីនោះ លោក ទិញស្របតាមច្បាប់តាំងពីជាង៣០ឆ្នាំមុន។

 

លោក តែ តាំងប៉ និង កងទ័ពជើងទឹក សុទ្ធតែការពារភាពស្អាតស្អំ និងប្រកែកយកត្រូវរៀងៗខ្លួន ហើយទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក ក្នុងទំនាស់ដីធ្លីជាង១០០ហិកតា ដែលស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តំបន់ដីនោះ មានទំហំសរុប១២០០ហិកតា ហើយក្នុងចំណោម១២០០ហិកតា លោក តែ តាំងប៉ អះអាងថា លោក បានទិញ២លើក ដោយលើកទី១ មានទំហំ១០៣ហិកតា និងលើកទី២ មានទំហំ១៧ហិកតា។ កងទ័ពជើងទឹក ចោទលោក​ថា បានរំលោភយកដីជាង១០០ហិកតានោះ ដោយពុំបានទិញត្រឹមត្រូវតាមច្បាប់អ្វីឡើយ។ 
 
លោក តែ តាំងប៉ ចេញលិខិតបំភ្លឺ៣ទំព័រ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ លោក តែ តាំងប៉ លើកឡើងថា ដីរបស់លោក បានរងការរំលោភបំពានសាជាថ្មី ទើបលោក ចេញលិខិតបំភ្លឺ។ ៣ថ្ងៃក្រោយ គឺនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងអចលនទ្រព្យនៃកងទ័ពជើងទឹក បានចេញលិខិតបំភ្លឺ២ទំព័រ ដើម្បីបំភ្លឺត្រឡប់ទៅវិញ។ 
   
លោក តែ តាំងប៉៖ 
 
នៅឆ្នាំ១៩៩៧ ខ្ញុំ និងបុរសម្នាក់ទៀត បានរួមគ្នាទិញដីទំហំ១០៣ហិកតា ពីលោក ងួន យោង ដែលនោះលោក ជាមេបញ្ជាការរងអង្គភាពកងទ័ពជើងទឹករាម និងជាតំណាងឲ្យអង្គភាពកងទ័ពជើងទឹករាម ដែលមានឯកភាពពីលោក អ៊ុក សីហា (ដែលបច្ចុប្បន្ន ជាមេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ)។ ដីទិញ១០៣ហិកតានោះ បានចុះបញ្ជីនៅសុរិយោដីត្រឹមត្រូវតាមច្បាប់។ នៅឆ្នាំ២០០៧ ខ្ញុំ បានទិញដី១៧ហិកតាបន្ថែម ពីអង្គភាពកងទ័ពជើងទឹករាម និងបានធ្វើប្លង់ ដោយមានការបញ្ជាក់ពីលោកឧត្តមនាវីត្រី ហ៊ីង ពុធដារ៉ា ជាតំណាងកងទ័ពជើងទឹករាម។ 
 
កងទ័ពជើងទឹក៖ 
 
ដី១២០០ហិកតា គឺជាដីរដ្ឋ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ ហើយក្រសួងការពារជាតិ បានប្រគល់ទៅឲ្យកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ។ ការគប់គិត ការចាប់យក ការទិញ-លក់ និង ការលួចចេញបណ្ណកម្មសិទ្ធិរបស់លោក តែ តាំងប៉ កាលពីឆ្នាំ១៩៩៧ គឺជាអំពើខុសច្បាប់ ដែលធ្វើឡើងដោយស្ងាត់កំបាំង មិនមានការដឹងឮពីកងទ័ពជើងទឹក និងពីក្រសួងការពារជាតិឡើយ។ កាលបរិច្ឆេទនៃការចេញបណ្ណកម្មសិទ្ធិទៀតសោធ គឺមានភាពមិនប្រក្រតី។ 
 
គ្មានបុគ្គល ឬនាយទាហានរូបណា មានសិទ្ធិអំណាចទិញ-លក់ ដោះដូរដីក្នុងតំបន់នេះបានទេ ដោយហេតុថា ដីទាំង១២០០ហិកតា ជាទ្រព្យសម្បត្តិរបស់រដ្ឋ។ 
 
ការចោទប្រកាន់ថា លោក អ៊ុក សីហា បានឯកភាពលើការទិញ-លក់ដី១០៣ហិកតា និងដី១៧ហិកតា រួមទាំងបានទទួលប្រាក់មួយចំនួនទៀតនោះ គឺមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ មានបំណងបង្កាច់បង្ខូចកិត្តិយស កេរ្តិ៍ឈ្មោះរបស់លោក ក៏ដូចជា កងទ័ពជើងទឹកទាំងមូល។ 
 
លោក តែ តាំងប៉៖
 
នៅឆ្នាំ២០០៧ លោក អ៊ុក សីហា និងភរិយា គឺអ្នកស្រី ដាញ់ ផល្លី បានបញ្ជាឲ្យទាហាន ឈូសឆាយរំលោភបំពានលើដីជាកម្មសិទ្ធិរបស់ខ្ញុំ។ ក្រោយមក ខ្ញុំ បានសុំចរចា ហើយក៏ព្រមព្រៀមគ្នា ដោយអ្នកស្រី ដាញ់ ផល្លី និងលោក អ៊ុក សីហា បានបញ្ឈប់បំពានមកលើដីខ្ញុំ ជាថ្នូរនឹងប្រាក់ជាង១២ម៉ឺនដុល្លារ (ដែលទទួលបានពីភាគីខាងខ្ញុំ)។ នៅឆ្នាំ២០១០ អ្នកស្រី ដាញ់ ផល្លី នៅតែបន្តឲ្យទាហានចូលឈូសឆាយរបស់ខ្ញុំទៀត ទោះបីជាមានពាក្យបណ្តឹង ហាមឃាត់ជាច្រើនលើកច្រើនសាក៏ដោយ។ 
 
នៅឆ្នាំ២០១៣ លោក អ៊ុក សីហា ជាមួយភរិយា បានប្រើកម្លាំងទាហានវាយរបង និងឈូសឆាយរំលោភយកដីទំហំជាង១,៧ហិកតា និងទំហំជាង៣,៣ហិកតា ជាកម្មសិទ្ធិរបស់ខ្ញុំ។ ក្រោយពីបានរំលោភកាន់កាប់ដីជាកម្មសិទ្ធីរបស់ខ្ញុំ អ្នកស្រី ដាញ់ ផល្លី ថែមទាំងប្តឹងខ្ញុំទៀត ដោយស្នើឲ្យតុលាការទទួលស្គាល់សិទ្ធិកាន់កាប់របស់អ្នកស្រី។ អ្នកស្រី បង្គាប់ឲ្យអាជ្ញាធរ ចេញបណ្ណសម្គាល់កម្មសិទ្ធិជូនអ្នកស្រី និងបញ្ឈប់ខ្ញុំ មិនឲ្យប្រើប្រាស់បណ្ណសម្គាល់កម្មសិទ្ធិ។  
 
ខ្ញុំ បានប្តឹងតប នៅឆ្នាំ២០១៣ ដោយសុំបដិសេធចោលទាំងស្រុងនូវការទាមទាររបស់អ្នកស្រី ដាញ់ ផល្លី។ ខ្ញុំ ស្នើឲ្យតុលាការ បង្គាប់ឲ្យអ្នកស្រី រុះរើរបង និងសំណង់ផ្សេងៗ ដែលបានសង់លើដីរបស់ខ្ញុំ ព្រមទាំងប្រគល់ដី ដែលអ្នកស្រី កំពុងកាន់កាប់ (មកឲ្យខ្ញុំវិញ) និងសងជំងឺចិត្ត២០ម៉ឺនដុល្លារ (ដល់ខ្ញុំ)។ 
 
តុលាការខេត្តព្រះសីហនុ សម្រេចឲ្យខ្ញុំ ឈ្នះរឿងក្តីនេះ កាលពីឆ្នាំ២០១៥ ដោយបង្គាប់ឲ្យអ្នកស្រី រុះរើរបង និងសំណង់ផ្សេង ដែលសង់នៅលើដីរបស់ខ្ញុំ និងបង្គាប់ឲ្យអ្នកស្រី សងជំងឺចិត្ត១ម៉ឺនដុល្លារដល់ខ្ញុំ។ 
 
អ្នកស្រី មិនសុខចិត្ត ហើយបានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍។ នៅឆ្នាំ២០២០ សាលាឧទ្ធរណ៍ បានច្រានចោលបណ្តឹងជំទាស់របស់អ្នកស្រី ដែលមានន័យថា សាលាឧទ្ធរណ៍ ក៏សម្រេចឲ្យខ្ញុំឈ្នះដែរ។  
 
អ្នកស្រី បានដាក់បណ្តឹងសាទុក្ខទៅតុលាការកំពូលទៀត។ នៅឆ្នាំ២០២១ តុលាការកំពូល បានសម្រេចឲ្យអ្នកស្រី ប្រគល់ដីជាង១,៧ហិកតា និងដីជាង៣,៣ហិកតា (មកឲ្យខ្ញុំវិញ) ហើយឲ្យអ្នកស្រី រុះរើសរបង និងសំណង់ផ្សេងៗ ដែលសង់លើដីរបស់ខ្ញុំ។ 
 
ប៉ុន្តែនៅពេលថ្មីៗនេះ អ្នកស្រី សំអាងខ្លួនជាភរិយារបស់លោក អ៊ុក សីហា មិនព្រមអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការកំពូល តែបែរជាបញ្ជាឲ្យមន្រ្តីក្រោមឱវាទមកឈូសឆាយនៅលើដីរបស់ខ្ញុំ និងបានចាក់ដីថែមទៀត។ ទោះបីជាមានការហាមឃាត់មិនឲ្យឈូសឆាយ និងចាកដីយ៉ាងណាក៏ដោយ អ្នកស្រី នៅតែមិនឲ្យមន្រ្តីក្រោមឱវាទបញ្ឈប់ដែរ ដោយសំអាងថា ដីនេះ ជាដីរបស់អ្នកស្រី។ 
 
កងទ័ពជើងទឹក៖ 
 
ចាប់តាំងពីពេលដែលលោក តែ តាំងប៉ បានគប់គិតរំលោភបំពានទិញ-លក់ ធ្វើបណ្ណកម្មសិទ្ធិលើដីនោះមក លោក តែងផ្សព្វផ្សាយព័ត៌មានមិនពិតផ្សេងៗ បង្កទំនាស់ និង បង្កើតបញ្ហាជាច្រើនមិនចេះចប់មិនចេះហើយ ដូចជា បិទផ្លូវសាធារណៈ ក្លែងឯកសារស្តីពីការកសាង ការជួសជុលសាលារៀន ដោយចាប់បង្ខំនាយិកាសាលា អាជ្ញាធរ ឲ្យទទួលស្គាល់។ លោក ប្តឹងទៅតុលាការ និងបានបង្កទំនាស់ជាមួយនាយឧត្តមសេនីយ៍ មាស ថង រដ្ឋលេខាធិការក្រសួងការពារជាតិ លោក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ ព្រមទាំងគ្រួសាររបស់លោក គ្រួសារកងទ័ព៦០គ្រួសារ ក្រុមហ៊ុនភីធីធី ក្រុមហ៊ុនអាឡាំងដឺពុយ ក្រុមហ៊ុនស៊ីធីស្តារ និង ប្រជាពលរដ្ឋមួយចំនួន។    
 
ការពិត ប្រជាពលរដ្ឋ និងគ្រួសារកងទ័ពទាំងអស់នេះ បានតាំងទីលំនៅក្នុងតំបន់នោះ អស់រយៈពេលជាង៣០ឆ្នាំហើយ ចាប់តាំងពីឆ្នាំ១៩៨៩មក ដោយមានការទទួលស្គាល់ពីអាជ្ញាធរ និងអង្គភាពមូលដ្ឋានសមុទ្រ។ ដោយមិនអាចទទួលរងការឈឺចាប់ទាំងនេះបាន ទើបនៅឆ្នាំ២០០៦ ពួកគាត់ បានដាក់សំណើសុំអន្តរាគមន៍ទៅសម្តេចនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ដើម្បីឲ្យពួកគាត់ បានរស់នៅដោយសុខសាន។ 
 
លោក តែ តាំងប៉៖
 
ខ្ញុំបាទ សូមគោរពស្នើសុំសម្តចសេនាពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍ ទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជួយរកយុត្តិធម៌ និងជួយការពារដីរបស់ខ្ញុំ ពីការបំពានរបស់អ្នកមានអំណាចបុណ្យស័ក្តិ។ 
 
កងទ័ពជើងទឹក៖ 
 
គណៈកម្មការគ្រប់គ្រង់អចលនទ្រព្យនៃកងទ័ពជើងទឹក ប្តេជ្ញាការពារទ្រព្យសម្បត្តិជាតិ មិនអនុញ្ញាតឲ្យជនខិលខូច និងឈ្មួញទុច្ចរិតណាម្នាក់ ចូលមករំលោភបំពានយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនបានជាដាច់ខាត។ 
 
គណៈកម្មការគ្រប់គ្រងអចលនទ្រព្យនៃកងទ័ពជើងទឹក ចូលរួមការពារការរស់នៅរបស់ប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ព ដែលកំពុងអាស្រ័យផល (លើដីនោះ) ដោយមានការទទួលស្គាល់ពីអាជ្ញាធរដែនដី និងពីកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ។ 
 
សកម្មភាពយ៉ាងគឃ្លើនក្នុងចេតនាទុច្ចរិតបែបនេះ គណៈកម្មការគ្រប់គ្រងអចលនទ្រព្យនៃកងទ័ពជើងទឹក សូមព្រមានដល់បុគ្គលទាំងឡាយ ដែលបានមកគប់គិតរំលោភបំពាន ទិញ-លក់ ធ្វើបណ្ណកម្មសិទ្ធិលើដីក្នុងតំបន់នេះ ត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពកាងចាប់យក លួចទិញ-លក់ ធ្វើបណ្ណកម្មសិទ្ធិខុសច្បាប់ ហើយត្រូវប្រគល់ដីទាំងនោះឲ្យមករដ្ឋ និងក្រសួងការពារជាតិវិញ ដូចករណីលោក តែ តាំងប៉ ជាអាទិ៍។ 
 
ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការញុះញង់ បរិហារកេរ្តិ៍ ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់កងទ័ព ដែលបានលះបង់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងសុខសន្តិភាព ស្ថិរភាពជូនប្រជាពលរដ្ឋ៕ 
 
 
   

Tag:
 តែ តាំងប៉
  ទ័ពជើងទឹក
  ទំនាស់ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com