ជាតិ
លោក ផល ភារម្យ ប្រឡូកក្នុងអាជីវកម្មច្នៃគ្រាប់ចន្ទី ក្រោយនឿយណាយពីអាជីពមគ្គុទ្ទេសក៍
11, Jul 2022 , 9:29 am        
រូបភាព
លោក ផល ភារម្យ ម្ចាស់សិប្បកម្មភូមិចន្ទី
លោក ផល ភារម្យ ម្ចាស់សិប្បកម្មភូមិចន្ទី
សៀមរាប៖ ជាង២ឆ្នាំមកហើយ ដែលលោក ផល ភារម្យ ចាប់ផ្តើមប្រឡូកលើវិស័យអាជីវកម្មហ្នឹងគេ ដោយច្នៃគ្រាប់ស្វាយចន្ទី ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ មុនក្លាយជាម្ចាស់សិប្បកម្ម លោក ផល  ភារម្យ គឺជាមគ្គុទ្ទេសក៍ទេសចរណ៍។

 
ភាពនឿយណាយ និងគាប់ជួននឹងបញ្ហាកូវីដ-១៩ ចូលមកដល់នៅឆ្នាំ២០២០ផង ធ្វើឱ្យលោក ផល ភារម្យ សម្រេចចោលការងារជាមគ្គុទ្ទេសក៍ទេសចរណ៍ ដែលលោកបានប្រឡូករយៈពេល១៣ឆ្នាំមកហើយ។ នៅដើមឆ្នាំ២០២២នេះ លោកបានបើកសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីដំបូងគេនៅស្រុកបន្ទាយស្រី ដោយរំពឹងថា អាជីវកម្មនេះនឹងក្លាយជាអត្តសញ្ញាណថ្មីមួយទៀតនៃស្រុកនេះ។
 
 
ជាសំណង់អគារទើបរៀបចំថ្មី និងពុំទាន់មានដាក់ស្លាកឈ្មោះនៅឡើយ នោះគឺភូមិចន្ទី ដែលលោក ផល ភារម្យ បានហៅរោងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់លោក។ ស្ថិតភូមិប្រិយ៍ ឃុំខ្នារសណ្ដាយ ចម្ងាយប្រមាណ៤គីឡូម៉ែត្រពីរង្វង់មូលកូនដំរី (ផ្លូវឆ្ពោះទៅប្រាសាទបន្ទាយស្រី)។ ទីនោះ មានបុគ្គលិកចំនួន៤នាក់ (ប្រុស១នាក់) កំពុងញាប់ដៃ គាស់ ខ្វេះគ្រាប់ស្វាយចន្ទី ដែលម៉ាស៊ីនបានវាយបំបែកជាពីររួច។ 
 
បុគ្គលិកទាំងនោះ មិនសូវឱ្យអ្នកសារព័ត៌មានចូលថតជិតប៉ុន្មានទេ ដោយបារម្ភខ្លាចជ័រ និងប្រេងដែលខ្ទាតចេញពីម៉ាស៊ីនវាយបំបែកគ្រាប់ចន្ទី ខ្ទាតត្រូវ ដែលអាចឱ្យរមាស់ និងប្រឡាក់ខោអាវបាន។ 


 
ក្រោយរង់ចាំបន្ដិច ម្ចាស់សិប្បកម្មភូមិចន្ទី លោក ផល ភារម្យ ក៏មកដល់។ មិនបង្អង់យូរ បុរសវ័យ៣៧ឆ្នាំរូបនេះ ចាប់ផ្តើមរៀបរាប់ពីដើមទងឱ្យលោកចាប់របរមួយនេះ។ ក្នុងអាជីពជាមគ្គុទ្ទេសក៍ លោកមានឱកាសនាំភ្ញៀវជនជាតិកូរ៉េ ដើរសិក្សាពីដំណាំស្វាយចន្ទីតាមបណ្ដាខេត្តខ្លះជុំវិញមានខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ និងកំពង់ចាម។ ពេលនោះហើយដែលលោកចាប់ផ្តើមគិត និងយល់ថា ហេតុអ្វីបរទេសនៅឆ្ងាយ គេចាប់អារម្មណ៍លើការវិនិយោគចន្ទីខ្មែរ។ ចំណែកលោកនៅក្នុងស្រុក បែរជាមិនចាប់អារម្មណ៍ទៅវិញ?
 
ក្នុងឆ្នាំ២០១៩ សន្ទុះទេសចរមកទស្សនាខេត្តសៀមរាប ធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលហេតុការណ៍នេះ បានទាញចិត្តលោក ភារម្យ គិតភ្លាមថា អាជីពជាមគ្គុទ្ទេសក៍ មានភាពផុយស្រួលណាស់ មិនមានស្ថិរភាពផ្នែកសេដ្ឋកិច្ចគ្រួសារទេ។ ក្រោយមក លោកចាប់ផ្តើមស្រាវជ្រាវ និងសិក្សាពីការកែច្នៃគ្រាប់ស្វាយចន្ទី និងបានបញ្ជាទិញម៉ាស៊ីនកែច្នៃខ្លះពីប្រទេសចិន។ ឆ្នាំ២០២០ វិបត្តិជំងឺកូវីដ-១៩ ក៏ចូលមកដល់ ដែលជាឱកាសឱ្យអ្នកសៀមរាបរូបនេះ កាន់តែផ្តោតលើអាជីពថ្មីមួយនេះកាន់តែខ្លាំង។ 


 
អាជីវកម្មលក្ខណៈគ្រួសាររបស់លោក ភារម្យ បង្កើតដំបូងនៅទឹកដីខេត្តកំពង់ធំ ដែលជាស្រុកកំណើតភរិយារបស់លោក ហើយគ្រួសារមួយនេះ បានទៅរស់នៅទីនោះមួយរយៈ។ ពិតណាស់ថា ជាអាជីវកម្មថ្មី និងចំពេលផ្ទុះជំងឺកូវីដ-១៩ផងនោះ ធ្វើឱ្យរបរនេះមិនទាន់ដើរទៅមុខទេ។ តែឧបសគ្គទាំងនោះ មិនធ្វើឱ្យលោក ភារម្យ បោះបង់ក្ដីស្រមៃមួយនេះឡើយ។
 
ក្រោយស្រាកស្រាន្តពីជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២២ លោកក៏សម្រេចជ្រើសរើសស្រុកបន្ទាយស្រី ជាទីតាំងអចិន្រ្តៃយ៍ នៃរបរច្នៃគ្រាប់ស្វាយចន្ទីរបស់ខ្លួន។ លោក ផល ភារម្យ ពន្យល់យ៉ាងដូច្នេះថា៖« ខ្ញុំគិតថា ស្រុកបន្ទាយស្រីជាទឹកដីស័ក្ដសម ព្រោះមានភ្ញៀវចេញចូលច្រើន ក្រោយពួកគេដើរមើលប្រាសាទរួច»។


 
ដោយសារទើបចាប់ផ្តើម និងនៅខ្នាតតូចនៅឡើយ សិប្បកម្មលោក ផល ភារម្យ មានលទ្ធភាពអាចផលិតគ្រាប់ស្វាយចន្ទី ត្រឹម៥០គីឡូក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ។ អតិថិជនមាននៅភ្នំពេញ នៅសៀមរាប។ ដោយសារធ្វើថ្មីៗ អតិថិជនតែងសរសើរចន្ទីរបស់លោក ភារម្យ ថាឆ្ងាញ់ និងបញ្ជាទិញជាហូរហែ។ លោកប្រមូលទិញចន្ទីពីកសិករ នៅស្រុកបន្ទាយស្រី និងតាមបណ្ដាស្រុកខ្លះក្នុងខេត្តសៀមរាប។ 
 
តម្លៃលក់បច្ចុប្បន្ន លោក ភារម្យ ប្រាប់ថា លក់ត្រឹមតម្លៃ៤ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម គឺប្រហាក់ប្រហែលនឹងតម្លៃចន្ទី នាំចូលពីប្រទេសវៀតណាមដែរ។ យ៉ាងណា លោករំពឹងថា ពលរដ្ឋខ្មែរ នឹងជួយគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើន ដើម្បីឱ្យសហគ្រិនដូចជាលោក មានកម្លាំង និងស្មារតី បង្កើនការកែច្នៃស្វាយចន្ទីនេះ ឱ្យកាន់តែធំធាត់ឡើង ជាចំណែកមួយជួយកសិករខ្មែរផង៕





Tag:
 សិប្បកម្មភូមិចន្ទី
  ស្វាយចន្ទី
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com