ជាតិ
ត្នោតជាង២០ម៉ឺនគ្រាប់ ត្រូវបានដាំតាមព្រំដែនកម្ពុជា-ឡាវ រយៈពេល៦ឆ្នាំ
11, Jul 2022 , 10:59 pm        
រូបភាព
គ្រាប់ត្នោត ៣ម៉ឺនគ្រាប់ ត្រូវបានដាំនៅតាមព្រំដែនកម្ពុជា-ឡាវ កាលថ្ងៃទី៩ កក្កដា ឆ្នាំ២០២២។ រូបពី រដ្ឋបាលខេត្តស្ទឹងត្រែង_
គ្រាប់ត្នោត ៣ម៉ឺនគ្រាប់ ត្រូវបានដាំនៅតាមព្រំដែនកម្ពុជា-ឡាវ កាលថ្ងៃទី៩ កក្កដា ឆ្នាំ២០២២។ រូបពី រដ្ឋបាលខេត្តស្ទឹងត្រែង_
ភ្នំពេញ៖ ចាប់ពីឆ្នាំ២០១៦មក រដ្ឋបាលខេត្តស្ទឹងត្រែង បានដាំគ្រាប់ត្នោតជាង២០ម៉ឺនគ្រាប់តាមបណ្ដាយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។ ការដាំនេះ ដើម្បីទុកជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយនិងបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ។

 
ត្នោត គឺជាអត្តសញ្ញាណសម្គាល់ភូមិសាស្រ្តកម្ពុជា ជាពិសេស រុក្ខជាតិប្រភេទនេះ បានផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់ពលរដ្ឋខ្មែរដូចជា ដើមអាចយកទៅធ្វើក្តារផ្ទះ រនូតផ្ទះ និងទូក។ ទឹកត្នោតអាចធ្វើស្ករ ផ្លែត្នោតអាចធ្វើជានំ ឬបង្អែម ហើយស្លឹកអាចធ្វើជា មួក ដំបូល និងជញ្ជាំងផ្ទះជាដើម។

ថ្មីៗនេះ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្រ្តីក្រោមឱវាទ យកគ្រាប់ត្នោតដាំប្រមាណ ៣ម៉ឺនគ្រាប់ថែមទៀត នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ដើម្បីទុកជាប្រយោជន៍សម្រាប់អ្នកជំនាន់ក្រោយឱ្យបានស្គាល់ និងបង្ហាញពីអត្តសញ្ញាណជាតិ។


 
លោក អភិបាលខេត្តឱ្យដឹងថាដើមត្នោតជារុក្ខជាតិដែលផ្តល់នូវគុណសម្បត្តិច្រើនដល់ប្រជាជនខ្មែរតាំងពីសម័យបុរាណនិងជានិមិត្តសញ្ញាតំណាងអត្តសញ្ញាណជាតិដួងព្រលឹងជាតិ ដែលប្រជាជនខ្មែរសម្គាល់ភាពជាទឹកដីរបស់ខ្លួនពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។គ្រាប់ត្នោតទាំងនេះ ត្រូវដាក់ដាំតាមបណ្ដោយសងខាងផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវចាប់ពីចំណុចបង្គោលព្រំដែនលេខ0៤២ ទៅបង្គោលព្រំដែនលេខ០៤៩។ 
 
គួរបញ្ជាក់ថាចាប់តាំងពីឆ្នាំ ២០១៦មក នេះជាលើកទី៦ហើយ ដែលអាជ្ញាធរខេត្តស្ទឹងត្រែងដាំគ្រាប់ត្នោតតាមព្រំដែនកម្ពុជា-ឡាវ សរុបជាង២០ម៉ឺនគ្រាប់៕ 
 
 

Tag:
 គ្រាប់ត្នោត
  រដ្ឋបាលខេត្តស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com