ជាតិ
សង្គមជាតិ
EU ផ្តល់ជំនួយ២លានដុល្លារ​ ដល់សហគ្រិនវ័យក្មេងកម្ពុជា ដើម្បីពង្រឹងអាជីវកម្ម ក្រោយវិបត្តិកូវីដ-១៩
12, Jul 2022 , 9:29 am        
រូបភាព
 រូបតំណាង៖ អាជីករលក់ចំណីអាហារនៅឆ្នេរអូរឈើទាលនៃក្រុងព្រះសីហនុ។
រូបតំណាង៖ អាជីករលក់ចំណីអាហារនៅឆ្នេរអូរឈើទាលនៃក្រុងព្រះសីហនុ។
ព្រះសីហនុ៖​ សហគ្រិនវ័យក្មេងកម្ពុជា​ដែលស្ថិតនៅតំបន់ឆ្នេរសមុទ្រ ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្រោមមូលនិធិចំនួន២លានដុល្លារ ពីសហភាពអឺរ៉ុប(EU)។ មូលនិធិរបស់សហភាពអឺរ៉ុបដែលផ្តល់ឱ្យសហគ្រិនវ័យក្មេងតាមរយៈអង្គការ Action Education នេះ គឺសម្រាប់ផ្តល់ការបណ្តុះបណ្តាល បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋតំបន់ឆ្នេរដែលរងគ្រោះពីជំងឺកូវីដ-១៩។

 
ថវិកាសរុប២លានដុល្លារអាម៉េរិករបស់សហភាពអឺរ៉ុបបានផ្តល់ឱ្យសហគ្រិនវ័យក្មេងដែលនៅខេត្តជាប់សមុទ្រ រួមមានខេត្តព្រះសីហនុ កោះកុង កំពត និងកែប  ដើម្បីចងក្រងបណ្ដាញសហគ្រិន ការចែករំលែក ការរៀនសូត្រពីធុរកិច្ច និង​កសាងសមត្ថភាពយុវជនសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា។ បើតាមលោក វន​ សំភាស់ នាយកប្រចាំកម្ពុជានៃអង្គការ Aide et Action (Action Education) កញ្ចប់ជំនួយនេះ គឺស្ថិតក្នុងគម្រោង សម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនិងគាំទ្រសំឡេងដើម្បីសមធម៌ (COSAVED) សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនៅសហគមន៍នេសាទតំបន់ឆ្នេរ។
  

លោក វន សំភាស់ នាយកប្រចាំកម្ពុជានៃអង្គការ Aide et Action (Action Education) 
លោក សំភាស់ បានបញ្ជាក់ថា៖ «គម្រោងនេះនឹងគាំទ្រ ដល់សហគ្រិនរួមទាំងអាជីវករខ្នាតតូច-មធ្យមដែលរហូតដល់ចំនួន២០៨កន្លែងនៅតាមតំបន់ឆ្នេរ ដើម្បីបង្កើនប្រសិទ្ធភាពប្រកួតប្រជែងកាន់តែប្រសើរឡើង។ លោកបន្តនិយាយដូច្នេះ៖«គម្រោងនេះយើងផ្តោតលើសហគមន៍ក្រីក្រដែលប្រឈមមុខនឹងការលំបាកបំផុត, អ្នករងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ, ​ពីជំងឺកូវីដ-១៩ និងកត្តាផ្សេងទៀត»។ 
 
បើតាមលោក សំភាស់ ការអនុវត្តគម្រោងនេះបានបង្ហាញពីការចូលរវាងតួអង្គសំខាន់ៗក្នុងវិស័យសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិល ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ លោកបន្ថែមថា៖« យើង​មាន​​ប្រហែល៨០គម្រោង ដែល​សហគ្រិននិងអាជីវករខ្នាតតូច-មធ្យម​ត្រូវ​មក​រៀន ហើយ​នឹងទទួល​បាន​មូលនិធិ​ចន្លោះ​ពី៣ ០០០ ទៅ ៣០ ០០០ដុល្លារ សម្រាប់ធ្វើអាជីវកម្ម»។
 
វិបត្តិនៃជំងឺកូវីដ-១៩និងសង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន បន្តជះឥទ្ធិពលដល់ការនាំចេញរបស់កម្ពុជា។ ក្នុងនោះ ការនាំកសិផលផ្សេងៗនិងទឹកមាត់ត្រចៀកកាំចូលទីផ្សារប្រទេសចិន​ក៏ត្រូវបានរឹតត្បិត ផងដែរ។ លោក សាត កុកអាន អ្នកចិញ្ចឹមនិងផ្គត់ផ្គង់សំបុកត្រចៀកកាំ ដែលមានទីតាំងនៅខេត្តព្រះសីហនុ បាននិយាយថា ​បច្ចុប្បន្នការនាំចេញសំបុកត្រចៀកកាំទៅប្រទេសចិនគឺពិបាក​ ដោយសារខាងគយចិន​​​រឹត​បន្តឹង​លើ​ការ​នាំ​ចូល​ម្ហូប​អាហារ ព្រោះគេខ្លាចមានមេរោគ។​
  

លោក សាត កុកអាន អ្នកចិញ្ចឹមនិងផ្គត់ផ្គង់សំបុកត្រចៀកកាំ 
«ប៉ុន្តែអនាគតបើរដ្ឋាភិបាលយើង ចុះអនុសារណៈនៃការយោគយល់គ្នា [MoU] សម្រាប់នាំចេញកសិផលហ្នឹង នោះវាការល្អចំពោះកសិករយើង​ ក៏ដូចអាជីវករយើងនៅស្រុកខ្មែរ»។ នេះជាការលើកឡើងរបស់លោក កុកអាន។ សំបុកត្រចៀក ដែលជាប្រភេទអាហារបំប៉នសុខភាពនិងសម្រស់​ សហគ្រិនរូបនេះមានលទ្ធភាពផ្គត់ផ្គង់ទីផ្សាររាជធានីភ្នំពេញនិងខេត្តព្រះសីហនុ បានពី៣០ទៅ៥០គីឡូក្រាមក្នុងមួយខែ​ ជាមួយតម្លៃពី៦៥០ទៅ២០០០ដុល្លារ ក្នុងមួយគីឡូក្រាម។ 
 


 លោក ហុង ហ៊ុនទី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាព្រះសីហនុ


សម្រាប់លោក ហុង ហ៊ុនទី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាព្រះសីហនុ បានប្តេជ្ញាជួយដល់អ្នកធ្វើធុរកិច្ចនៅក្នុងខេត្តរបស់ខ្លួនឱ្យកាន់តែប្រសើរ។ លោកបន្តនិយាយក្នុងពិធីដាក់ឱ្យដំណើរការគម្រោង COSAVED នារសៀលថ្ងៃទី៨កក្កដា ឆ្នាំ២០២២យ៉ាងដូច្នេះ៖ « ពិសេសយើងបង្កើនលទ្ធភាពទទួលបានព័ត៌មានអាជីវកម្ម ទីផ្សារ និងការពង្រឹងសមត្ថភាព ក៏ដូចជាពង្រីកបណ្តាញអាជីវកម្មក្នុងខេត្ត ក្នុងប្រទេស  និងលើឆាកអន្តរជាតិ សម្រាប់សហគ្រិននិងម្ចាស់អាជីវកម្មក្នុងខេត្តផ្ទាល់»។ 
 
ជាមួយគ្នានេះ​ លោក ប៉ិច បូឡែន អនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានលើកឡើងថា​ YEACនឹងបង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាឱ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបបរិយាប័ន្ន ការចៃប្រឌិត  និងការបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូតូច និងមធ្យមMSME នៅកម្ពុជា​។  


  លោក ប៉ិច បូឡែន អនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)

បើតាមលោក បូឡែន មកទល់បច្ចុប្បន្ន  YEAC មានសមាជិកចំនួន៤៥០នាក់ ដែលមានអាជីវកម្មប្រមាណ៨០០នៅទូទាំងប្រទេស។​ លោក បានបញ្ជាក់ថា​ សហគ្រិនវ័យក្មេងកម្ពុជាសាខាព្រះសីហនុនេះ គឺជាសាខាទី៦បន្ទាប់ពីខេត្តសៀមរាប កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង បន្ទាយមានជ័យ និងក្រចេះ៕ 
 

Tag:
 YEAC
  CO-SAVED
  ព្រះសីហនុ
  លោក វន​ សំភាស់
© រក្សាសិទ្ធិដោយ thmeythmey.com