ជាតិ
ផ្លូវជាតិលេខ៤ត្រង់ចំណុចស្ពានស្ទឹងសំរោង ត្រូវបិទបណ្ដោះអាសន្ន ដោយសារជំនន់ទឹកភ្លៀង
12, Jul 2022 , 6:12 pm        
រូបភាព
អាជ្ញាធរ សម្រចបិទផ្លូវជាតិលេខ៤ត្រង់ចំណុចស្ពានស្ទឹងសំរោងណ្ដោះអាសន្ន។ រូបពី រដ្ឋបាលខេត្តព្រះសីហនុ
អាជ្ញាធរ សម្រចបិទផ្លូវជាតិលេខ៤ត្រង់ចំណុចស្ពានស្ទឹងសំរោងណ្ដោះអាសន្ន។ រូបពី រដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសបិទចរាចរណ៍បណ្ដោះអាសន្នលើផ្លូវជាតិលេខ៤ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលកំពុងរងការជនលិចដោយសារទឹកភ្លៀង។


យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុនៅល្ងាចថ្ងៃទី១២ខែកក្កដានេះ កម្រិតជំនន់ទឹកភ្លៀងបានកើនឡើងជាបន្តបន្ទាប់ដែលឈានដល់ការជន់លិចទាំងស្រុងកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ 
 
ស្ថានភាពបែបនេះ រដ្ឋបាលខេត្តព្រះសីហនុពុំអាចអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទីតាំងនេះទៀតនោះទេចាប់ពីម៉ោង៥ល្ងាចនេះ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីការពារសុវត្ថិភាពពលរដ្ឋនិងរក្សាគុណភាពផ្លូវ ស្ពាន កុំឱ្យបាក់ស្រុត។ ចំពោះ ពលរដ្ឋម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជនដែលមានបំណងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅខេត្តព្រះសីហនុត្រូវវាងតាមផ្លូវជាតិលេខ៣វិញ។ 
 
តាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងសប្ដាហ៍នេះកម្ពុជានឹងរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មនៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅខ្លាំងនៅថ្ងៃទី១៣-១៤ ខែកក្កដា។   
 
តាមការព្យាករដដែល ចាប់ពីថ្ងៃទី១៥ ដល់ទី១៩កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌានិងខ្យល់មូសុងក្នុងកម្រិតខ្សោយទៅមធ្យម។ តាមរយៈស្ថានភាពទាំងពីរខាងលើនេះបណ្ដាលឱ្យតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាបនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់៕ 
 
 

Tag:
 រដ្ឋបាលខេត្តព្រះសីហនុ
  ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com