ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាម៉េរិក នៅតែមិនសប្បាយចិត្តលើការអូសបន្លាយរឿងក្តីលោក កឹម សុខា
14, Jul 2022 , 1:50 pm        
រូបភាព
ពីឆ្វេងដៃទៅ៖ លោក មុត ចន្ថា, លោក កឹម សុខា, លោក ផាទ្រីក មើហ្វី, លោក ដាញែល គ្រីថេនប៊្រីង ថតជាមួយគ្នានៅផ្ទះលោក កឹម សុខា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
ពីឆ្វេងដៃទៅ៖ លោក មុត ចន្ថា, លោក កឹម សុខា, លោក ផាទ្រីក មើហ្វី, លោក ដាញែល គ្រីថេនប៊្រីង ថតជាមួយគ្នានៅផ្ទះលោក កឹម សុខា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
មន្រ្តីកម្ពុជា បកស្រាយថា សំណុំរឿងលោក កឹម សុខា ត្រូវទុកឲ្យតុលាការសម្រេច ដោយរដ្ឋាភិបាល មិនអាចលូកដៃចូលឡើយ។



ជាថ្មីម្តងទៀត សហរដ្ឋអាម៉េរិក បានបង្ហាញឲ្យភាគីកម្ពុជាឃើញ ពីការទើសទាល់ចិត្តរបស់ខ្លួន ទៅលើការអូសបន្លាយសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលមិនដឹងថា ដល់ទីបញ្ចប់នៅពេលណា។ ប្រទេសមហាអំណាចនេះ បានបង្ហាញការទើសទាល់ចិត្តក្នុងរឿងនេះ តាមរយៈមន្រ្តីការទូតជាន់ខ្ពស់របស់ខ្លួន គឺលោក ដាញែល គ្រីថេនប៊្រីង (Daniel J. Kritenbrink) ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

«សហរដ្ឋអាម៉េរិក នៅតែខកចិត្ត ដែលសំណុំរឿងបែបនយោបាយរបស់លោក កឹម សុខា នៅតែបន្តអូសបន្លាយដោយគ្មានដំណោះស្រាយ។ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានផលប្រយោជន៍ពីការផ្តល់សិទ្ធិនយោបាយជូនគាត់ឡើងវិញ»។ នេះជាសម្តីរបស់លោក ដាញែល គ្រីថេនប៊្រីង ដែលត្រូវបានស្រង់យកទៅបង្ហោះលើបណ្តាញសង្គមធ្វីតធឺរបស់ការិយាល័យទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (Bureau of East Asian and Pacific Affairs) ក្រោយពីលោក បានជួបលោក កឹម សុខា។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បកស្រាយថា ចំពោះសំណុំរឿងរបស់លោក កឹម សុខា រដ្ឋាភិបាល ទុកឲ្យតុលាការ ជាអ្នកសម្រេច។ លោក បន្តថា រដ្ឋាភិបាល មិនអាចជ្រៀតជ្រែកចូលកិច្ចការតុលាការឡើយ។ លោក យល់ថា នីតិរដ្ឋ ជាដំណោះស្រាយសម្រាប់បញ្ហាទាំងអស់នៅកម្ពុជា តែអ្វីដែលមន្រ្តីការទូតអាម៉េរិក លើកឡើង មិនមែនជាដំណោះស្រាយតាមរបៀបនីតីរដ្ឋនោះទេ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៤ ខែកក្កដា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថ្លែងបែបនេះថា៖«ការលើកឡើងហ្នឹង មិនមែនជាការពង្រឹងនីតិរដ្ឋ និងយុត្តិធម៌ទេ អាហ្នឹងគឺជារឿងជួញដូរយុត្តិធម៌ទៅវិញ»។

រីឯ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកការលើកឡើងរបស់មន្រ្តីការទូតអាម៉េរិក ថាគ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួន តែកម្ពុជា នៅតែអនុវត្តតាមច្បាប់របស់ខ្លួន ក្នុងនាមជារដ្ឋអធិបតេយ្យ។ មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌រូបនេះ ផ្តល់មតិថា៖«បើគាត់យល់ថា អ្នកណាមួយ មិនបានប្រព្រឹត្តកំហុសទេ ឲ្យគាត់ចូលរួមក្នុងដំណើការនីតិវិធីតុលាការកម្ពុជា គោរពតាមអធិបតេយ្យកម្ពុជា និងអនុវត្តតាមច្បាប់កម្ពុជា។ ចូលរួមក្នុងដំណើរការនីតិវិធីច្បាប់របស់កម្ពុជា ការពារខ្លួនតាមផ្លូវច្បាប់ អានេះជាមធ្យោបាយតែមួយគត់ ដែលអាចជួយដល់ជនជាប់ចោទបាន»។

លោក ដាញែល គ្រីថេនប៊្រីង ដែលមានឋានៈជាឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានធ្វើដំណើរជាមួយលោក ផាទ្រីក មើហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា ទៅជួបលោក កឹម សុខា នៅគេហដ្ឋានរបស់លោក កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក បានជួបថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនរបស់កម្ពុជា រួមមាន សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេស ជាដើម។

លើទំព័រហ្វេសប៊ុករបស់ខ្លួន លោក កឹម សុខា គ្រាន់តែបង្ហោះរូបភាព និងសំណេរ ដែលបញ្ជាក់ពីជំនួបរវាងលោកជាមួយមន្រ្តីការទូតអាម៉េរិកទាំង២រូបនេះ តែលោក ពុំបានបង្ហាញពីខ្លឹមសារនៃជំនួបនោះទេ។ លោក រំលេចឡើងថា ក្នុងរយៈពេល២សប្តាហ៍នៃខែកក្កដា ឆ្នាំ២០២២នេះ តំណាងប្រទេសមហាអំណាចមួយចំនួនបានជួបលោក រួមមាន តំណាងប្រទេសជប៉ុន តំណាងប្រទេសអាល្លឺម៉ង់ តំណាងប្រទេសបារាំង តំណាងសហភាពអឺរ៉ុប និងតំណាងសហរដ្ឋអាម៉េរិក។

មេដឹកនាំប្រឆាំងរូបនេះ ដែលកំពុងជាប់ខ្លួនក្នុងរឿងក្តីក្តាំង និងមិនទាន់អាចធ្វើនយោបាយបាន បង្ហាញការកត់សម្គាល់ឃើញរបស់ខ្លួនដូច្នេះថា៖«ប្រទេស និងប្រជាពលរដ្ឋទាំងនោះ នៅតែចាត់ទុកប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរគឺជាមិត្ត និងចង់បន្តជួយកម្ពុជា ដោយពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាតទៅទៀត ស្របតាមគុណតម្លៃស្នូលនៃប្រទេសនីមួយៗ»។

សូមរម្លឹកថា តុលាការភ្នំពេញ បានដំណើរការសវនាការលើសំណុំរឿងលោក កឹម សុខា អស់៤៩លើករួចមកហើយ ដោយមិនទាន់អាចឈានដល់ការធ្វើសេចក្តីសម្រេចនោះទេ។ លោក ត្រូវបានចោទប្រកាន់ កាលពីខែកញ្ញា ឆ្នាំ២០១៧ អំពីបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។

ក្នុងចំណោមប្រទេស ដែលតុលាការកម្ពុជា សង្ស័យថា លោក កឹម សុខា បានគប់គិតជាមួយ ក៏មានសហរដ្ឋអាម៉េរិកដែរ។ ប៉ុន្តែ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរលើទឹកដីអាម៉េរិក កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ថា រដ្ឋាភិបាលកម្ពុជា មិនបានចោទប្រកាន់អាម៉េរិកថា គប់គិតជាមួយលោក កឹម សុខា នោះទេ តែលោក កឹម សុខា បាននិយាយខ្លួនឯង ដូច្នេះ លោក កឹម សុខា និង អាម៉េរិក ត្រូវដោះស្រាយជាមួយគ្នា៕

Tag:
 អាម៉េរិក
  កម្ពុជា
  កឹម សុខា
  Daniel J. Kritenbrink
© រក្សាសិទ្ធិដោយ thmeythmey.com