ជាតិ
គម្រោងCOSAVED ជួយកុមារក្រីក្រក្នុងសហគមន៍នេសាទ ឱ្យទទួលបានការសិក្សាពេញលេញ
14, Jul 2022 , 8:59 pm        
រូបភាព
សិស្សសាលាបឋមសិក្សាបឹងព្រាវ នៃស្រុកស្រែអំបិលទទួលបានសម្ភារសិក្សានានាពីគម្រោង COSAVED
សិស្សសាលាបឋមសិក្សាបឹងព្រាវ នៃស្រុកស្រែអំបិលទទួលបានសម្ភារសិក្សានានាពីគម្រោង COSAVED
កោះកុង៖ អង្គការ Action Education តាមរយៈគម្រោងសម្ព័ន្ធភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនិងគាំទ្រសំឡេង ដើម្បីសមធម៌(COSAVED) សម្រេចជួយកុមារក្រីក្រក្នុងសហគមន៍នេសាទនៅតាមតំបន់ឆ្នេរសមុទ្រ ឱ្យទទួលបានការសិក្សាពេញលេញប្រកបដោយគុណភាព។ លោក វន សំភាស់ នាយកប្រចាំកម្ពុជានៃអង្គការAction Education បានបញ្ជាក់ថា គម្រោងនេះ នឹងគាំទ្រដល់សាលារៀនជាង២០០កន្លែង និងលើកកម្ពស់ជីវភាពប្រជាសហគមន៍នេសាទ ក្នុងរយៈពេល៤ឆ្នាំ ក្រោមកញ្ចប់ជំនួយ៦លានដុល្លារ។

 
អង្គការAction Education ដាក់ផែនការបួនឆ្នាំ(ឆ្នាំ២០២១-២០២៤) ជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍នេសាទរស់នៅតាមខេត្ត-ស្រុកមួយចំនួន ដែលនៅជាប់មាត់សមុទ្រ ពិសេសជួយដល់កុមារឱ្យទទួលបានឱកាសសិក្សាពេញលេញ តាមរយៈគម្រោងCOSAVED។ សហគមន៍នេសាទដែលជាប់សមុទ្ទនោះ​ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប។ បើតាមលោក វន សំភាស់ ការសម្រេចយកខេត្តទាំងនេះ ជាគោលដៅសម្រាប់អនុវត្តគម្រោង គឺដោយសារកម្រិតនៃភាពក្រីក្ររបស់សហគមន៍នេសាទ និងអត្រាបោះបង់ការសិក្សារបស់កុមារ នៅតំបន់នេះមានខ្ពស់ បើធៀបទៅនឹងតំបន់ផ្សេងៗទៀត។ 
 
លោកអះអាងថា៖ «តាមការអង្កេតបែបវិទ្យាសាស្រ្តមួយរបស់យើងបង្ហាញថាកម្រិតនៃភាពក្រីក្ររបស់សហគមន៍នេសាទនៅតាមតំបន់ឆ្នេរមានជាង១៨ភាគរយដែលរស់នៅក្រោមបន្ទាត់ក្រីក្រ ហើយមានកុមារត្រឹម២០ទៅ៣០ភាគរយប៉ុណ្ណោះ ដែលទទួលបានឱកាសការរៀនជាប់លាប់ប្រកបដោយគុណភាព។ ហេតុផលទាំងនេះហើយ បានជំរុញឱ្យយើងសម្រេចចិត្តថា សហគមន៍ដែលជួបការលំបាកបំផុត គឺជាសហគមន៍នេសាទនៅតាមខេត្ត-ស្រុកមួយចំនួននៅតាមតំបន់ឆ្នេររបស់យើង»។

លោក វន សំភាស់ នាយកប្រចាំកម្ពុជានៃអង្គការ Aide et Action (Action Education)

ជាងកន្លះឆ្នាំមកនេះនៃការអនុវត្តគម្រោងCOSAVEDក្នុងវិស័យអប់រំនៅតាមខេត្តជាប់សមុទ្ទ អង្គការបានផ្តល់សម្ភារសិក្សានានាដល់កុមារដូចជា សៀវភៅ កាតាប កង់ ឯកសណ្ឋានសិស្សជាដើម... ដើម្បីលើកចិត្តពួកគាត់ឱ្យត្រលប់មករៀនសូត្រវិញ ហើយប្រឹងប្រែងរៀន។  លោកសំភាស់ បន្តរៀបរាប់ថា គម្រោងនេះនឹងធ្វើជាមួយសាលារៀនចំនួន២៥៤កន្លែងក្នុងខេត្តទាំងបួនរបស់កម្ពុជាដែលនៅជាប់សមុទ្ទ ដោយក្នុងនោះ មានមតេ្តយសិក្សា១០០កន្លែង, បឋមសិក្សា១៤៩កន្លែង និងអនុវិទ្យាល័យចំនួន៤៩កន្លែង។ 
 
COSAVED ជាគម្រោងពិសេសមួយដែលត្រូវបានរៀបចំឡើង ដើម្បីដោះស្រាយនូវគ្រប់បរិស្ថានជុំវិញរបស់កុមារ ក្នុងការធានាឱ្យបាននូវកុមារម្នាក់ៗនឹងទទួលបានការរៀនប្រកបដោយគុណភាព និងចប់ចុងចប់ដើម។ លោក សំភាស់ និយាយយ៉ាងដូច្នេះ៖« យើងយកចិត្តទុកដាក់គ្រប់កត្តាជុំវិញពួកគាត់[កុមារ] ដោយក្រៅតែពីយើងធ្វើការងារជាមួយសាលាទាំង២៥៤កន្លែងហើយនោះ យើងក៏គាំទ្រដល់ស្ថាប័នជាច្រើនទៀត ដែលជួយអភិវឌ្ឍលើផ្នែកកសិកម្ម ការបង្កើតការងារ និងជួយដល់ជីវភាពរស់នៅរបស់ពលរដ្ឋសហគមន៍»។ 
 
នាយកប្រចាំកម្ពុជានៃអង្គការAction Education រូបនេះ បានបញ្ជាក់ថា ក្នុងចំណោមកញ្ចប់ជំនួយពីសហភាពអឺរ៉ុប(EU)ទាំង៨លានដុល្លារ សម្រាប់អនុវត្តគម្រោងCOSAVED គឺមាន៣លានដុល្លារ យកទៅវិនិយោគទៅលើផ្នែកអប់រំ ទឹកស្អាត  និងការរៀបចំកសាងសមត្ថភាពភាគីពាក់ព័ន្ធនានាដើម្បីឱ្យមានចលនារួមមួយនៅថ្នាក់ក្រោមជាតិដែលជួយដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ 
 
«ចំពោះថវិកាជាង៣លានដុល្លារទៀត យើងជួយទៅលើការអភិវឌ្ឍជីវភាព និងបរិស្ថានជុំវិញរបស់ពលរដ្ឋ ហើយនឹងបង្កើតការងារដែលជាជម្រើសផ្សេៗសម្រាប់ឪពុកម្តាយកុមារ ដែលជួបការលំបាកនិងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ»។ នេះជាសម្តីរបស់លោក  សំភាស់ ដោយបន្ថែមថា ដោយឡែកថវិកា២លានដុល្លារទៀត គឺគម្រោងគាំទ្រសហគ្រិនវ័យក្មេងនៅតាមតំបន់ឆ្នេរសមុទ្រ ដើម្បីចងក្រងបណ្ដាញសហគ្រិន ការចែករំលែក ការរៀនសូត្រពីធុរកិច្ច និងកសាងសមត្ថភាពយុវជនសម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់។
 
សម្រាប់កុមារី អៀ ម៉ីជី ដែលជាសិស្សថ្នាក់ទី៣ នៃសាលាបឋមសិក្សាបឹងព្រាវ ក្នុងស្រុកស្រែអំបិល បានបង្ហាញនូវចិត្តសប្បាយរីករាយ  រួមទាំងប្ដេជ្ញាខំរៀន ក្រោយទទួលបានសៀវភៅ, កាតាប និងសម្ភារសិក្សាថ្មី ពីគម្រោងCOSAVED តាមរយៈសាលារៀនរបស់ខ្លួន។ ម៉ីជី ជាសិស្សរៀនពូកែប្រចាំថ្នាក់ផងដែរ ដែលទទួលបានចំណាត់ថ្នាក់លេខ៥ជារៀងរាល់ខែ។ 

កុមារី អៀ ម៉ីជី សិស្សថ្នាក់ទី៣ នៃសាលាបឋមសិក្សាបឹងព្រាវ កំពុងនិយាយមកកាន់អ្នកសារព័ត៌មានថ្មីៗ កាលពីថ្ងៃទី៧កក្កដា

ម៉ីជី គឺជាកូនទីបីក្នុងចំណោមបងប្អូន៤នាក់ដែលមានឪពុកម្តាយជាអ្នកធ្វើស្រែចម្ការ។ កុមារីរូបនេះបាននិយាយមកកាន់អ្នកសារព័ត៌មានថ្មីៗទាំងទឹកមុខរីករាយថា៖« ខ្ញុំនឹងខំរៀនឱ្យពូកែ និងរៀនឱ្យចប់ថ្នាក់ទី១២ ហើយនឹងធ្វើការងារល្អណាមួយ ដើម្បីជួយឪពុកម្តាយខ្ញុំវិញ»។ ផ្ទះរបស់កុមារីវ័យ៩ឆ្នាំរូបនេះ មានចម្ងាយពីសាលាសាលាបឋមសិក្សាបឹងព្រាវ ដោយតម្រូវឱ្យឪពុកជូនមករៀនជាប្រចាំ។ 

បើតាមលោក ថាន មុនី នាយកសាលាបឋមសិក្សាបឹងព្រាវ ចំពោះសិស្សដែលមករៀនមិនជាប់លាប់នៅតំបន់នេះ មានភាគច្រើនគឺដោយសារឪពុកម្តាយទុកពួកគេឱ្យនៅមើលប្អូន, នៅចាំផ្ទះ និងមានផ្លាស់ប្តូរទីលំនៅ...ជាដើម។  ជាមធ្យមក្នុងមួយឆ្នាំមានឪពុកម្តាយរបស់សិស្សប្រមាណ១៥គ្រួសារ ត្រូវផ្លាស់ប្តូរទីលំនៅពីកន្លែងមួយទៅកន្លែងមួយដើម្បីរកការងារធ្វើ។ នេះជាការលើកឡើងរបស់លោក មុនី ដោយបញ្ជាក់ថា៖« ទាំងនេះជាបញ្ហាចម្បងដែលធ្វើឱ្យសិស្សរៀនត្រួតថ្នាក់ និងឈានដល់ការបោះបង់ការសិក្សាទាំងវ័យក្មេង ព្រោះកុមារមិនងាយសុាំនឹងកន្លែងសិក្សាថ្មីទេ។ ប៉ុន្តែយើងសង្ឃឹមថា​ ការគាំទ្ររបស់គម្រោងCOSAVEDនៅក្នុងសាលារៀនយើង នៅក្នុងសហគមន៍យើង នឹងជួយដល់កុមារក្រីក្រទាំងនោះ ជាពិសេសកុមាររស់នៅតំបន់ដាច់ស្រដាល ឱ្យទទួលបានឱកាសរៀនសូត្រពេញលេញដូចគេ ដូចឯងដែរ»។ 

ជាមួយគ្នានេះ លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង លើកឡើងថា គម្រោងCOSAVED កំពុងជួយដល់វិស័យអប់រំក្នុងការអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀន ដែលធ្វើយ៉ាងណាឱ្យសាលារៀនអស់ទាំងដំណើរការបានល្អប្រសើរសម្រាប់កុមាររៀនសូត្រ។ ក្នុងពិធីកម្មវិធីប្រគល់អាហារូបករណ៍សម្ភាររៀននិងបង្រៀន នៅសាលាបឋមសិក្សាបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល កាលពីថ្ងៃទី៧កក្កដា ឆ្នាំ២០២២ លោក សុធី បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ៖ «ក្នុងបេះដូងរបស់សហគមន៍សាលារៀន គឺយើងនឹងធ្វើតេស្ត យកលទ្ធផលពិតប្រាកដណាមួយរបស់សិស្ស មកធ្វើផែនការសម្រាប់ជួយដល់សិស្សដែលខ្សោយឬយឺត ដើម្បីជួយពួកគាត់ឱ្យ រៀនទាន់គេ ទាន់ឯង។ យើងកំពុងបើកយុទ្ធនាការនេះយ៉ាងសកម្មជាមួយដៃគូអភិវឌ្ឍផង ជាមួយឪពុកម្តាយរបស់កុមារផង»។ 

លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង

សម្រាប់ខេត្តកោះកុង មានសាលារៀន៤៩កន្លែងទទួលបានការគាំទ្រពីគម្រោងCOSAVED។ សាលារៀនទាំងនោះស្ថិតនៅស្រុកស្រែអំបិល ស្រុកគិរីសាគរ និងស្រុកបុទុមសាគរ។ លោក សុធី ក៏បានស្នើដល់អង្គការ Action Education ឱ្យជួយពង្រីកគម្រោងទៅដល់សាលារៀនផ្សេងទៀត ដែលស្ថិតនៅតំបន់ព្រៃភ្នំក្នុងគោលដៅខេត្តរបស់ខ្លួន ផងដែរ។ លោកនិយាយាថា៖ «ខេត្តកោះកុងយើងនេះ ជាតំបន់មួយដែលមានភូមិសាស្ត្រលំបាក។ អ្នកខ្លះរស់នៅលើកោះ អ្នកខ្លះរស់នៅតំបន់តូចៗនៅតាមភ្នំ ដែលប្រព័ន្ធអគ្គិសនី ទឹកស្អាត និងសេវាទូរសព្ទមិនទាន់មាន។ ចំណុចនទាំងនេះ វាបង្កភាពលំបាកសម្រាប់កុមារក្នុងការទទួលបានឱកាសរៀនសូត្រពេញលេញ»។ 
 
បច្ចុប្បន្ន ខេត្តកោះកុងមានមតេ្តយ្យសហគមន៍ជាង១០កន្លែង ដែលមានទីតាំងឆ្ងាយពីសាលារដ្ឋ។ ដោយឡែក សាលាថ្នាក់បឋមសិក្សាមាន១២១កន្លែង ខណៈកម្រិតថ្នាក់អនុវិទ្យានិងវិទ្យាល័យមាន៣២កន្លែង។ បើតាមលោក សេង សុធី៕ 

Tag:
 Action Education
  COSAVED
  សហគមន៍
  សមុទ្រ
  លោក វន សំភាស់
© រក្សាសិទ្ធិដោយ thmeythmey.com