ជាតិ
​​​ន​យោ​បាយ​ជាតិ​
ថ្នាក់ដឹកនាំបក្សមូលដ្ឋាន លើកគ្នាទៅគាំទ្រលោក សុន ឆ័យ នៅមុខតុលាការ
15, Jul 2022 , 12:55 pm        
រូបភាព
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ឆ្លៀតនិយាយពីរ-បីមាត់ជាមួយលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (ពាក់ម៉ាស់) មុននឹងលោក ចូលទៅបំភ្លឺក្នុងតុលាការភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ឆ្លៀតនិយាយពីរ-បីមាត់ជាមួយលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (ពាក់ម៉ាស់) មុននឹងលោក ចូលទៅបំភ្លឺក្នុងតុលាការភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
ដោយ៖ ទេពញាណ

ថ្នាក់ដឹកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានជាអាទិ៍ លោក យ៉េង វីរៈ ជាប្រធាន លោក សាម ស៊ុនឌឿន ជាអនុប្រធាន អ្នកស្រី ឡឹក រដ្ឋា ជាអនុប្រធាន និងលោក សាម អ៊ីន ជាអគ្គលេខាធិការ បាននាំគ្នាទៅកាន់មុខតុលាការភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីបង្ហាញការគាំទ្រដល់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដែលចូលបំភ្លឺនៅចំពោះតំណាអយ្យការ តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ នៅមុខតុលាការ គេ ក៏ឃើញមានប្រជាពលរដ្ឋមួយចំនួនផងដែរ។



គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា វត្តមានរបស់ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅមុខតុលាការ គឺជាការផ្តល់ការគាំទ្រផ្នែកសីលធម៌ និងការលើកទឹកចិត្តដល់លោក សុន ឆ័ន។ គណបក្សក្រៅរដ្ឋាភិបាលមួយនេះ បង្ហាញការយល់ឃើញដូច្នេះថា៖«ការប្តឹងផ្តល់នេះ ជារឿងមិនសមហេតុផល។ យើង សង្ឃឹមថា ឯកឧត្តម សុន ឆៃ នឹងអាចចូលរួមសកម្ម និងពេញលេញក្នុងវិស័យនយោបាយ»។

លោក យ៉េង វីរៈ និយាយជាមួយក្រុមអ្នកកាសែតនៅមុខតុលាការថា ការប្តឹងផ្តល់លោក សុន ឆ័យ គឺជារឿងមិនគួរកើតមាន និងជាការវិវត្តស្ថានការណ៍មិនល្អមួយ ខណៈកម្ពុជា កំពុងជួបបញ្ហាទាក់ទងនឹងវិបត្តិនយោបាយស្រាប់ហើយ ដូច្នេះ គេ មិនត្រូវបន្ថែមបញ្ហាទៀតនោះទេ ដោយគួរតែបញ្ចប់។ លោក បន្តថា គ្រប់គណបក្ស គួរងាកមកពិភាក្សាគ្នាពីការកែទម្រង់ប្រព័ន្ធបោះឆ្នោតវិញ និងគួរពិភាក្សាគ្នាពីការធ្វើឲ្យសេរីភាពនយោបាយល្អប្រសើរ ដើម្បីអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្នាក់ជាតិ បានដោយសេរី និងយុត្តិធម៌ នៅឆ្នាំ២០២៣។

ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះ ថ្លែងដូច្នេះថា៖«រៀបចំស្រុកទេសយើងឲ្យស្រួល ឲ្យរលូនទៅ កុំឲ្យរដាក់រដុប ដើរទៅទាំងពិបាក។ ខ្ញុំជឿថា គណបក្សកាន់អំណាច ក៏ចង់ឲ្យអ្វីៗគ្រប់យ៉ាងរលូនដែរ ដើរទៅកុំឲ្យមានអរិភាពនយោបាយ»។

កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ គណបក្ស៤ រួមមាន គណបក្សភ្លើងទៀន មានលោក សុន ឆ័យ ជាតំណាង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានលោក យ៉េង វីរៈ និង លោក យ៉ង សាំងកុមារ ជាតំណាង គណបក្សកែទម្រង់កម្ពុជា មានលោក អ៊ូ ច័ន្ទរ័ត្ន ជាតំណាង និងគណបក្សឆន្ទៈខ្មែរ មានលោក គង់ មុនីកា ជាតំណាង បានធ្វើសន្និសីទកាសែតរួមគ្នាស្តីពីសំណើសុំឲ្យកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា។

ចំពោះករណីលោក សុន ឆ័យ លោក ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្តឹងផង និងត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្តឹងផង ដោយសារលោក អត្ថាធិប្បាយជាមួយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ ស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់គណបក្សតែមួយ ហើយការរាប់សន្លឹកឆ្នោត មានការលួចបន្លំ។ ពាក្យគណបក្សតែមួយនេះ គឺលោក ចង់សំដៅលើគណបក្សកាន់អំណាច។

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោក សុន ឆ័យ បានចូលបំភ្លឺនៅចំពោះមុខតំណាងអយ្យការម្តងរួចមកហើយ តាមបណ្តឹងរបស់គ.ជ.ប។ គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប ទាមទារដូចគ្នាឲ្យតុលាការ ដាក់ទោសលោក សុន ឆ័យ តាមច្បាប់។ អ្វីដែលខុសគ្នានៅត្រង់ថា គណបក្សប្រជាជនកម្ពុជា ទាមទារឲ្យលោក បង់ប្រាក់ជិត១លានដុល្លារជាការសងជំងឺចិត្ត ឯគ.ជ.ប គ្រាន់តែទាមទារឲ្យលោក សុំទោសប៉ុណ្ណោះ៕

Tag:
 សុន ឆ័យ
  គណបក្សភ្លើងទៀន
  គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com