ជាតិ
​​​ន​យោ​បាយ​ជាតិ​
បណ្តឹងទារប្រាក់ជិត១លានដុល្លារ៖ លោក សុន ឆ័យ សុំឲ្យអយ្យការតម្កល់សំណុំរឿងកុំចាត់ការ
15, Jul 2022 , 2:39 pm        
រូបភាព
បន្ទាប់ពីទៅរាក់ទាក់ដាក់អ្នកគាំទ្រមួយភ្លែត លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានដើរចូលតុលាការភ្នំពេញ ដោយលោកមេធាវី ជូង ជូងី ដើរពីក្រោយ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
បន្ទាប់ពីទៅរាក់ទាក់ដាក់អ្នកគាំទ្រមួយភ្លែត លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានដើរចូលតុលាការភ្នំពេញ ដោយលោកមេធាវី ជូង ជូងី ដើរពីក្រោយ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
ដោយ៖ ទេពញាណ 

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ស្នើទៅតំណាងអយ្យការ ឲ្យតម្កល់ទុកមិនចាត់ការ ចំពោះបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលប្តឹងទារប្រាក់ជិត១លានដុល្លារពីលោក។ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក និងមេធាវីរបស់លោក គឺលោក ជូង ជូងី បានចូលទៅបំភ្លឺនៅចំពោះមុខព្រះរាជអាជ្ញារងម្នាក់ ដែលជាតំណាងអយ្យការអមតុលាការភ្នំពេញ។

 
លោក សុន ឆ័យ ប្រាប់អ្នកកាសែតក្រោយចេញពីតុលាការថា តំណាងអយ្យការ ប្រហែលជាត្រូវការពេល២សប្តាហ៍ ទើបសម្រេចយកបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ទៅចាត់ការបន្តតាមនីតិវិធី ឬតម្កល់ទុកមិនចាត់ការតាមសំណើរបស់លោក។ លោក បញ្ជាក់ដូច្នេះថា៖«ខ្ញុំ ហាក់ដូចជាមិនយល់ថា មានហេតុផលអី ដែលត្រូវឡើងមកតុលាការ ត្រូវប្តឹងផ្តល់មកតុលាការ។ ខ្ញុំ ឆ្លើយព្រឹកមិញហើយ ហើយសុំឲ្យគេតម្កល់បណ្តឹងកុំឲ្យចាត់ការ»។ 

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចំអកឲ្យថា ពេលឡើងដល់តុលាការ លោក សុន ឆ័យ ក៏ធ្វើជាតួកម្សត់។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ សរសេរក្នុងបណ្តាញតេឡេក្រាមដែលប្រមូលផ្តុំដោយក្រុមអ្នកកាសែតដូច្នេះថា៖«ការនិយាយលេងរបស់លោក សុន ឆៃ ធ្វើឲ្យលោក ជាប់គុកមែនទែន បើតុលាការកាត់សេចក្តី»។
 
លោក សុន ឆ័យ មើលឃើញថា ហាក់ដូចជាមិនមានភាពចាំបាច់អ្វី ដែលគណបក្សប្រជាជនកម្ពុជា ត្រូវប្តឹងលោកនោះទេ ហើយការប្តឹងនេះ ក៏មិនមានប្រយោជន៍ដល់គណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀនដែរ។ ជាមួយគ្នានេះ លោក ការពារខ្លួនថា អ្វីដែលលោក អត្ថាធិប្បាយជុំវិញភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ គឺមានសំអាង និងមូលដ្ឋាន។ លោក បដិសេធថា លោក ពុំបាននិយាយខុសការពិត បំផ្លើស ឬបង្ខូចកេរ្តិ៍អ្នកណាឡើយ។ 
 
អនុប្រធានគណបក្សភ្លើងទៀនរូបនេះ បានអធិប្បាយជាមួយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា ដំណើរការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ ត្រូវបានគ្រប់គ្រងស្ទើរទាំងស្រុងដោយគណបក្សតែមួយ ដែលលោក ចង់សំដៅលើគណបក្សកាន់អំណាច។ លោក ថែមទាំង លើកឡើងទៀតថា ការរាប់សន្លឹកឆ្នោតមានការលួចបន្លំ។ 
 
ដោយមិនអាចទទួលយកបានចំពោះសម្តីរបស់លោក សុន ឆ័យ គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើបណ្តឹងប្តឹងលោក ទៅតុលាការ។ គណបក្សកាន់អំណាច ទាមទារឲ្យលោក បង់ប្រាក់ជិត១លានដុល្លារជាការសងជំងឺចិត្ត ខណៈគ.ជ.ប គ្រាន់តែចង់បានការសុំទោសពីលោកប៉ុណ្ណោះ។ លោក បានចូលបំភ្លឺតាមបណ្តឹងរបស់គ.ជ.ប រួចហើយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២៕   
 

Tag:
 សុន ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com