ជាតិ
វិសោធនកម្ម​រដ្ឋធម្មនុញ្ញាញឹកញាប់ រដ្ឋមន្ត្រីអះអាងថា មិនប៉ះពាល់ដល់គ្រឹះប្រជាធិបតេយ្យ និង​របបរាជានិយមឡើយ
16, Jul 2022 , 3:04 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បាន​អះអាងថា ការកែរដ្ឋធម្មនុញ្ញលើកទី១០ គឺ​ដើម្បីបំពេញភាពខ្វះចន្លោះ និងប្រយោជន៍ជាតិជាធំ ដោយឥតមានប៉ះពាល់ដល់គ្រឹះប្រជាធិបតេយ្យ និងរបបរាជានិយមនោះ​ឡើយ។ ប៉ុន្តែ ក្រុមអ្នកនយោបាយក្រៅរដ្ឋាភិបាល សង្គមស៊ីវិល រួមទាំងពលរដ្ឋខ្លះ នៅតែរិះគន់រដ្ឋាភិបាលជុំវិញការវិសោធម្មកម្មទាំង​នេះ ដោយចង់ឲ្យរដ្ឋបើកចំហរ ដើម្បីបានធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងកែច្បាប់កំពូលជាតិ ។

 
«រដ្ឋធម្មនុញ្ញចែងថា ច្បាប់ធម្មនុញ្ញអាចកែបាន ដរាបណាប្រទេសមិននៅក្នុងគ្រាអាសន្ន មិនប៉ះពាល់ដល់ប្រជាធិបតេយ្យសេរីពុហបក្ស និងមិនប៉ះដល់របបរាជានិយម។ ដូច្នេះ ក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យ និងដាក់ថ្វាយទៅព្រះមហាក្សត្រហើយថា ការកែរដ្ឋធម្មនុញ្ញលើកទី១០ ឥតប៉ះគ្រឹះទាំងបីឡើយ»។ នេះជាការការលើកឡើងរបស់ លោក កើត រិទ្ធ រដ្ឋមន្រី្តក្រសួងយុត្តិធម៌ ក្នុងសន្និសីសារព័ត៌មាន ស្តីពីសេចក្តីព្រាងច្បាប់ធម្មនុញ្ញកាលពី​ថ្ងៃទី១៤ ខែ​កក្កដា កន្លងមក។
 
មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ត្រូវបានធ្វើវិសោធនកម្ម ជា​បន្ត​បន្ទាប់។
 
«វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ សម្រាប់ការពារប្រយោជន៍ជាតិ»។ ក្នុងន័យនេះ លោក កើត រិទ្ធ បានពន្យល់ថា គឺជាការធានាឲ្យស្ថាប័នកំពូលរបស់ជាតិ ពិសេសអំណាចនីតិប្រតិបត្តិដែលដឹកនាំកិច្ចការទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងនិរន្តភាពគ្រប់កាលៈទេសៈទាំងអស់។
 
រដ្ឋមន្ត្រី​យុត្តិធម៌​ថ្លែងយ៉ាងដូច្នេះថា៖ «ដើម្បីធានាការពារ និងថែរក្សាឲ្យបានសន្តិភាព សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ និងស្ថេរភាពនយោបាយរបស់ប្រទេសជាតិគ្រប់កាលៈទេសៈ ដើម្បីបន្តជាគ្រឹះដ៏រឹងមាំ សម្រាប់អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងបម្រើសេចក្ដីសុខក្សាន្តប្រជាជនកម្ពុជា»។ 
 
ទោះមានការបកស្រាយយ៉ាងនេះក្តី​ លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅតែរិះគន់ ដោយយល់ឃើញថា ការកែរដ្ឋធម្មនុញ្ញលើកទី១០ គឺប៉ះពាល់ខ្លាំងដល់គោលការណ៍សេរីពហុក្ស បែបសភានិយម។ លោកពិនិត្យឃើញ មាត្រាចំនួន២ ដែលបានកែ ប៉ះពាល់ដល់អំណាចនយោបាយតំណាងរាស្រ្តនិងសភាជាតិ។ នេះបើតាមសំណេរលើទំព័ហ្វេសប៊ុក របស់លោក យ៉ង សាំងកុមារ នៅថ្ងៃទី១៥កក្កដា។ 
 
មាត្រាទាំងពីរនេះ គឺមាត្រា១១៩ថ្មី(មួយ) ដែលដើមឡើងចែងថា ប្រធានរដ្ឋសភា ជាអ្នកស្នើទៅព្រះមហាក្សត្រ ដើម្បីចាត់តាំងវរជនជានាយករដ្ឋមន្រី្ត ពីក្នុងចំណោមតំណាងរាស្រ្តនៃគណបក្សមានអាសៈច្រើនជាងគេក្នុងរដ្ឋសភា ឲ្យបង្កើតរដ្ឋាភិបាល។ ប៉ុន្តែការស្នើរបស់ប្រធានរដ្ឋសភា ធ្វើឡើងដោយការយល់ព្រមពីអនុប្រធានទាំង២នៃរដ្ឋសភា។ ចំណុចនេះ ក្នុងពេលកែរដ្ឋធម្មនុញ្ញលើកទី១០ មាត្រា១១៩ថ្មី(ពីរ)បានកែទៅជា គណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ជាអ្នកស្នើទៅព្រះមហាក្សត្រវិញ ដោយគ្រាន់តែចម្លងសេចក្ដីស្នើនោះទៅប្រធានរដ្ឋសភា។ 
 
ចំណែក មាត្រាមួយទៀត គឹមាត្រា៩៨ថ្មី ញត្តិបន្ទោសរដ្ឋាភិបាល អាចធ្វើទៅបានដោយមានតំណាងរាស្រ្ត៣០នាក់ ទើបរដ្ឋសភាអាចពិភាក្សា ក្នុងការសម្រេចទម្លាក់ឬមិនទម្លាក់ សមាជិកគណៈរដ្ឋមន្រី្ត ឬទម្លាក់រាជរដ្ឋាភិបាលចេញពីតំណែង។ មាត្រានេះ ត្រូវបានកែជា មាត្រា៩៨ថ្មី(មួយ) ដោយដំឡើងតំណាងរាស្រ្ត ១ភាគ៣ ឬស្មើនឹង៤២រូប ទើបអាចដាក់ញត្តិស្ដីបន្ទោសរដ្ឋាភិបាល។ 
 
 
ជុំវិញមាត្រា មាត្រា១១៩ថ្មី(ពីរ) លោក កើត រិទ្ធ បានពន្យល់ក្នុងសន្និសីទថា តួនាទីរបស់ប្រធាន និងអនុប្រធានរដ្ឋសភា គឺការដឹកនាំរដ្ឋសភា។ ប៉ុន្តែសិទ្ធិអំណាចរបស់រដ្ឋសភា គឹអាស្រ័យលើរដ្ឋសភាទាំងមូល។ សិទ្ធិរបស់រដ្ឋសភា ជាការអនុម័តលើសេចក្ដីទុកចិត្ត។ ហេតុនេះ ទើបចម្លងសេចក្ដីស្នើសុំតែងតាំងនាយករដ្ឋមន្រី្តដែលបានដាក់ទៅព្រះមហាក្សត្រ ទៅប្រធានរដ្ឋសភាវិញ ដើម្បីដឹកនាំរៀបចំកិច្ចទាំងនេះ ឲ្យដើរទៅតាមនីតិវិធី។ 
 
 
ទន្ទឹមនឹងនេះ រដ្ឋមន្រី្តក្រសួងយុត្តិធម៌បានសង្កត់ធ្ងន់ថា៖ «ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ប្រជាពលរដ្ឋបោះឆ្នោតរើស គណបក្សនយោបាយដោយផ្ទាល់។ អ៊ីចឹង បើគាត់ទទួលបានការគាត់គាំទ្រ ពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយទទួលបានអាសៈជាងគេក្នុងរដ្ឋសភា កិច្ចការនេះ(ការស្នើឲ្យតែងតាំងនាយករដ្ឋមន្រី្ត) គួរតែជាកិច្ចការរបស់គណបក្សនយោបាយ»។ ដូច្នេះនឹងករណីនេះដែរ លោក កើត រិទ្ធ លើកពីការបោះឆ្នោតជ្រើសតាំង ប្រធានរដ្ឋសភា ក៏ត្រូវបានជ្រើសតាំងចេញពីគណបក្សដែលមានអាសនៈច្រើនដែរ។ ដូច្នេះ ឫសគល់ គឺចេញពីគណបក្សនយោបាយដែលមានអាសនៈច្រើនដូចគ្នា។ 
 
ប៉ុន្តែ លោក យ៉ង សាំងកុមារ មិនយល់លោក កើត រិទ្ធ ឡើយ។ លោកថា ពលរដ្ឋបោះឆ្នោតជ្រើរើសសមាជិកសភាជាតិ។ ចំពោះ តំណាងរាស្រ្តឈរឈ្មោះ នៅពេលជាប់ឆ្នោត នឹងក្លាយទៅជាសមាជិករបស់រដ្ឋសភាជាតិ ដែលតំណាងឲ្យរាស្រ្តទូទាំងប្រទេស។ 
 
«ប្រជាពលរដ្ឋបោះឆ្នោតរើសសមាជិកសភាជាតិដើម្ប រៀបចំរដ្ឋាភិបាលធ្វើការបម្រើប្រជាពលរដ្ឋ មិនមែនបោះឆ្នោតរើសនាយករដ្ឋមន្រ្តីទេ។ ពេលបោះឆ្នោតប្រជាពលរដ្ឋរើសគណបក្សមែន តែពេលជាប់ឆ្នោតតំណាងរាស្រ្តឈរឈ្មោះ ក្លាយសមាជិករបស់រដ្ឋសភាជាតិដែលតំណាងឲ្យប្រជាពលរដ្ឋទូទាំងប្រទេស»។ នេះជាការយល់ឃើញរបស់ប្រធានគណៈកម្មារធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដោយលើកជាយោបល់ថា ការធ្វើវិសោធនកម្មនេះ គួរតែធ្វើប្រជាមតិ។ 
 
ជុំវិញការធ្វើប្រជាមតិនេះ លោក យង់ គឹមអេង ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាពក៏យល់ឃើញដូចលោក យ៉ង សាំងកុមារ ដែរ។ លោកយល់ថា ការកែច្បាប់ធម្មនុញ្ញគឺជារឿងធំ សម្រាប់សង្គមទូទៅ។ «ដូច្នេះ គួរបើកឲ្យទូលាយ ឲ្យមានមតិចូលរួម ថាកែប្រែយ៉ាងដូចម្ដេច ហើយនៅមាត្រាណាខ្លះ ខ្លឹមសារយ៉ាងណា ដើម្បីភាពច្បាស់លាស់»។ 


 លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មារធិការនាយករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ រូបពីទំព័រហ្វេសប៊ុករបស់លោក យ៉ង សាំងកុមារ
 
ក្នុងសន្និសីទិសារព័ត៌មាន លោក កើត រិទ្ធ ពន្យល់ទៅកាន់ក្រុមដែលបានរិះគន់ថាការកែរដ្ឋធម្មនុញ្ញលើកទី១០នេះ ធ្វើឡើងដោយស្ងាត់ៗ មិនត្រឹមត្រូវឡើយ ខណៈក្រុមអ្នកសារព័ត៌មានជាច្រើនបានចូលរួមដឹងឮក្នុងសន្និសីទ។ វិសោធនកម្មនេះ ធ្វើតាមនីតិវិធីតាមច្បាប់ ហើយអ្វីដែលសំខាន់ក្នុងច្បាប់ធម្មនុញ្ញ ពុំមានមាត្រាណាចែង ឲ្យធ្វើប្រជាមតិនៅពេលធ្វើវិសោធនកម្មឡើយ។ 
 
«អ្នកខ្លះលើកឡើងថា ត្រូវធ្វើប្រជាមតិ! ប៉ុន្តែឲ្យធ្វើប្រជាមតិយ៉ាងម៉េច បើរដ្ឋធម្មនុញ្ញ៩៣(១៩៩៣)អត់មានចែងថាត្រូវធ្វើប្រជាមតិ ឲ្យទៅធ្វើប្រជាមតិយ៉ាងម៉េច!?...»។ នេះជាការលើកឡើងរបស់ លោក កើត រិទ្ធ។ 


 លោក កើត រិទ្ធ រដ្ឋមន្រី្តក្រសួងយុត្តិធម៌។ រូបពី ក្រសួងយុត្តិធម៌
ពាក់ព័ន្ធនឹងការធ្វើប្រជាមតិនៅពេលធ្វើវិសោធនកម្មនេះ ពិសេសច្បាប់កំពូល បើទោះបីមិនមានចែងក្នុងរដ្ឋធម្មនុញ្ញ មិនមែនមានន័យថា ធ្វើប្រជាមតិមិនបាននោះទេ។ ដើម្បីឲ្យការកែប្រែច្បាប់មួយ បានល្អប្រសើរ មានធាតុចូលគ្រប់ភាគីពាក់ព័ន្ធ ជាគោលការណ៍សកលគឺត្រូវធ្វើប្រជាមតិ។ នេះជាការលើកឡើងរបស់ មេធាវី សំ សុគង់ ដោយបានបន្ថែមថា៖ «ការធ្វើប្រជាមតិនេះ ពេលច្បាប់ចេញមកគឺមានទទួលយកបានទាំងអស់គ្នា ពិសេសច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលប្រទេស។ ហើយប្រទេសផ្សេងៗ ការធ្វើវិសោធនកម្មនេះ ប្រទេសផ្សេងៗកម្រធ្វើណាស់ នៅពេលធ្វើញឹកពេក ច្បាប់នេះនឹងទៅជាមិនខ្លាំង ព្រោះកាលណាកែច្បាប់ធម្មនុញ្ញ វាអាចប៉ះពាល់ដល់ច្បាប់ផ្សេងទៀត»។ 
 
ចំណែក មាត្រា៩៨ថ្មី(មួយ) ដែលចែងដំឡើងចំនួនតំណាងរាស្រ្តពី៣០រូប ទៅ៤២រូប ក្នុងការដាក់ញត្តិស្ដីបន្ទោសរដ្ឋាភិបាល ដើម្បីសម្រេចថាទម្លាក់ឬមិនទម្លាក់ គណៈរដ្ឋមន្រី្តឬទម្លាក់រាជរដ្ឋាភិបាលពីតំណែងនេះ លោក កើត រិទ្ធ ក៏បានឲ្យដឹងដែរថា ក្នុងច្បាប់ធម្មនុញ្ញ តាមមាត្រានីមួយៗភាគច្រើន ចំនួនឬតួលេខ គឺចែងជា ១ភាគ៣ ២ភាគ៣ ១ភាគ៤ជាដើម។ ដូច្នេះ ទើបសម្រេចកែ តួលេខក្នុងមាត្រានេះ ទៅជា១ភាគ៣វិញ។ លើសពីនេះ ញត្តិស្ដីបន្ទោសរដ្ឋាភិបាល ត្រូវការសំឡេងឲ្យច្រើនជាមុនឬស្មើនឹងមាត្រាដទៃទៀត ខណៈការប្រជុំវិសាមញ្ញក៏ត្រូវសំឡេងយ៉ាងតិច១ភាគ៣ដែរ។ 
 
ពាក់ព័ន្ធនឹងការកែរដ្ឋធម្មនុញ្ញនេះ ទាំងលោក គឹមអេង និង លោក មាស នី អ្នកតាមដានព្រឹត្តិការណ៍សង្គម សុទ្ធតែយល់ថា កាលណាបើរដ្ឋធម្មនុញ្ញកែច្រើនដង នឹងធ្វើឲ្យច្បាប់មិនរឹងមាំ។ ការកែប្រែ ច្បាប់ធម្មនុញ្ញតាមស្ថានការណ៍ ដោយពុំដោយបានគ្រប់ជ្រុងជ្រោយ គឺជារឿងគួរឲ្យព្រួយបារម្ភ ពិសេសកែសម្រាប់ក្រុមណាមួយ។ 
 
ចំពោះ ការបកស្រាយឲ្យលម្អិតលើមាត្រាធម្មនុញ្ញដែលបានកែ លោក មាស នី មិនហ៊ានបកស្រាយឡើយ ព្រោះពុំមែនជាអ្នកជំនាញច្បាប់។ 
 
សូមជម្រាបថា ច្បាប់ធម្មនុញ្ញនេះ ធ្វើវិសោធនកម្មចំនួន១០លើកហើយ ដោយគិតទាំងអំឡុងពេលនេះ។ ច្បាប់ធម្មនុញ្ញ បង្កើតឡើងនៅ២៤កញ្ញា ១៩៩៣។ ច្បាប់នេះ កែលើកទី១ នៅឆ្នាំ១៩៩៤, លើកទី២ ឆ្នាំ១៩៩៩, លើកទី៣ ឆ្នាំ២០០១, លើកទី៤ ឆ្នាំ២០០៥, លើកទី៥ ឆ្នាំ២០០៦, លើកទី៦ ឆ្នាំ២០០៨, លើកទី៧ ឆ្នាំ២០១៤, លើកទី៨ ឆ្នាំ២០១៨, លើកទី៩ ឆ្នាំ២០២១ និងលើកចុងក្រោយនេះ នៅឆ្នាំ២០២២៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com