ជាតិ
អាជ្ញាធរអប្សរាថាខេត្តមិនសូវសហការទប់ស្កាត់សំណង់ខុសច្បាប់ រីឯខេត្តថា អប្សរាចូលចិត្តធ្វើការតែឯង
16, Jul 2022 , 6:59 pm        
រូបភាព
សកម្មភាពរុះរើសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរនាពេលកន្លងមក។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សកម្មភាពរុះរើសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរនាពេលកន្លងមក។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សៀមរាប៖ បញ្ហាសំណង់ខុសច្បាប់ ដែលសង់ក្នុងរមណីយដ្ឋានអង្គរ នៅតែជាបញ្ហាក្ដៅគគុក ពិសេសមុនពេលបោះឆ្នោតម្ដងៗ។ កំណើនសំណង់ខុសច្បាប់ កើនឡើងខ្លាំង និងសង់ឡើងក្នុងល្បឿនរហ័ស សំណង់ខ្លះសង់រយៈពេលត្រឹមមួយយប់ប៉ុណ្ណោះ ដែលវាជាក្ដីបារម្ភរបស់អាជ្ញាធរជាតិអប្សរា ក្នុងការរក្សាទេសភាពវប្បធម៌ក្នុងរមណីយដ្ឋានអង្គរ។

 
ទោះបីឆ្លៀតសាងសង់ក្នុងល្បឿនណាក៏ដោយ ក៏អាជ្ញាធរជាតិអប្សរា នៅតែប្រើប្រាស់កម្លាំងតាមរយៈនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ ចុះទប់ស្កាត់ និងរុះរើភ្លាមៗដែរ។ យ៉ាងណា កាលពីពេលថ្មីៗនេះ ចំណាត់ការនេះ ហាក់ទទួលបានលទ្ធផលមិនល្អប្រសើរឡើង។ ពលរដ្ឋបានលើកគ្នាតវ៉ា និងប្រឆាំងការរុះរើ។ ក៏មានសកម្មភាពខ្លះ ប៉ុនប៉ងប្រើហិង្សាលើកម្លាំងអាជ្ញាធរជាតិអប្សរាផង។ នេះជាការបញ្ជាក់របស់លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។ 
 

 
តាមការលើកឡើងរបស់លោក ឡុង កុសល សកម្មភាពបែបនេះពុំធ្លាប់មានឡើយនាពេលកន្លងមក គឺកើតឡើងក្រោយធ្លាយឯកសាររបស់រដ្ឋបាលខេត្ត ដែលស្នើសុំទៅអាជ្ញាធរជាតិអប្សរា ឱ្យផ្អាករុះរើសំណង់ខុសច្បាប់ក្នុងតំបន់១ និងតំបន់២ មួយរយៈ ដើម្បីពិភាក្សា និងសម្រេចផ្សេងៗ។ លិខិតចុះថ្ងៃទី២៧ ខែមិថុនា ដោយលោក ប្រាក់ សោភ័ណ ជាអភិបាលរង មិនបានបញ្ជាក់លម្អិតពីសំណើសុំផ្អាករុះរើសំណង់ខុសច្បាប់នេះឡើយ។
 
សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ឡុង កុសល ខាងក្រោមនេះ៖ 
 


 
ជុំវិញករណីនេះ លោក សុខ ថុល នាយករដ្ឋបាលខេត្តសៀមរាប ពន្យល់ថា តាមរយៈគណៈកម្មការចម្រុះ ដើម្បីសម្របសម្រួលការប្រើប្រាស់ដីធ្លី​ ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំសណ្ដាប់ធ្នាប់នៅតំបន់រមណីយដ្ឋានអង្គរ រវាងរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា ដោយមានអនុគណៈកម្មការតាមស្រុកមួយៗ គឺតែងបានសហការបានល្អក្នុងអនុវត្តន៍ការងាររើសំណង់ខុសច្បាប់នេះ។ លោកថា មុនចុះអនុវត្តន៍ គឺគណៈកម្មការចម្រុះនេះ បានជជែកពីបញ្ហានានា ដើម្បីសហការពីអាជ្ញាធរមូលដ្ឋាន។ 
 


 
ក្នុងនោះដែរ លោក សុខ ថុល ទទួលស្គាល់ថា មុនពេលបោះឆ្នោតគឺតែងមានពលរដ្ឋក្នុងមូលដ្ឋាន និងខាងក្រៅ ឆ្លៀតសង់សំណង់ខុសច្បាប់ ដែលពេលខ្លះពិតជាមានការលំបាកក្នុងការទប់ស្កាត់ និងអនុវត្តន៍ការរុះរើ៕
 
សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក សុខ ថុល ខាងក្រោមនេះ៖
 

Tag:
 សំណង់ខុសច្បាប់
  រមណីយដ្ឋានអង្គរ
  អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com