ជាតិ
អាស៊ានប៉ារ៉ាហ្គេម៖ អ្នកគ្រូបង្វឹក សុង សុខលាភ អះអាងពីការខំប្រឹងប្រែងរបស់អត្តពលិក​
16, Jul 2022 , 4:02 pm        
រូបភាព
អត្ដពលិកពិការភាព មកទទួលចាក់វ៉ាក់សាំង ដុសទី៤ និងទី៥ រៀបចំដោយក្រសួងសុខាភិបាល សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រូបពី កញ្ញា ផាត់ ដាណេ
អត្ដពលិកពិការភាព មកទទួលចាក់វ៉ាក់សាំង ដុសទី៤ និងទី៥ រៀបចំដោយក្រសួងសុខាភិបាល សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រូបពី កញ្ញា ផាត់ ដាណេ
ក្រសួងសុខាភិបាល សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រតិភូកីឡា និងអត្ដពលិក៩២នាក់ ដែលនឹងចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុង Surakarta ប្រទេសឥណ្ឌូណេស៊ី។ អត្ដពលិកជម្រើសជាតិកម្ពុជា បង្ហាញនូវក្ដីសង្ឃឹម និងព្យាយាម​ក្នុងការប្រកួតដណ្ដើមមេដាយជូនជាតិ។

 
អ្នកគ្រូ សុង សុខលាភ គ្រូបង្វឹកអត្ដពលកម្មជម្រើសជាតិជនពិការភាពកម្ពុជា បាន​លើកឡើងពី​ក្តី​សង្ឃឹមដ៏មោះមុតរបស់អត្ត​ពលិកកម្ពុជា ក្នុងការត្រៀមទៅប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី។ នាអំឡុងពេល​បិទខ្ទប់ អត្តពលិកបាន​ហ្វឹកហាត់​តាមប្រព័ន្ធអនឡាញ ប៉ុន្តែពួក​គេ​បាន​ប្រឹងប្រែងយ៉ាងខ្លាំងក្លា។
 
«បើទោះជាយើងដឹងថា សមត្ថភាពគេខ្លាំងយ៉ាងណាក៏ដោយ យើងនៅតែ សង្ឃឹមក្នុងការប្រជែងយកមេដាយ។ ប៉ុន្ដែអ្វី ដែលខ្ញុំព្រួយបារម្ភ គឺកីឡាករ កីឡាការិនីយើង ខកខានប្រកួតអន្ដរជាតិអស់រយៈពេល៤ឆ្នាំចុងក្រោយនេះដោយសារវិបត្តិកូវី-១៩។ តែទោះជាយ៉ាងនោះក៏ដោយ យើងមានការរៀបចំការប្រកួតនៅក្នុងស្រុកមួយចំនួន ដើម្បីរក្សាសមត្ថភាពរបស់អត្ដពលិកយើង។ បើទោះជាសមត្ថភាពគេយ៉ាងមិចក៏ដោយ តែអត្ដពលិកយើងដាក់ក្ដីសង្ឃឹម និងការប្រឹងប្រែងអស់ពីសមត្ថភាព។»។
 
ក្នុងនាមជំនួសឲ្យអត្ដពលិកពិការភាពទាំងអស់ គ្រូបង្វឹករូបនេះ បានប្រាប់សារព័ត៌មាន​ថ្មីៗទាំងទឹកមុខញញឹមថាកីឡាករ កីឡាការិនីពិតជាសប្បាយចិត្តចំពោះការយកចិត្តទុកដាក់ សម្រាប់ការផ្ដល់អាទិភាពក្នុងការទទួលយកវ៉ាក់សាំងដោយមិនរើសអើងដល់ពួកគេ។
 
«ទោះពិការភាពយ៉ាងណាក៏ដោយ ក៏អ្នកទាំងនោះអាចទទួលបានវ៉ាក៉សាំង ដូចអត្ដពលិកទូទៅផងដែរ។ ការមិនរើសអើងនេះ បានជម្រុញឲ្យអត្ដពលិកពិការទាំងអស់មានការប្រឹងប្រែងប្រកួតយកជ័យជម្នះកាន់តែខ្លាំងឡើង។»។ អ្នកគ្រូ សុង សុខលាភ បានប្រាប់បែបនេះ។
 
អត្ដពលិក និងប្រតិភូដឹកនាំកីឡាទាំងអស់ នឹងត្រូវធ្វើដំណើរតាម​ជើងហោះហើរពិសេស នៅថ្ងៃទី២៦ ខែកក្កដា ដោយចេញពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ទៅទីក្រុងសូឡូ ដោយមិនមានការប្ដូជើងយន្ដហោះទេ។ អ្នកគ្រូ សុង សុខលាភ បញ្ជាក់ថា នេះជាការសម្រួលដល់ការងារដ៏ល្អបំផុត ដែលសម្ដេច ហ៊ុន សែន បានផ្ដល់ឲ្យ។ ប្រសិន មិនមានការសម្រួលដល់បញ្ហានេះទេ អត្ដពលិកពិការភាព មានការពិបាក ក្នុងការធ្វើដំណើរ ដោយមានរទេះរុញផង ឈើច្រត់ផង ហើយនិងការធ្វើដំណើរ ត្រូវប្ដូរជើងយន្ដហោះទៀត ដែលជាហេតុនាំឲ្យមានការពិបាក។ «តាមរយៈជើងហោះហើរ VIP ដែលបានផ្ដល់ឲ្យ អត្ដពលិកអាចធ្វើដំណើរបានដោយស្រួល និងមិនមានការប្ដូរជើងហោះហើយឡើយ ដោយទៅទីក្រុងសូឡូផ្ទាល់តែម្ដង។»។
 
ក្នុងកម្មវិធីនេះដែរ កីឡាការិនី អាន ស៊ីណែត ប្រធានក្រុមបាល់បោះកីឡាជនពិការ បានប្រាប់ពីការរំពឹងទុក និងសង្ឃឹមយ៉ាងមុតមាំ ក្នុងការប្រកួតជាមួយនិងប្រទេសក្នុងតំបន់។«ខ្ញុំ មិនមានការព្រួយបារម្ភ និងមិនមានសម្ពាធទេ តែត្រូវប្រកួតដោយអស់ពីសមត្ថភាព។»។
 
គួរបញ្ជាក់ផងដែរថា កម្ពុជា នឹងបញ្ជូនអត្ដពលិក និងប្រតិភូដឹកនាំចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ចំនួន១៦៥នាក់ ដែលប្រកួតលើ១១ប្រភេទកីឡា ខណៈម្ចាស់ផ្ទះ ដាក់១៤ប្រភេទកីឡាក្នុងការប្រកួត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com