ជាតិ
ក្រូចពោធិ៍សាត់ ថយទិន្នផល ជាងពាក់កណ្ដាល ដោយសារអាកាសធាតុប្រែប្រួល
16, Jul 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ទិន្នផលក្រូចពោធិ៍សាត់ឆ្នាំនេះ ត្រូវធ្លាក់ចុះជាងពាក់កណ្ដាល ដោយសារបរិមាណទឹកភ្លៀងច្រើនលើសលុប ដែលធ្វើឱ្យក្រូចពុំសូវចេញផ្លែ។ ទិន្នផលធ្លាក់ចុះយ៉ាងគំហុកនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់កសិករ គួបផ្សំជាមួយប្រេងសាំង និងជីថ្នាំកសិកម្មឡើងថ្លៃ។

 
ខេត្តពោធិ៍សាត់ មានផ្ទៃដីដាំដុះក្រូចពោធិ៍សាត់ជាង៨ពាន់ហិកតា។ នៅខែកក្កដានេះ កសិករ បានប្រមូលផលបានប្រហែល៣០ភាគរយប៉ុណ្ណោះ  ខណៈពួកគេរំពឹងទិន្នផលកើនឡើងវិញនៅឆ្នាំបន្ទាប់។
 
លោក ឃុន សុភាព ប្រធានសមាគមក្រូចពោធិ៍សាត់ និងជាម្ចាស់ចម្ការក្រូចចំនួន១៥ហិកតា នៅភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា ឆ្នាំនេះក្រូចពោធិ៍សាត់ ពុំសូវមានផ្លែនោះទេ ដោយសារភ្លៀងធ្លាក់ច្រើនពេក។
ក្រូច ជាដំណាំមួយប្រភេទ ដែលត្រូវការអាកាសធាតុក្ដៅ ហើយសើម។ រដូវប្រាំង គឺសំខាន់បំផុតដែលអាចធ្វើឱ្យដើមក្រូចអន់ និងមានកម្លាំងចេញផ្លែនៅរដូវវស្សា។ 
 
ដោយឡែក នៅឆ្នាំ២០២២នេះ មានភ្លៀងធ្លាក់ជាប់រហូត ពោលគឺគ្មានរដូវប្រាំងនោះទេ ដែលហេតុធ្វើឱ្យក្រូចពោធិ៍សាត់របស់ លោក ឃុន សុភាព ធ្លាក់ចុះទិន្នផល៦០ភាគរយ។ 
 
លោក ឃុន សុភាព ប្រាប់ ThmeyThmey25 ដូច្នេះ៖«ភ្លៀងរហូត អត់មានរដូវប្រាំងសោះ។ អ៊ីចឹង វាធ្វើឱ្យក្រូចអត់សូវចេញផ្លែ។ ក្រូចនេះ ត្រូវការរដូវប្រាំង ធ្វើយ៉ាងមិចឱ្យស្ងួតដើម ឬស្វិតដើមខ្លះទៅ ដល់តែពេលធ្លាក់ភ្លៀងមកទើបវាលាស់ និងចេញផ្លែ។ យើងងាកមកមើលឆ្នាំនេះ អត់មានរដូវប្រាំងផង ដើមនៅលាស់ខៀវបំព្រង។ អ៊ីចឹង ផ្លែបានបន្តិចបន្តួច»។ 
 
ប្រធានសមាគមរូបនេះ បញ្ជាក់ថា ក្រូចពោធិ៍សាត់ អាចផ្ដល់ផ្លែបានប្រមាណ១៦តោន ក្នុងផ្ទៃដី១ហិកតា។ ប៉ុន្តែ នៅឆ្នាំនេះ លោកបានបាត់បង់ទិន្នផលប្រហែល ៦០ភាគរយ ធៀបនឹងឆ្នាំមុនៗ។ លោក សុភាព មិនចំណេញនោះទេ ដោយសារទិន្នផលធ្លាក់ចុះ រីឯប្រងសាំង និងជីថ្នាំកសិកម្មឡើងថ្លៃទ្វេដង។ យ៉ាងណា លោក សុភាព មិនអស់សង្ឃឹមទេ ដោយរំពឹងទិន្នផលក្រូចពោធិ៍សាត់កើនឡើងនៅអំឡុងខែមេសា ឬឱសភា ឆ្នាំក្រោយ។ 
 
«កាលណាតែបាត់ទិន្នផល គឺមានផលប៉ះពាល់ច្រើន លើកលែងតែប្រព័ន្ធស្រោចស្រពមួយទេដែលយើងចំណាយនៅឆ្នាំនេះ។ សម្រាប់ជីថ្នាំ យើងនៅប្រើដដែល តែត្រូវកាត់បន្ថយខ្លះ ព្រោះបើយើងហ៊ានប្រើចំនួនច្រើនដូចពីមុន យើងអាចនឹងខាត»។ 
 
ស្រដៀងគ្នានេះ លោក លៀង ពេជ្រ កសិករដាំក្រូចពោធិ៍សាត់ប្រមាណ៥០ហិកតា នៅស្រុកវាលវែង បានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០២២មក មានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យក្រូចពុំសូវមានផ្លែ។ ជាក់ស្ដែង ឆ្នាំនេះលោកទទួលបានទិន្នផលប្រហែល ២៥ភាគរយប៉ុណ្ណោះ ធៀបនឹងឆ្នាំមុន ៩០ភាគរយ។ 
 
ក្រូចពោធិ៍សាត់ ចាប់ផ្ដើមប្រមូលផលចាប់តាំងពីខែមេសា រហូតដល់ខែវិច្ឆិកា។ ក្នុងផ្ទៃ ៥០ហិកតា លោក លៀង ពេជ្រ អាចរកចំណូលបាន៣០ ទៅ៦០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ដោយឡែក ឆ្នាំនេះ លោកអះអាងថា មិនចំណេញនោះទេ គ្រាន់តែអាចទប់ទល់នឹងថ្លៃចំណាយជួយកម្មករ និងជីថ្នាំកសិកម្ម។ 
 
លោក ពេជ្រ រៀបរាប់ដូច្នេះ៖«ក្រូចឆ្នាំនេះ មិនអំណាយផលទេ បានត្រឹមមួយរួចថ្លៃចំណាយលើកម្មករ។ ដោយសារភ្លៀងធ្លាក់ច្រើនពេក ធ្វើឱ្យដំណាំប្រែប្រួល មិនចេញផ្លែ»។ 
 
បច្ចប្បន្ន ក្រូចពោធិ៍សាត់ មានតម្លៃចន្លោះពី៣០ ០០០ ទៅ៣៥ ០០០រៀលក្នុងមួយផ្លូន(៤០ផ្លែ)។ ក្រូចពោធិ៍សាត់ ភាគច្រើនសម្បូរទីផ្សារនាំចេញទៅភ្នំពេញ ដោយលក់ឱ្យក្រុមហ៊ុនកែច្នៃ និងលក់ឱ្យភ្ញៀវទេសចរមកលេងខេត្តពោធិ៍សាត់ជាដើម។ 
 
គួរបញ្ជាក់ថា​ ក្រូចពោធិ៍សាត់ ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំ​និញ របស់ក្រសួងពាណិជ្ជកម្ម ដើម្បីការពារប្រយោជន៍ និងបង្កើនតម្លៃដល់អ្នកផលិត ជាពិសេសទប់ស្កាត់ការក្លែងបន្លំប្រភពដើម។ ក្រូចពោធិ៍សាត់នេះ ត្រូវបានដាំដុះច្រើនជាងគេនៅពោធិ៍សាត់ និងបាត់ដំបង ដែលគេជឿជាក់ថាមានរស់ជាតិឆ្ងាញ់៕ 
 
 

Tag:
 ក្រូចពោធិ៍សាត់
  សមាគមក្រូចពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com