ជាតិ
អាជ្ញាធរជាតិអប្សរា៖ ការបម្លាស់ទីពលរដ្ឋចេញពីតំបន់អង្គរ ដើម្បីការពារតម្លៃជាសកល
12, Sep 2023 , 3:09 pm        
រូបភាព
តំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី។
តំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី។
សៀមរាប៖ អាជ្ញាធរជាតិអប្សរាដែលជាអ្នកគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ បានចេញមកពន្យល់ជុំវិញរបាយការណ៍របស់អង្គការលើកលែងទោសអន្ដរជាតិ (Amnesty International) ដែលស្នើឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពិនិត្យមើលការបណ្ដេញដោយបង្ខំរបស់ពលរដ្ឋ ដែលរស់នៅតំបន់អង្គរ។ ឆ្លើយតបបញ្ហានេះ អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការងាររៀបចំការបម្លាស់ទីនេះ គឺមានការសិក្សា និងដាក់គោលនយោបាយច្បាស់លាស់ពីរាជរដ្ឋាភិបាល ក្នុងន័យដើម្បីការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ។

 
តាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១២ កញ្ញា អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ការងាររៀបចំបម្លាស់ទីរបស់ប្រជាពលរដ្ឋ ដែលមានសំណង់មិនស្របច្បាប់នៅតំបន់អង្គរ គឺបានសិក្សា និងពិភាក្សានៅក្នុងកិច្ចប្រជុំ ICC-Angkor នៅកំឡុងខែធ្នូ ឆ្នាំ២០២២ និងខែមិថុនា ឆ្នាំ២០២៣ និងបានធ្វើរបាយការណ៍ជាទៀងទាត់ ផ្ញើទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។ 
 
បន្ថែមពីនេះ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហា​សំណង់ខុសច្បាប់ និងបញ្ហាដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយអនុវត្តតាមមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាតិ និងអន្ដរជាតិ ។ អាជ្ញាធរជាតិអប្សរាជាសេនាធិការរដ្ឋាភិបាល មានកាតព្វកិច្ចគ្រប់គ្រង និងទប់ស្កាត់ការចូលកាន់កាប់ខុសច្បាប់សំដៅរក្សានូវតម្លៃលេចធ្លោជាសកលនៃ រមណីយដ្ឋានអង្គរ ដែលត្រូវបានបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២។ នេះជាខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា។
 
តាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា ការបន្តរីករាលដាលសំណង់ខុសច្បាប់នៅតំបន់១ និងតំបន់២ អាចធ្វើឱ្យប៉ះពាល់ដល់តម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ។ ចំពោះការផ្លាស់ប្ដូរទីតាំង​របស់ពលរដ្ឋ ដែលមានលំនៅឋានមិនមានរបៀបរៀបរយ ក៏ត្រូវបានសិក្សា និងចេញនូវវិធានការគាំទ្រ​ពីរាជរដ្ឋាភិបាលតាំងពីអាណត្តិទី៦ និងរហូតដល់បច្ចុប្បន្ន ក្នុងន័យឱ្យពលរដ្ឋទាំងនោះមានទីលំនៅ​ស្របច្បាប់ មានប័ណ្ណកម្មសិទ្ធិច្បាស់លាស់។ 
 
អាជ្ញាធរបន្តថា ប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត​ចេញទៅរស់នៅតំបន់រុនតាឯក ក៏ទទួលបានការគាំពារសង្គមពីរដ្ឋរយៈពេល១០ឆ្នាំ និងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ អគ្គិសនី ទឹកស្អាត ប្រព័ន្ធគមនាគមន៍សាលារៀន មន្ទីរពេទ្យ ផ្សារ វត្តអារាម និងមណ្ឌលសេវាសាធារណៈ របស់ស្រុកផងដែរ។ 
 
ទាក់ទងនឹងអង្គការលើកលែងទោសអន្ដរជាតិ (Ammesty International) វិញ អាជ្ញាធរជាតិអប្សរាពន្យល់ថា ពេលថ្មីៗនេះស្ថាប័ននេះ បានទាក់ទងមកអាជ្ញាធរជាតិអប្សរាដោយស្នើសុំ កិច្ចសម្ភាសតាមប្រព័ន្ធ ZOOM តែសំណើរនេះត្រូវបានបដិសេធពីអាជ្ញាធរជាតិអប្សរា ដោយបានស្នើឱ្យមកជួបផ្ទាល់ ដើម្បីងាយស្រួលពន្យល់ និងពិនិត្យស្ថានភាពជាក់ស្ដែងនៅតំបន់អភិវឌ្ឍន៍។ 
 
អាជ្ញាធរជាតិអប្សរា បានសរសេរដូច្នេះថា៖« អាជ្ញាធរជាតិអប្សរាក៏បានស្នើសូមឱ្យ​អង្គការលើកលែងទោសអន្ដរជាតិ ឬអ្នកតំណាង អញ្ជើញមកជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរា​នៅទីតាំងផ្ទាល់នៅតំបន់អង្គរ និងតំបន់ធម្មជាតិរុនតាឯកតែម្ដង ប្រសើរជាងការទទួលបានព័ត៌មានចម្ងាយ រាប់ពាន់គីឡូម៉ែត្រពីស្ថានភាពជាក់ស្ដែង។ ជាការគួរឱ្យសោកស្ដាយដោយសំណើររបស់អាជ្ញាធរជាតិអប្សរា ពុំទទួលបានការយល់ព្រមពីអង្គការលើកលែងទោសអន្ដរជាតិនោះឡើយ»។
 
គួរបញ្ជាក់ថា តាមរយៈការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួនកាលពីចុងសប្ដាហ៍កន្លងទៅ បានដកស្រង់សេចក្ដីថ្លែងការរបស់អង្គការលើកលែងទោសអន្ដរជាតិ ឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកពិនិត្យ និងរកដំណោះស្រាយពីបញ្ហាការបណ្ដេញប្រជាជន ប្រមាណ១ម៉ឺនគ្រួសារ​ដោយបង្ខំពីតំបន់អង្គរ ដែលអ្នកខ្លះរស់នៅច្រើនជំនាន់មកហើយ។ អង្គការនេះបន្ថែមថា ទីតាំងថ្មីដែលពលរដ្ឋទៅតាំងទីនោះមិនទាន់មានទឹកស្អាត និងបង្គន់អនាម័យនៅឡើយ ដែលការណ៍នេះប៉ះពាល់ដល់សុខុមាលប្រជាជនជាខ្លាំង។ល៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com