ជាតិ
សិស្សគេចសាលា ជក់បារី.. កំពុងបង្កក្ដីបារម្ភចំពោះពលរដ្ឋក្នុងក្រុងសៀមរាប
16, Sep 2023 , 4:09 pm        
រូបភាព
សមត្ថកិច្ចប្រមូលសិស្សគេចសាលានៅស្រុកសូទ្រនិគម នៅចុងខែសីហា។ រូបភាពពីអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម
សមត្ថកិច្ចប្រមូលសិស្សគេចសាលានៅស្រុកសូទ្រនិគម នៅចុងខែសីហា។ រូបភាពពីអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម
សៀមរាប៖ បញ្ហាសិស្សគេចសាលា ជក់បារី ក្មេងទំនើង គឹជាក្ដីបារម្ភរបស់ប្រជាពលរដ្ឋខ្លះនៅ​ក្រុងសៀមរាប ដែលពួកគេយល់ថាទង្វើនេះកំពុងបំផ្លាញសង្គម ដែលតោងឱ្យទាំងអស់គ្នាដោះស្រាយ​ជាបន្ទាន់។

 
ជុំវិញបញ្ហាខាងលើនេះលោក អ៊ុន សាវ៉ាន់ ជាប្រតិបត្តិករទេសចរណ៍មួយរូបមើលឃើញថា សិស្សមួយចំនួនបានជួបជុំគ្នា គេចសាលារៀន និងជក់បារីអេឡិចត្រូនិក ដែលលោកបានឃើញផ្ទាល់ នៅទីតាំងខ្លះក្នុងក្រុងសៀមរាប។ លោកបន្តថា សិស្សខ្លះអាចឈានដល់ការបង្ហោះម៉ូតូ ដែលពេលខ្លះគ្រូ និងអាណាព្យាបាលមិនបានដឹងផង។
 
លោក សាវ៉ាន់ ក៏រំពឹងថា ថ្នាក់គ្រប់គ្រងសាលា អាណាព្យាបាលសិស្ស និងអាជ្ញាធរពាក់ព័ន្ធ នឹងរឹងបន្ដឹងការជួបជុំរបស់សិស្សសាលា និងហាមឃាត់ការទិញបារីពីសិស្សជាដើម។ លោកបន្ថែមថា៖« 
កត្តាសំខាន់ដែលអាចដោះស្រាយបានដែរនោះ គឺការដាក់ច្បាប់រិតបន្ដឹងអ្នកលក់ មិនអនុញ្ញាតឱ្យលក់ ឱ្យសិស្សសាលាទេ ដែលអាចប៉ះពាល់ដល់អនាគតក្មេងៗ នេះជាការចូលរួម អ្នកផ្តល់ទីតាំងក៏ដូចគ្នា សូមធ្វើការរួមគ្នា»។ 
 
ពលរដ្ឋមួយរូបទៀតរស់នៅសង្កាត់ស្លក្រាម លោក យី សុថា ក៏មើលឃើញពីលេចឡើងនូវក្រុមសិស្ស និងក្រុមក្មេងទំនើងដែល​គេចសាលានៅតាមមាត់ស្ទឹង និងសួនច្បារក្នុងក្រុងសៀមរាបផងដែរ។ លោកថា នេះជាទង្វើកំពុងបំផ្លាញសង្គម ដូចជាជក់បារី ផឹកស្រា និងលេងល្បែងស៊ីសងជាដើម។
 
សម្រាប់លោក សុថា កត្តាដែលជំរុញឱ្យសិស្សប្រព្រឹត្តិអំពើទាំងនោះដោយសារការអូសទាញ ឬសេពកប់មិត្តភក្តិមិនល្អផងដែរ។ លោកបន្តថា៖« សំណូមពរ ដល់គ្រូ ថ្នាក់ដឹកនាំសាលា អាណាព្យាបាល ត្រូវយកចិត្តទុកដាក់ចំពោះកូន កូនសិស្ស តាមដានឱ្យជាប់លាប់ ព្រោះថាទង្វើនេះប៉ះពាល់សុខភាព បាត់បង់អនាគតទាំងវ័យក្មេង និងមិនអាចជួយសង្គម និងគ្រួសារបាន»។
 
 
ជុំវិញករណីនេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប លោក លី ប៊ុណ្ណា បានទទួលស្គាល់ថា ពិតជាមានសិស្សគេចសាលាពិតប្រាកដមែន តែមិនច្រើនទេ។ លោកប្រធានមន្ទីរពន្យល់ថា បញ្ហានេះមន្ទីរបានអនុវត្តន៍តាមការផ្សព្វផ្សាយរបស់ក្រសួង ដោយបានពង្រឹងការគ្រប់គ្រង និងរៀបចំដំណើរការរៀនឱ្យមានជាប់ជាប្រចាំ មិនឱ្យដាច់ឡើយ។ បន្ថែមពីនេះ មន្ទីរបានឱ្យសាលា​ពង្រឹងវិន័យសិស្ស ហើយប្រសិនមានការចាំបាច់ត្រូវផ្តល់ព័ត៌មាន​ទៅអាជ្ញាធរដើម្បីជួយអន្ដរាគមន៍​ពាក់ព័ន្ធសិស្សនៅក្រៅសាលា។
 
យ៉ាងណាលោក ប៊ុណ្ណា ប្រាប់ថា ការងារនេះមានភាពលំបាកបន្ដិច ព្រោះសិស្សនៅក្រៅសាលាខ្លះ​មិនមែនសុទ្ធតែធ្វើរឿងមិនល្អទេ។ អ្នកខ្លះគ្រាន់តែអង្គុយផឹកកាហ្វេនៅក្រៅម៉ោងរៀនក៏ថាបាន។ 
 
ចំពោះករណីសិស្សជក់បារី ឬបារីអេឡិចត្រូនិក ប្រធានមន្ទីរអប់រំខេត្តសៀមរាប លើកទឹកចិត្តឱ្យមហាជន អាជ្ញាធរដែនដីជួយសហការឃ្លាំមើល និងត្រូវមានអន្ដរាគមន៍ឱ្យទាន់ពេលវេលា ដូចជាអប់រំ ដើម្បីកុំឱ្យពួកគេឈានដល់ចំណុចដែលមិនអាចកែបាន។ 
 
នៅចុងខែ សីហា កន្លងទៅ អាជ្ញាធរស្រុក និងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ​សហការជាមួយលោកនាយកសាលា បានចុះប្រមូលសិស្សដែលគេចសាលា មិនចូលរៀន នាំគ្នាទៅសម្ងំផឹកស្រា លេងល្បែង​ ជក់បារី លេងហ្គេមតាមកញ្ចុះនៅក្រៅសាលារៀន។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចក៏បានយកក្មេងៗគេចសាលាទាំងនោះទៅតេសរកសារធាតុញៀនផងដែរ តែលទ្ធផលអវិជ្ជមាន។ សមត្ថកិច្ចគ្រាន់តែអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ហើយឱ្យអាណាព្យាបាលធ្វើលិខិតធានា យកទៅផ្ទះវិញ។
 
សម្រាប់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក លី ប៊ុណ្ណា យល់ថា អាណាព្យាបាលមានកាតព្វកិច្ចខ្ពស់ ចំពោះការតាមដាន និងមើលថែទាំកូនចៅ។ លោកថា ភារកិច្ចនៅសាលារៀនគឺគ្រូ ចំណែកនៅខាងក្រៅសាលា គឺជាភារកិច្ចរបស់អាណាព្យាបាល សហគមន៍ និងអាជ្ញាធរដែលជួយគាំទ្របន្ថែមទៀតក្នុងក្របខណ្ឌ​នៃការអប់រំ៕
 

Tag:
 សិស្សគេចសាលា
© រក្សាសិទ្ធិដោយ thmeythmey.com