ជាតិ
ចូលចិត្តភាពស្ងប់ស្ងាត់ កុំភ្លេចទៅទស្សនាប្រាសាទបន្ទាយសំរ៉ែ
18, Sep 2023 , 8:59 am        
រូបភាព
 ភ្ញៀវទេសចរដើរទស្សនានៅប្រាសាទបន្ទាយសំរ៉ែ
ភ្ញៀវទេសចរដើរទស្សនានៅប្រាសាទបន្ទាយសំរ៉ែ
សៀមរាប៖ ជាប្រាសាទដែលនៅហាក់ដាច់ឆ្ងាយពីគេបន្ដិច តែបន្ទាយសំរ៉ែនៅតែអាចទាក់ទាញទេសចរ ចូលទៅទស្សនាគួរសម។

 
ភាពស្ងប់ស្ងាត់ ហ៊ុំព័ទ្ធដោយធម្មជាតិត្រឈឹងត្រឈៃ គឺជាភាពទាក់ទាញមួយផ្នែកធំ នៃប្រាសាទបន្ទាយសំរ៉ែ ក្រៅពីក្បួរក្បាច់រចនាផ្សេងៗ។ ភ្ញៀវទេសចរអាចទៅទស្សនាប្រាសាទនេះបាន ដោយធ្វើដំណើរឆ្លងកាត់ភូមិព្រះដាក់ កាត់តាមភូមិអូរទទឹង ហួសដីទួលខ្នងបារាយណ៍ខាងកើតបន្ដិច ឬស្ថិតនៅទល់មុខសាលាបឋមសិក្សាបន្ទាយសំរ៉ែតែម្ដង។ 
 
ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទបន្ទាយសំរ៉ែ និងប្រាសាទភ្នំបូក លោក សៀន បណ្ឌិត បានឱ្យដឹងថា ប្រាសាទនេះមានលំហូរភ្ញៀវទេសចរគួរឱ្យកត់សម្គាល់ គឺមានចន្លោះពី១០០ទៅ២០០នាក់ ក្នុងមួយថ្ងៃ។ ដ្បិតជាផ្លូវមមាញឹក ឬជាខ្សែផ្លូវភ្ជាប់វង់ទស្សនាជាមួយប្រាសាទបន្ទាយស្រី ធ្វើឱ្យបន្ទាយសំរ៉ែ តែងទទួលបានភ្ញៀវទេសចរមិនដាច់ឡើយ។ 
 


លោក សៀន បណ្ឌិត ពន្យល់ដូច្នេះថា៖« ភ្ញៀវទេសចរមួយចំនួនចូលទស្សនាប្រាសាទបន្ទាយសំរ៉ែរួច ទើបទៅចេញប្រាសាទបន្ទាយស្រី ជួនកាលគាត់ទៅប្រាសាទបន្ទាយស្រីរួច ទើបចូលមកប្រាសាទបន្ទាយសំរ៉ែ»។
 
ក្រៅពីរចនាបថ ក្បួរក្បាច់ចម្លាក់ផ្សេងៗ ផ្នែកជាច្រើននៃប្រាសាទនេះនៅមានសភាពល្អ ដូចជាជញ្ជាំងថ្មបាយក្រៀម កំពូលដូចប្រាសាទអង្គរវត្ត កម្រាល និងបង្កាន់ដៃនាគជាដើម។ ប្រាសាទនេះក៏មានផ្នូរបុរាណមួយ​តម្កល់នៅផ្នែកខាងក្នុង ដែលគេអាចឃើញពេលចូលតាមច្រកខាងកើត ទៅបន្ដិច។ 
 
លោក ឡុង ណារី អ្នកអភិរក្សថ្មប្រចាំប្រាសាទបន្ទាយសំរ៉ែ ក៏កត់សម្គាល់ពីភាពអស្ចារ្យនៃប្រាសាទ នេះដែរ។ ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗ លោក ណារី យល់ថា ប្រាសាទនេះតូច កសាងដំណាលគ្នាទៅនឹងប្រាសាទអង្គរវត្តក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ តែបន្ទាយសំរ៉ែសង់នៅលើដីរាប។ ចំណែករានហាលខាងមុខច្រកចូលខាងកើត មានលម្អដោយបង្កាន់ដៃនាគដែលមានប្រវែងប្រមាណ ២០០ម៉ែត្រ។ ក្រៅពីនោះ ក្បូរក្បាច់រូបចម្លាក់តាមផ្ដែ និងហោជាងគឺនៅល្អ ដែលរៀបរាប់ពីសាច់រឿងបែប ទេវកថា។ 


 
លោក ណារី ក៏សម្គាល់ឃើញថា ប្រាសាទបន្ទាយសំរ៉ែមានសភាពស្ងប់ស្ងាត់ល្អ ដែលអាចឱ្យអ្នកទស្សនា រីករាយ រំសាយអារម្មណ៍តានតឹងមួយផ្នែកផងដែរ។
 
ចំពោះការដើរទស្សនាវិញ លោក សៀន បណ្ឌិត រៀបរាប់ថា ភ្ញៀវទេសចរមួយចំនួនចូលប្រាសាទនេះ​តាមច្រកខាងជើង តែលោកលើកទឹកចិត្តឱ្យចូលតាមច្រកខាងកើត ដែលជាច្រកខាងមុខ ដ្បិតវារៀបរាប់សាច់រឿងតាមលំដាប់ លំដោយបានលម្អិត។ ប្រាសាទនេះស្ងប់ស្ងាត់ល្អ ដ្បិតនៅរៀងឆ្ងាយពីផ្លូវ និងហ៊ុំព័ទ្ធដោយដើមឈើ​តូចធំខ្ពស់ៗ ហើយបរិវេណប្រាសាទនេះ​ក៏មានភាពអំណោយផលសម្រាប់អ្នកចូលចិត្តអាន​សៀវភៅផងដែរ។ នេះជាការរៀបរាប់របស់លោក សៀន បណ្ឌិត។
 
លោក បណ្ឌិត បន្ថែមថា៖« ពេលចូលមកភ្ញៀវមាន២ប្រភេទ ដែលមួយមានមគ្គុទ្ទេសក៍ និងមួយទៀតអត់មគ្គុទ្ទេសក៍ គឺចូលមកមើលអ្វីដែលគាត់មើលឃើញ គឺចូលពីជើង ចូលច្រកហ្នឹងតែម្ដង ដើរជុំវិញតាមអារម្មណ៍ដែលគាត់ចង់ តែសម្រាប់ភ្ញៀវដែលគាត់មានមគ្គុទ្ទេសក៍ គឺគាត់ចាប់ផ្តើមចូលច្រក​ខាងកើត ព្រោះសាច់រឿងប្រាសាទរៀបរាប់ពីខាងកើតទៅ តាមបែបបទពីដើមដល់ចប់»។ 
 
ជាមួយគ្នានេះ មន្រ្តីអាជ្ញាធរជាតិអប្សរារូបនេះលើកទឹកចិត្តដល់ភ្ញៀវទេសចរគួរមកទស្សនាប្រាសាទ​បន្ទាយសំរ៉ែ ជាប្រាសាទដែលស័ក្ដិសមសម្រាប់ទេសចរដែលធុញទ្រាន់នឹងភាពអ៊ូអរ។ ប្រាសាទនេះនឹងអាចផ្តល់បទពិសោធន៍ថ្មីសម្រាប់ភ្ញៀវទេសចរផងដែរ៕
 

Tag:
 ប្រាសាទបន្ទាយសំរ៉ែ
© រក្សាសិទ្ធិដោយ thmeythmey.com