ជាតិ
ឆន្ទៈ និង​ការ​ខំប្រឹង ធ្វើឱ្យ​សិប្បកម្ម​ត្រីងៀត សំណាង សុធា ទទួលបាន CQS ពេញលេញ​ដំបូង​គេ​
19, Sep 2023 , 10:27 pm        
រូបភាព
លោក យន់ សំណាង ម្ចាស់សិប្បកម្មកែច្នៃត្រី សំណាង សុធា នាខេត្តសៀមរាប
លោក យន់ សំណាង ម្ចាស់សិប្បកម្មកែច្នៃត្រី សំណាង សុធា នាខេត្តសៀមរាប
​លោក យន់ សំណាង ជា​ម្ចាស់​សិប្បកម្ម​កែច្នៃ​ត្រីងៀត ដែលមាន​ឈ្មោះថា សំណាង សុធា នា​សង្កាត់​សៀមរាប ខេត្តសៀមរាប​។ ក្រោយ​បង្កើត​សិប្បកម្ម​អស់​រយៈពេល​១៥​ឆ្នាំ លោក សំណាង បានទទួល​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព CQS ពេញលេញ របស់​គម្រោង​CAPFISH ដែល​អនុវត្ត​ដោយ​អង្គការ​UNIDO និង​រដ្ឋបាល​ជលផល​។​


 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​នា​ដំណើរ​ទស្សនកិច្ច​សិក្សា និង​ផ្សព្វផ្សាយ​អំពី​សហគ្រាស​ជលផល​ក្រោយ​ប្រមូល​ផល ដែល​រៀបចំ​ដោយ​ក្រសួងកសិកម្ម និង​អង្គការ UNIDO លោក យន់ សំណាង លើកឡើងថា​៖«​និមិត្តសញ្ញា​គុណភាព​ផល ផលិតផល​ជលផល​កម្ពុជា​នេះ វា​មានតម្លៃ​ណាស់​សម្រាប់​ខ្ញុំ​។ មិន​ងាយ​មាន​អ្នកណា​ទទួលបាន​។ ការទទួលបាន​នេះ វា​ល្អប្រសើរ​សម្រាប់​សហគ្រាស​ខ្ញុំ​»​។​

 
 
​ទោះ​មាន​ផល​លំបាក​ក្ដី តែ​លទ្ធផល​មួយ​នេះ កើតចេញពី​ឆន្ទៈ និង​ការព្យាយាម​របស់លោក និង​ភរិយា​។ ម្ចាស់​សិប្បកម្ម​ដែលមាន​ពិការភាព​ជើង​រូបនេះ បានឱ្យដឹងថា ការទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព CQS ពេញលេញ បានធ្វើឱ្យ​សិប្បកម្ម​របស់លោក​កាន់តែ​ភាពល្បីល្បាញ​នៅក្នុង​ទីផ្សារ​។​
 
​ក្រៅពី​ផ្គត់ផ្គង់​លើ​ទីផ្សារ​ខេត្តសៀមរាប ភ្នំពេញ និង​ខេត្ត​មួយចំនួន សិប្បកម្ម​របស់លោក សំណាង ក៏បាន​នាំចេញ​ក្រៅផ្លូវការ​តាមរយៈ​ឈ្មួញកណ្ដាល​ទៅកាន់​ប្រទេស​កូរ៉េ​, អាម៉េរិក​, ណូ​វែ​ល​ហ្សេ​ឡង់ និង​អូស្ដ្រាលី​ជាដើម​។ រសជាតិ និង​អនាម័យ បានធ្វើឱ្យ​លោក សំណាង អាច​លក់​ត្រីងៀត ត្រីប្រឡាក់ បាន​ប្រមាណ ២​តោន ក្នុង​មួយខែ​។ ផលិតផល​របស់​សិប្ប​កម្ម​លោក មានតម្លៃ​ចាប់ពី ៦​ទៅ​១៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។ 
 
 
 
​ក្រោយ​ផ្គត់ផ្គង់​លើ​ទីផ្សារ​បាន​២​តោន ក្នុង​មួយខែ លោក សំណាង គ្រោង​បង្កើន​ការផលិត ដើម្បី​ផ្ដល់​ចំណីអាហារ​ដែល​សុវត្ថិភាព​ដល់​អតិថិជន ជាពិសេស​បង្កើន​កម្លាំង​ពលកម្ម​នៅក្នុង​ស្រុក​។ បច្ចុប្បន្ន សិប្ប​កម្មនេះ មាន​បុគ្គលិក​ចំនួន ១២​នាក់ ក្នុងនោះ មាន​ស្ត្រី​៦​នាក់​ផងដែរ​។ 
 
​សិប្បកម្ម​កែច្នៃ​ត្រី សំណាង សុធា របស់លោក យន់ សំណាង បាន​បំពាក់​សម្ភារ និង​បរិក្ខារ​យ៉ាង​រៀបរយ រួមទាំង​មាន​ទូ​ស​ម្ងួ​ត​ដែល​ប្រើ​ពន្លឺ​សូ​ឡា ក្រោយ​ទទួលបាន​តាមរយៈ​កម្ម​វិធី​ព​ន្លឿ​ន​របស់​កម្មវិធី​គាំទ្រ​សហគ្រាស​ជលផល​ខ្នាតតូច និង​មធ្យម​។ ថ្មីៗ​នេះ សហគ្រាស​លោក សំណាង ទើបតែ​ទទួលបាន​ធុង​ក្លាសេ តុ​កាត់​សាច់​អ៊ី​ណុ​ក តុ​សម្រាប់​វេច​ខ្ចប់ ម៉ាស៊ីន​អ៊ុត​ឡូ​ត៌ និង​បរិក្ខារ​ជាច្រើន​ផ្សេងៗ​ទៀត​ពី​គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល​ក្រោម​សហ​ហិរញ្ញប្បទាន​ពី​សហភាព​អឺរ៉ុប ដែល​អនុវត្ត​ដោយ​អង្គការ​UNIDO និង​រដ្ឋបាល​ជលផល​។​
 
 
 
​គួររម្លឹកថា និមិត្តសញ្ញា​គុណភាព​ផល ផលិតផល​ជលផល​កម្ពុជា CQS ជា​វិញ្ញាបនបត្រ​ផ្អែកលើ​គោលការណ៍​ស្ម័គ្រចិត្ត​ដើម្បី​ធានាថា​ប្រតិបត្តិ​ករ​ជលផល បាន​អនុវត្ត​ការត្រួតពិនិត្យ​អនាម័យ ដើម្បី​ផលិតផល​ម្ហូបអាហារ​មាន​សុវត្ថិភាព អនុលោម​តាម​បទ​ប្បញ្ញត្តិ​ជាតិ និង​លក្ខខណ្ឌ​តម្រូវ​នៃ​សុវត្ថិភាព​ម្ហូបអាហារ​អន្តរជាតិ​៕

 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com