ជាតិ
ជាកម្មករសម្អាតប្រាសាទជាង ២០ឆ្នាំ អ្នកស្រី ណែម សារុន ត្រូវបានផ្ដល់ភារកិច្ចជាអ្នកកំណាយ
25, Sep 2023 , 9:29 pm        
រូបភាព
អ្នកស្រី ណែម សារុន កំពុងអង្គុយនៅការដ្ឋានកំណាយប្រាសាទបាយ័ន។
អ្នកស្រី ណែម សារុន កំពុងអង្គុយនៅការដ្ឋានកំណាយប្រាសាទបាយ័ន។
សៀមរាប៖ ជាពលរដ្ឋរស់នៅតំបន់អង្គរមួយរូប អ្នកស្រី ណែម សារុន បានធ្វើការជាមួយប្រាសាទជាង ២០ឆ្នាំមកហើយ។ អ្នកស្រីគឺជាកម្មករបោសសម្អាត ដកស្មៅតាមប្រាសាទ ហើយបច្ចុប្បន្ននេះ​ជាអ្នកកំណាយផងដែរ។

 
មានវ័យ៦១ឆ្នាំ អ្នកស្រី ណែម សារុន ជាអ្នកភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ អ្នកស្រី បានចូលរួមធ្វើការនៅតំបន់ប្រាសាទមុនកំណើតអាជ្ញាធរជាតិអប្សរាទៅទៀត។ អ្នកស្រីមិនចាំឈ្មោះ​ស្ថាប័នដែលបម្រើការងារដំបូងពេលនោះទេ តែធ្វើការជាអ្នកសម្អាតស្មៅនៅបរិវេណប្រាសាទ ដូចការងារបច្ចុប្បន្ននេះដែរ។ 
សព្វថ្ងៃ ការងារស្នួលរបស់អ្នកស្រី សារុន គឺការសម្អាតស្មៅ តែក្នុងនោះនាយកដ្ឋានសាមី​ក៏បានរៀបចំឱ្យក្រុមស្រ្តីដែលមានគ្នាប្រមាណជិត១០នាក់ ចូលរួមការងារកំណាយតាមប្រាសាទផងដែរ។ ពួកគេមានតួនាទីជាអ្នកជីកដី កាយអាចម៍ដីទៅចាក់បង្គរនៅទីតាំងមួយ និងរើសវត្ថុដែលកាយបាន ដូចជាថ្ម បំណែកកុលាលភាជន៍ជាដើម ដើម្បីឱ្យអ្នកជំនាញសិក្សា។ 
 


នៅបរិវេណការដ្ឋានកំណាយប្រាសាទបាយ័ន អ្នកស្រី សារុន រៀបរាប់ថា ការងារកំណាយធ្វើឱ្យអ្នកស្រី​យល់មួយផ្នែក​លើការងារ​អភិរក្សប្រាសាទ។ ខុសពីការការងារសម្អាត ដែលការងារកំណាយនេះអ្នកស្រី សារុន ចេះពិនិត្យ និងស្គាល់ស្រទាប់ដីនីមួយៗ។ អ្នកស្រីបន្ថែមថា៖« ការងារនេះត្រូវលើកដី កាយដី តែបានដឹងការងារច្រើននៅក្រោមដី ដឹងពីស្រទាប់ដី វាមានដីក្រហម ដីខ្មៅ និងមានស្រទាប់ដីខ្សាច់»។
 
ជារៀងរាល់ថ្ងៃ អ្នកស្រី សារុន ជិះកង់ពីផ្ទះជាមួយស្រ្តីឯទៀតនៅភូមិជាមួយ ដើម្បីមកធ្វើកំណាយនៅ ប្រាសាទបាយ័ន។ ក្នុងនោះពួកគេត្រូវវេចបាយវេចម្ហូបមកជាមួយសម្រាប់អាហារថ្ងៃត្រង់ ព្រោះម៉ោងសម្រាកមានតិច និងប្រញាប់ចេញទៅផ្ទះវិញនាម៉ោង៤រសៀល។ 
 


ក្រៅពីការងារជាកម្មករនៅតំបន់ប្រាសាទ គ្រួសារអ្នកស្រី សារុន ធ្វើស្រែ និងដាំដំណាំបន្ដិចបន្ដួចនៅផ្ទះ គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ អ្នកស្រីបញ្ជាក់ថា រាល់ឆ្នាំអ្នកស្រីមិនដែលទិញអង្ករគេហូបទេ ឆ្នាំខ្លះសល់ស្រូវចាស់ដល់រដូវច្រូតថ្មីក៏មានដែរ។
 
ជាអ្នករស់នៅ និងទទួលប្រយោជន៍ពីតំបន់បេតិកភណ្ឌមួយរូប អ្នកស្រី សារុន រីករាយជាមួយការងារ​អភិរក្សប្រាសាទ ដែលអ្នកស្រីយល់ថា ការងារបោសសម្អាតកាត់ស្មៅ ក៏កំពុងជួយឱ្យប្រាសាទគង់វង្ស និងទាក់ទាញទេសចរផងដែរ។ ជាមួយគ្នានេះ កូនស្រីមួយរូបរបស់អ្នកស្រី ក៏កំពុងធ្វើការជាភ្នាក់ងារទេសចរផងដែរ ដែលអ្នកស្រីយល់ថា បេតិកភណ្ឌកំពុងជួយពលរដ្ឋក្បែរ តំបន់នេះមានការងារ និងប្រាក់ខែសមរម្យ ជាមួយនឹងជីវិតដ៏សាមញ្ញ៕
 

Tag:
 សម្អាតប្រាសាទ
  អ្នកអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com