ជាតិ
អភិបាលខេត្តសៀមរាបស្វាគមន៍ទេសចរកូរ៉េ៤០០នាក់ ដែលមកដល់ខេត្តសៀមរាបពីម្សិលមិញ
06, Oct 2023 , 4:19 pm        
រូបភាព
ទេសចរកូរ៉េមកដល់ព្រលានយន្តហោះអន្ដរជាតិសៀមរាបនៅថ្ងៃទី៥ តុលា។ រូបភាពពីមន្ទីរព័ត៌មានខេត្តសៀមរាប
ទេសចរកូរ៉េមកដល់ព្រលានយន្តហោះអន្ដរជាតិសៀមរាបនៅថ្ងៃទី៥ តុលា។ រូបភាពពីមន្ទីរព័ត៌មានខេត្តសៀមរាប
សៀមរាប៖ ទេសចរកូរ៉េ៤០៣នាក់ បានមកដល់ព្រលានយន្តហោះអន្ដរជាតិសៀមរាប នៅរសៀលថ្ងៃទី៥ តុលា ម្សិលមិញ​ ដែលជាក្រុមទេសចរកូរ៉េធំជាងគេ នៅឆ្នាំ២០២៣នេះ។ អភិបាលខេត្តសៀមរាប បានសាទរ និងស្វាគមន៍ចំពោះវត្តមានទេសចរទាំងនោះ មកកាន់ខេត្តសៀមរាប។

 
អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានសរសេរក្នុងសារក្នុងទំព័រហ្វេសប៊ុករបស់លោកដូច្នេះថា៖« សូមស្វាគមន៍ភ្ញៀវទេសចរកូរ៉េជាង៤០០នាក់ បានមកដល់ខេត្តសៀមរាប លើកដំបូងក្នុងឆ្នាំ២០២៣»។ 
 
តាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាប ទេសចរទាំង៤០៣នាក់នោះ មកតាមរយៈជើងហោះហើរចំនួនពីរ ដែលចេញពីប្រទេសវៀតណាម និងមកដល់ព្រលានយន្តហោះអន្ដរជាតិ សៀមរាបនៅម៉ោងប្រមាណ៣រសៀល ថ្ងៃទី៥ តុលា។ ក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា ក្រុមអ្នកទេសចរណ៍កូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាបនាពេលនេះ មិនមែនជាក្រុមដំបូង គឺនៅមានក្រុមបន្តបន្ទាប់ទៀត ដែលនឹងមកសរុបប្រមាណ១២០០នាក់។ ពួកគេជាទេសចរចម្រុះ ដោយមកកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្ដិ។
 
អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ បានសាទរចំពោះវត្តមានទេសចរខាងលើនេះ។ យ៉ាងណាលោក លីនណេ បានបញ្ជាក់ថា ពួកគេទាំងនោះមិនមែនជាទេសចរដែលមកទស្សនាជាទៀងទាត់ទេ គឺជាក្រុមហ៊ុនតួរដែលមកទស្សនកិច្ចដើម្បីស្វែងយល់ពីគោលដៅទេសចរណ៍ខេត្តសៀមរាបប៉ុណ្ណោះ។ 
 
យ៉ាងណាលោកយល់ថា វាក៏កំពុងជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍សៀមរាប បានកាន់តែ​ទូលំទូលាយផងដែរ។​ លោក លីនណេ លើកឡើងដូច្នេះថា៖« ជាសញ្ញាល្អ ដោយពួកគាត់ភាគច្រើនបំផុត ជា អ្នកប្រតិបត្តករទេសចរណ៍»។
 
យោងតាមរបាយការណ៍ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប ​ គឺចាប់ពីថ្ងៃទី២៧ ​ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ចំនួនអ្នកដំណើរមកពីបរទេសចូល​មកកាន់​ខេត្តសៀមរាបក្នុងមួយថ្ងៃ មានជើងហោះហើរ​ជាមធ្យម១៣ជើង ដែលមានអ្នកដំណើរជាង ១,១០០នាក់៕

Tag:
 ទេសចរកូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com