ជាតិ
អ្នកជំនាញ នឹងបញ្ចប់ការងារជួសជុលប្រាសាទតាព្រហ្មកិល នាចុងឆ្នាំនេះ Onana អ្នកចាំទី Man Utd គាំទ្រ Garnacho ដែលប្រដូចខ្លួននឹងសត្វស្វាហ្គូរីឡាលើបណ្តាញសង្គម
× ការងារជួសជុលប្រាសាទតាព្រហ្មកិល សម្រេចបានប្រមាណ៧០ភាគរយហើយ ខណៈក្រុមអ្នកជំនាញ អះអាងថាការងារនេះ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣នេះ បើគ្មានការប្រែប្រួលណាមួយនោះ។ នេះបើតាមការផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅលើទំព័រហ្វេសប៊ុក។
បើតាមប្រភពដដែល ដំណើរការជួសជុលប្រាសាទតាព្រហ្មកិល បានចាប់ផ្តើម កាលពីពាក់កណ្តាលឆ្នាំ២០២៣ ក្រោយអ្នកជំនាញមើលឃើញពីភាពខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារថ្មខ្លះបានធ្លាក់កប់ដី នៅរាយប៉ាយ ហើយតួប៉មកណ្តាល បានបាក់រលុះអស់មួយចំហៀង នៅជ្រុងខាងត្បូង និងខាងលិច។
លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា ត្រូវបានក្រសួងវប្បធម៌ស្រង់សម្តីថា ដំណើរការជួសជុលវិញ បានបែងចែកជាបីដំណាក់កាល រួមមាន៖ ជួសជុលខឿន ជញ្ជាំង និងកំពូលនៃប្រាសាទ។ ខណៈការជួសជុលផ្នែកខឿន និងជញ្ជាំង បានរួចរាល់ហើយ នៅសល់តែការជួសជុលរួតទាំង៥ នៃកំពូលប្រាសាទប៉ុណ្ណោះ។
សកម្មភាពរបស់អ្នកជំនាញជួសជុលប្រាសាទព្រហ្មកិល។ រូបភាព៖ ហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ក្រោយបញ្ចប់ ការជួសជុលតួប៉មហើយ ក្រុមអ្នកជំនាញ គ្រោងរៀបចំកែសម្រួល នៅចំណុចខ្លោងទ្វារច្រកចូលនៃប្រាសាទ ឱ្យមានភាពរឹងមាំឡើងវិញ។ លោក ម៉ៅ សុខនី បានដូច្នេះ។
សូមជម្រាបថា ប្រាសាទតាព្រហ្មកិល មានតួនាទីជាហោសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំ កសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ នៃគ្រិស្តសករាជ ប្រាសាទនេះ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើង នៃប្រាសាទអង្គរវត្ត៕
Tag:
វប្បធម៌
ប្រាសាទព្រហ្មកិល
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com