មានបទពិសោធជាង៤០ឆ្នាំ ក្នុងការងារត្បាញកន្ទេល អ្នកស្រី ហូ ផាច ថាការងារនេះ ជាការងារពិបាកមួយ ពោលគឺជាការងារដែលត្រូវការអត់ធ្មត់ រាប់តាំងពីការទៅរកកាប់ដើមផ្អាវ, ពុះ, ហាល ដើម្បីបានជាសរសៃផ្អាវ។ ឯការងារតម្បាញទៀតសោត ក៏ទាមទារពេលវេលាច្រើនដែរ ទម្រាំងត្បាញបានកន្ទេលមួយៗ។
បើតាមអ្នកស្រី ផាច បច្ចុប្បន្នក្នុងមូលដ្ឋានខ្លួន គឺភូមិតាប្រុក លែងមានដើមផ្អាវទៀតហើយ ឯក្នុងព្រៃអង្គរធំ ក៏ខ្សត់ដែរ។ ដូច្នេះពេលត្រូវការដើមផ្អាវយកមកធ្វើកន្ទេល អ្នកស្រីត្រូវធ្វើដំណើរ ទៅខេត្តកំពង់ធំ រកកាប់ផ្អាវ។
ទោះបីការងារតម្បាញកន្ទេលលំបាក តែវាក៏ជាការងារដែលផ្តល់ចំណូលបន្ទាប់បន្សំ ពីរបរស្រែចម្ការរបស់ខ្លួនដែរ។ សម្រាប់អ្នកស្រី ផាច មិនចង់ឱ្យរបរមួយនេះបាត់បង់ឡើយ ហើយវាគួរត្រូវបានអភិរក្សទុក។ ជាការរួមចំណែក អ្នកស្រី ផាច បាន និងកំពុងបណ្ដុះបណ្ដាលក្មួយស្រីម្នាក់ឱ្យរៀនតម្បាញកន្ទេលផ្អាវ តពីខ្លួន។
គួរជម្រាបផងដែរថា មិនត្រឹមតែដើមផ្អាវទេ ដែលត្រូវបានប្រជាជនខ្មែរយកត្បាញកន្ទេល ពោលគឺមានរុក្ខជាតិជាច្រើន។ ឯកន្ទេលដែលយករុក្ខជាតិណាមកតម្បាញនោះ គេហៅកន្ទេលនោះតាមឈ្មោះរុក្ខជាតិ។ ជាក់ស្ដែងដូចជា កន្ទេលរំចេក, កន្ទេលផ្អាវ, កន្ទេលកក់, កន្ទេលរុន, កន្ទេលចចូត, កន្ទេលឫស្សី, កន្ទេលផ្តៅ, កន្ទេលស្លឹកត្នោត, កន្ទេលស្លឹកទ្រាំង ជាដើម។
លោកអ្នកដែលចង់ជួយជាវកន្ទេលផ្អាវ អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៦ ៩២ ៧៦ ៨០៦។ លោកអ្នក ក៏អាចទៅជាវដោយផ្ទាល់ និងស្វែងយល់បន្ថែមពីការងារតម្បាញរបស់អ្នកស្រី ហូ ផាច ដោយផ្ទាល់បានដែរល ដែលលំនៅដ្ឋានរបស់គាត់ ស្ថិតក្នុងភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប៕