ជាតិ
បាក់ឌុប
សារពិសេស សម្ដេច ហ៊ុន សែន ប្រកាសជួយដល់សិស្សនិទ្ទេស A អន ផានិត និងគ្រួសារ
29, Nov 2023 , 5:16 pm        
រូបភាព
តាមរយៈសារសំឡេងពិសេស នៅរសៀលថ្ងៃទី២៩ វិច្ឆិកា សម្ដេច ហ៊ុន សែន បានប្រកាសជួយដល់សិស្សនិទ្ទេស A ឆ្នាំ២០២៣ ឈ្មោះ អន ផានិត និងគ្រួសារ។ ប្រមុខបក្សប្រជាជនកម្ពុជារូបនេះ បានបញ្ជាឱ្យមន្ត្រីចុះទៅពិនិត្យ និងរៀបចំឱ្យយុវជន អន ផានិត ឡើងមកសិក្សាបន្តនៅរាជធានីភ្នំពេញ។



សម្ដេច ហ៊ុន សែន បានផ្ដាំផ្ញើឱ្យមន្ត្រី នាំយក អន ផានិត មកសិក្សាបន្តនៅភ្នំពេញ ទៅតាមជំនាញដែលរូបគេប៉ងប្រាថ្នា។ មិនតែប៉ុណ្ណោះសម្ដេច ក៏នឹងរៀបចំជាកញ្ចប់ថវិកាសិក្សាប្រចាំខែ ផ្ដល់ឱ្យយុវជន ផានិត រួមទាំងទិញយានជំនិះ ឱ្យរូបគេ ធ្វើដំណើរទៅសិក្សាផងដែរ។
 
«ថ្លៃសាលា ថ្លៃស៊ីចុក ប្រាក់អី យើងអាចរៀបចំប្រចាំខែឱ្យ (អន ផានិត)។ ថ្លៃសាលា យើងអាចសុំគេឱ្យ ចូលរៀនហ្មងទៅ ខាងផ្នែកវិស្វករ អាចនៅតិចណូ ឬអាចនៅសាលាវិចិត្រសិល្បៈ»។
នេះបើតាមប្រមុខបក្សប្រជាជនកម្ពុជា ដែលបានបញ្ជាឱ្យរៀបចំកន្លែងស្នាក់នៅឱ្យ អន ផានិត នៅបញ្ជាការដ្ឋានកងអង្គរក្ស របស់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង។
 
មិនត្រឹមតែជួយដល់ អន ផានិត នោះទេ សម្ដេច ហ៊ុន សែន ក៏បញ្ជាឱ្យចុះទៅពិនិត្យ និងជួយដល់ឪពុកម្ដាយរបស់ផានិត ទៀតផង។ សម្ដេច បានណែនាំឱ្យមន្ត្រីសង់ផ្ទះកម្រិតល្មមស្នាក់នៅឱ្យឪពុកម្ដាយរបស់ អន ផានិត រួមទាំងផ្ដល់ថវិកាប្រចាំខែ ១លានរៀលទៀត។ 
 
អន ផានិត សិស្សវិទ្យាល័យជាស៊ីមអង្គរជ័យ ក្នុងខេត្តកំពត បានប្រឡងជាប់និទ្ទេស A ជំនាញវិទ្យាសាស្រ្ត នៃសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ។ ស្ថិតក្នុងគ្រួសារក្រីក្រ អន ផានិត មានឪពុកម្ដាយ ជាជនពិការភាព ទាំងពីរនាក់ នៅក្នុងស្រុកអង្គរជ័យ ខេត្តកំពត។ តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានកន្លងមក ឪពុក ផានិត មិនអាចធ្វើអ្វីបានច្រើនឡើយ ដោយសារកម្លាំងត្រូវពឹងលើឈើច្រត់សម្រាប់ជនពិការ ធ្វើដំណើរទៅមក។ ពេលខ្លះ ឪពុក ផានិត បានត្រឹមតែសុំកន្លែងធ្វើសំណង់ ដោយធ្វើការងារស្រាលផ្នែកលាយស៊ីម៉ង់ត៍ ប៉ុណ្ណោះ ដោយអាចទទួលបានកម្រៃពី១ម៉ឺន ទៅ១ម៉ឺន ៥ពាន់រៀល។ ថ្ងៃខ្លះ ក៏មិនអាចរកប្រាក់បានដែរ។
 
ដោយឡែកម្ដាយ ផានិត អាចប្រកបរបរដេរនៅផ្ទះបន្តិចបន្តួចសម្រាប់រកកម្រៃផ្គត់ផ្គង់គ្រួសារ និងសម្រាប់ឱ្យ ផានិត និងប្អូនស្រីផានិត រៀនប៉ុណ្ណោះ។ ហើយពេលខ្លះទៀត ម្ដាយផានិត ត្រូវសុំលុយ ឬខ្ចីបុលពីសាច់ញាតិ ដើម្បីដោះទាល់ជីវិតប្រចាំថ្ងៃដែរ។ ចំណែកផ្ទះស្នាក់នៅវិញ ប្រប់ស័ង្គសី ហើយកន្លែងខ្លះ មានចន្លោះប្រហោងធ្លុះធ្លាយទៀតផង។ ស្ថានភាពគ្រួសារលំបាកពិតមែន តែ អន ផានិត នៅតែអាចសម្រេចបាននិទ្ទេសល្អ ក្នុងការសិក្សា៕

Tag:
 ហ៊ុន សែន
  អន ផានិត
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com