ជាតិ
ក្រុមម៉ូតូធំ៤ប្រទេសជំរុញការផ្សព្វផ្សាយតំបន់ប្រាសាទខេត្តសៀមរាប និងរៃអង្គាសថវិកាជួយមន្ទីរពេទ្យ
18, Dec 2023 , 7:59 pm        
រូបភាព
សៀមរាប៖ ក្រុមម៉ូតូធំនៃក្លឹប SEDARAH MC Cambodia និងក្លឹប Friendly Bikers Cambodia បានសហការរៀបចំកម្មវិធីជិះម៉ូតូធំ ដោយមានសមាជិកចូលរួមពី៤ប្រទេស មានកម្ពុជា ថៃ ឡាវ និងម៉ាឡេស៊ី ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្តសៀមរាប ក៏ដូចជារៃអង្គាសថវិកាដើម្បីជួយមូលនិធិ​មន្ទីរពេទ្យគន្ធបុប្ផា។

 
លោក ជុំ រ៉ាវុធ ប្រធានក្លឹប SEDARAH MC Cambodia បានឱ្យដឹងថា នេះជាឆ្នាំទី១១ហើយដែលក្រុមរបស់លោក​បានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង ដោយមានគោលដៅ ជួយផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា និងជួយសង្គមនៅតាមសាលារៀនក្រីក្រ និងមន្ទីរពេទ្យ។ លោកបន្ថែមថា រាល់ឆ្នាំក្លឹបរបស់លោកបានជ្រើសរើសយកថ្ងៃទី១៦ ខែធ្នូ ដើម្បីធ្វើសកម្មភាពសប្បុរសធម៌នេះ ហើយឆ្នាំនេះបានជ្រើសរើសខេត្តសៀមរាប ស្របពេលដែលរាជរដ្ឋាភិបាលកំពុងជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប កាន់តែខ្លាំងឡើង។ 
 


លោកបន្ថែមថា ការធ្វើសកម្មភាពនេះក៏ដើម្បីបង្ហាញឱ្យសាធារណជនដឹងថា ក្រុមម៉ូតូធំក៏មានចំណែកចូលរួមការងារសង្គមផងដែរ តាមរយៈការផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ ហើយក្រោយព្រឹត្តិការណ៍នេះ លោក រ៉ាវុធ រំពឹងថា អ្នកចូលរួមដែលមកពីប្រទេសផ្សេងៗ នឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប ពិសេសប្រាង្គប្រាសាទឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
 
គួរបញ្ជាក់ថា សមាជិកក្រុមម៉ូតូធំ​ដែលបានចូលរួមក្នុងកម្មវិធីប្រចាំឆ្នាំរបស់ខ្លួន​ដែលរៀបចំឡើងនៅថ្ងៃទី១៦ ខែធ្នូ សរុបមានជាង៥០០គ្រឿង ដោយពួកគេបានធ្វើដំណើរ​ពីរាជធានីភ្នំពេញ មកដល់ខេត្តសៀមរាបនៅពេលរសៀល និងបន្តការជិះម៉ូតូកាត់តាមប្រាសាទអង្គរវត្ត ខ្លោងទ្វារទន្លេអុំ រហូតដល់ប្រាសាទបាយ័ន នៃក្រុងអង្គរធំ មុនត្រឡប់ចូលក្រុងសៀមរាបវិញ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com