ជាតិ
វត្តពោធិលង្កា នឹងអនុញ្ញាតឱ្យតែសមណសិស្សប៉ុណ្ណោះ ស្នាក់អាស្រ័យ
19, Dec 2023 , 9:09 am        
រូបភាព
គណៈគ្រប់គ្រងថ្មីនៃវត្តពោធិលង្កា ត្រូវបានប្រកាសជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែធ្នូ។ រូបភាពពីរដ្ឋបាលខត្តសៀមរាប
គណៈគ្រប់គ្រងថ្មីនៃវត្តពោធិលង្កា ត្រូវបានប្រកាសជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែធ្នូ។ រូបភាពពីរដ្ឋបាលខត្តសៀមរាប
ថោង ប្រណី
 
សៀមរាប៖ ជាងមួយខែមកហើយ ដែលវត្តពោធិលង្កា ក្រុងសៀមរាប បានរងភាពរង្គោះរង្គើ និងរំសាយគណៈគ្រប់គ្រងទាំងស្រុង បន្ទាប់ពីមានបញ្ហាបែងចែកបក្ខពួក និងការមិនគោរពវិន័យ ដោះស្រាយមិនចេញច្រើនឆ្នាំ។ ព្រះវិន័យធរគណខេត្តសៀមរាប ព្រះអង្គ ពេទ ភឿន បានបញ្ជាក់ថា ក្រោយរៀបចំរួចរាល់ វត្តពោធិលង្កានឹងអនុញ្ញាតឱ្យតែសមណសិស្សប៉ុណ្ណោះ ចូលស្នាក់អាស្រ័យ។

 
នៅព្រឹកថ្ងៃទី១៨ ខែធ្នូនេះ គណៈកម្មការថ្មីនៃវត្តពោធិលង្កា សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានប្រកាសជាផ្លូវការ ក្រោមវត្តមានព្រះចៅអធិការវត្តរាជបូណ៌ សម្ដេច ពិន សែម មេគណខេត្ត ព្រះចៅអធិការវត្ត តំណាងវត្តទូទាំងខេត្ត និងពុទ្ធបរិស័ទជាច្រើន។ គិតត្រឹមថ្ងៃទី១៨នេះ គឺមានរយៈពេល១ខែ៥ថ្ងៃហើយ ដែលគណៈកម្មការវត្តចាស់ ត្រូវបានរំសាយ និងបិទទ្វារវត្តបណ្ដោះអាសន្ន។
 
ព្រះអង្គ ពេទ ភឿន ព្រះវិន័យធរគណខេត្តសៀមរាប និងជាអ្នកនាំពាក្យសាលាគណខេត្តសៀមរាប បានសង្ឃដីកាថា គណៈសង្ឃនាយកបានសម្រេចតែងតាំងគណៈកម្មការវត្តថ្មី ដែលមានគ្រូចៅអធិការ គ្រូសូត្រស្ដាំ គ្រូសូត្រឆ្វេង ព្រះវិន័យធរ និងលេខា។ តាមការបញ្ជាក់ពីព្រះអង្គ ពេទ ភឿន ព្រះសង្ឃទាំងនោះមកពីវត្តកេសរារាម ក្រុងសៀមរាប ដែលមានការសិក្សាត្រឹមត្រូវ ដឹងធម៌វិន័យច្រើនក្នុងពុទ្ធសាសនា។ 
 
ព្រះអង្គ ពេទ ភឿន កំឡុងពេលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ។ រូបភាព៖ ថោង ប្រណី

តាមសង្ឃដីកាអ្នកនាំពាក្យសាលាគណខេត្តសៀមរាប សមណសិស្សដែលចូលស្នាក់អាស្រ័យនៅក្នុង វត្តពោធិលង្កាសរុប២៨អង្គ ក្នុងចំណោម៣៨អង្គ ដែលអង្គខ្លះសម្រេចស្នាក់នៅវត្តរាជបូណ៌ភាគច្រើន ព្រោះងាយស្រួលរៀនសូត្រនៅសាលាពុទ្ធិក។ ព្រះអង្គបញ្ជាក់ថា នេះជាការជ្រើសរើសរបស់សមណសិស្ស និងមិនមានការបង្ខិតបង្ខំអ្វីឡើយ។ 
 
តាមការបញ្ជាក់ពីព្រះអង្គ ពេទ ភឿន ក្រោយរៀបចំគណៈគ្រប់គ្រងថ្មី វត្តពោធិលង្កានឹងអនុញ្ញាតឱ្យតែ សមណសិស្សមកពីទីជិតឆ្ងាយប៉ុណ្ណោះស្នាក់អាស្រ័យ ដោយមិនចង់ឱ្យមានរឿងរ៉ាវបែងចែកបក្ខ និងពិបាកគ្រប់គ្រងដូចពេលមុន។  
 
ព្រះអង្គ ពេទ ភឿន មានក្ដីរំពឹងថា គណៈកម្មការវត្តថ្មី នឹងទទួលបានការគាំទ្រ និងចូលរួមពីពុទ្ធិបរិស័ទ ក្នុងន័យដើម្បីចូលរួមអភិវឌ្ឍន៍ និងកសាងវត្ត ក៏ដូចជាធ្វើបុណ្យកុសលផ្សេងៗ។
 
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម មានសង្ឃដីកាណែនាំដល់គណៈគ្រប់គ្រងថ្មីនៃវត្តពោធិលង្កា ត្រូវចេះសហការ និងដឹកនាំវត្តប្រកបដោយប្រសិទ្ធភាព និងមិនត្រូវឱ្យមានអធិករណ៍អ្វីកើតឡើងឡើយ ដោយត្រូវប្រកាន់ធម៌ខន្ដី។ សម្ដេចបញ្ជាក់ថា វត្តអារាមជាជម្រកអប់រំកិរិយាធម៌ដល់ពុទ្ធិបរិស័ទ យុវជន ដែលជាទំពាំងស្នងឫស្សី និងជាឱកាសល្អសម្រាប់ការរួបរួមគ្នា ដើម្បីថែរក្សាការពារ សេចក្ដីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាគ្រឿងបំភ្លឺផ្លូវ៕

គណៈគ្រប់គ្រងថ្មីនៃវត្តពោធិលង្កា ត្រូវបានប្រកាសជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ រូបភាពពីរដ្ឋបាលខត្តសៀមរាប

Tag:
 វត្តពោធិលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com