ជាតិ
សេដ្ឋកិច្ច
អ្នកមានគណនី«ប្រាក់រៀល»អាចទូទាត់ថ្លៃទំនិញ-សេវាកម្ម នៅចិន ឡាវ វៀតណាម ថៃ តាម QR Code
31, Dec 2023 , 8:59 am        
រូបភាព
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា កំពុងឈរថតរូបជាមួយ លោកស្រី Nhuyen Thi Hong ទេសាភិបាលធនាគាររដ្ឋរៀតណាម ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការនូវប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែនតាមរយៈQR Code  នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ NBC
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា កំពុងឈរថតរូបជាមួយ លោកស្រី Nhuyen Thi Hong ទេសាភិបាលធនាគាររដ្ឋរៀតណាម ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការនូវប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែនតាមរយៈQR Code នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ NBC
គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា ​សម្រេចបាននូវកិច្ចសហប្រតិបត្តិការប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន ជាមួយប្រទេសចិន ឡាវ វៀតណាម និងថៃ តាមរយៈប្រព័ន្ធស្កេន QR Code។  លើសពីនេះ ធនាគារជាតិ ក៏បានសហការជាមួយក្រុមហ៊ុន AliPay ដែលមានអាជីវករប្រើប្រាស់រហូតដល់៨៣លាននាក់ នៅទូទាំងពិភពលោក ផងដែរ។ ធនាគារជាតិធ្វើបែបនេះ ក្នុងគោលដៅជំរុញនូវការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ។ អ្នកដែលអាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ​និងសេវាឆ្លងដែនតាមប្រព័ន្ធឌីជីថលនេះបាន លុះត្រាតែមានគណនី ជាប្រាក់រៀល។

 
ក្នុងអត្ថបទនេះយើងខ្ញុំសូមសង្ខេបនូវប្រវត្តិនៃកិច្ចសហប្រតិបត្តិការនីមួយៗ រវាងធនាគារជាតិនៃកម្ពុជា ជាមួយបណ្តាប្រទេស​និងក្រុមហ៊ុននានា ក្នុងការអនុវត្តប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែនតាមរយៈប្រព័ន្ធឌីជីថល៖​ 
 
១. ប្រតិបត្តិការជាមួយប្រទេសថៃ
ថៃ ដៃគូដំបូងរបស់កម្ពុជា​ក្នុងការអនុវត្តនូវប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន។ កម្ពុជា​ និងថៃ បានដាក់ឱ្យដំណើរការ​ប្រតិបត្តិការនេះ តាមរយៈការស្កេន QR  Code ក្នុងដំណាក់ទីមួយ នាអំឡុងខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងដំណាក់កាលនេះ អ្នកដែលគណនីជាប្រាក់រៀល គឺអាចទៅចាយនៅប្រទេសថៃតាមការស្កេន QR  Code។ 
 
ក្រោយអនុវត្តដំណាក់កាលទីមួយបានជាង៣ឆ្នាំ  ធនាគារជាតិនៃកម្ពុជា​ និងធនាគារជាតិថៃ ក៏សម្រេចដាក់ឱ្យអនុវត្តនូវដំណាក់ទីពីរ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ សម្រាប់ដំណាក់កាលទីពីរនេះ គឺពលរដ្ឋថៃអាចស្កេនឃ្យូអរកូត(QR Code)នៅកម្ពុជា បានផងដែរ។ មកទល់បច្ចុប្បន្ន ពលរដ្ឋនៃប្រទេសទាំងពីរអាចប្រើប្រាស់រូបិយប័ណ្ណឆ្លងដែនទ្វេភាគី បានយ៉ាងងាយស្រួល និងរហ័ស តាមរយៈពេលប្រព័ន្ធឌីជីថល គឺការស្កេន QR Code។ 
 
២. ប្រតិបត្តិការជាមួយប្រទេសឡាវ
នៅថ្ងៃទី១៨សីហា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ សម្រេច​ប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូទាត់ប្រាក់ឆ្លងដែនរវាងរូបិយវត្ថុនៃប្រទេសទាំងពីរជាផ្លូវការ តាមរយៈប្រព័ន្ធQR Code (KHQR-LAOQR)។ នេះ ជាការអនុវត្តនូវដំណាក់កាលទី១នៃការទូទាត់ឆ្លងដែន ដែលពលរដ្ឋខ្មែរអាចទិញទំនិញនៅប្រទេសឡាវ ដោយចាយជាប្រាក់រៀលបានតាមរយៈ QR Code។
 
 
៣.​ប្រតិបត្តិការជាមួយជាមួយក្រុមហ៊ុនAliPay 
ពលរដ្ឋដែលអ្នកមានគណនីធនាគារជា ប្រាក់រៀល គឺអាចទូទាត់សងប្រាក់ឆ្លងដែនលើថ្លៃទំនិញ-សេវាកម្ម ជាមួយ AliPay បាននៅជុំវិញពិភពលោក តាមរយៈការស្កេនឃ្យូអរកូត(QR Code)។ ធនាគារជាតិនៃកម្ពុជា​បានចុះអនុស្សរណៈយោគយល់គ្នាលើ«កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត» ជាមួយក្រុមហ៊ុន AliPay Connect Pte. Ltd. នាក្នុងអំឡុងពេលចូលរួមព្រឹត្តិការណ៍បចេ្ចកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី នៅថ្ងៃទី១៥វិច្ឆិកា។​
 
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធបាគង អាចទូទាត់ប្រាក់លើថ្លៃទំនិញឬសេវា ជាមួយអាជីវករដែលមានប្រព័ន្ធ AliPay ចំនួន៨៣លានអាជីវករនៅទូទាំងពិភពលោក។ បើតាមលោកស្រីទេសាភិបាលធនាគារជាតិ កិច្ចសហប្រតិបត្តិការនេះ ក៏អនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនានៅកម្ពុជា អាចទូទាត់តាមរយៈប្រព័ន្ធ KHQR បានដោយភាពងាយស្រួល​ និងរហ័ស ផងដែរ។ លោកស្រី ជា សិរី បានអះអាងយ៉ាងដូច្នេះ៖ «កិច្ចសហប្រតិបត្តិការនេះ នឹងពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ការទូទាត់របស់កម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់បទពិសោធន៍ក្នុងការទូទាត់ប្រាក់របស់អ្នកទេសចរឱ្យកាន់តែប្រសើរឡើងនៅកម្ពុជា សំដៅដល់ការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ»។
 
៤. ប្រតិបត្តិការជាមួយប្រទេសចិន
ថ្ងៃទី២១វិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់សងប្រាក់ឆ្លងដែនរវាងកម្ពុជា​ និងចិន ជាមួយលោក Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន នៅរដ្ឋធានីប៉េកាំង។  
 
កិច្ចសហប្រតិបត្តិការនេះ នឹងត្រូវធ្វើឡើង​តាមរយៈ ប្រព័ន្ធស្កេន QR Code ដើម្បីទូទាត់លើថ្លៃទំនិញ និងសេវាកម្មណាមួយ។ កន្លងមក លោកស្រី ជា សិរី បានបញ្ជាក់​ថា ដើម្បីទូទាត់ថ្លៃទំនិញ ឬសេវាណាមួយនៅប្រទេសចិនបាន លុះត្រាពលរដ្ឋមានគណនីធនាគារ ឬកាបូបលុយអេឡិចត្រូនិក(e-Wallet)ជាប្រាក់រៀល។​ ដូច្នេះ នៅពលរដ្ឋកម្ពុជា​ធ្វើដំណើរទៅកាន់ប្រទេសចិន គឺអាច​ស្កេ​ន​ទូទាត់​តាម​QR code នៅ​ចិន​បាន រួមទាំង​QR របស់ UnionPay, Alipay​និង Wechat ជាដើម។​
 
៥. ប្រតិបត្តិការជាមួយប្រទេសវៀតណាម
ថ្ងៃទី៣ធ្នូ ឆ្នាំ២០២៣ កម្ពុជា-វៀតណាម បានសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែនទ្វេភាគី តាមប្រព័ន្ធឌីជីថល QR Code។   ដំណើរការនូវប្រព័ន្ធទូទាត់ឆ្លងដែននេះ អនុញ្ញាតឱ្យពលរដ្ឋខ្មែរ ទូទាត់ប្រាក់លើថ្លៃទំនិញនិងសេវាកម្មជាប្រាក់រៀល នៅប្រទេសវៀតណាម បានយ៉ាងងាយស្រួល និងរហ័ស តាមរយៈការស្កេន QR Code។ រីឯ ពលរដ្ឋវៀតណាម ក៏អាចទូទាត់ប្រាក់លើថ្លៃទំនិញ និងសេវាកម្ម នៅកម្ពុជា ជាមួយនឹងប្រាក់ដុង តាមQR Code បានផងដែរ។
 
៦. ប្រតិបត្តិការជាមួយក្រុមហ៊ុន UnionPay 
ធនាគារជាតិនៃកម្ពុជា​ និងក្រុមហ៊ុន UnionPay International (UPI) បានប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ជាផ្លូវការរវាងប្រព័ន្ធទូទាត់បាគង និងបណ្តាញទូទាត់របស់ក្រុមហ៊ុន UPI  នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងកិច្ចសហការនេះ​ ពលរដ្ឋកម្ពុជាអាចប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធទូទាត់បាគង ឬក៏កម្មវិធីធនាគារចល័តនានា ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្មនៅប្រទេសចិន និងបណ្តាប្រទេសនានាក្នុងពិភពលោកដែលមានបណ្តាញទូទាត់ UnionPay បានចាប់ដើមឆ្នាំ២០២៤តទៅ។

ការអនុវត្តនូវកិច្ចសហប្រតិបត្តិលើប្រព័ន្ធទូទាត់សងប្រាក់ឆ្លងដែននេះ ក៏មានលក្ខណៈមិនខុសពីប្រទេស និងក្រុមហ៊ុនដៃគូ ខាងលើប៉ុន្មានដែរ។ ពោល រាល់ការទូទាត់លើថ្លៃទំនិញ ឬសេវាកម្មអ្វីមួយ គឺត្រូវធ្វើឡើងតាមរយៈការស្កេនឃ្យូអរកូត ដោយមិនមែនជាទូទាត់ជាក្រដាសប្រាក់ឡើយ  ហើយពលរដ្ឋដែលប្រើប្រាស់ប្រព័ន្ធនេះ បានលុះត្រាតែមានគណនីជាប្រាក់រៀល។
 
ក្រៅពីប្រទេសខាងលើនេះ ធនាគារជាតិនៃកម្ពុជា ក៏មានផែនការពង្រីកការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌា ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ជំនួសឱ្យប្រាក់ដុល្លារក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម ផងដែរ។​
 
ដើម្បីទទួលបានការទូទាត់ប្រាក់ឆ្លងដែនជាមួយប្រទេស​ និងក្រុមហ៊ុនខាងលើនេះ ពលរដ្ឋដែលជាអាជីវករក្តី ជាអ្នកទេសចរក្តី ឬជាអ្នកធុរកិច្ចក្តី គឺត្រូវតែមានគណនីធនាគារជាប្រាក់រៀល និងត្រូវទទួលយកការទូទាត់ជាប្រាក់រៀល។ នេះជាការរំឭករបស់លោកស្រី ជា សិរី ដោយស្នើដល់ធនាគារក្នុងស្រុក ត្រូវជូនដំណឹង និងលើកទឹកចិត្តឱ្យពាណិជ្ជករ ដែលជាអតិថិជនរបស់ខ្លួនបើកគណនីប្រាក់រៀល ហើយចាប់ផ្តើមទទួលយកការទូទាត់ជាប្រាក់រៀល។

លោកស្រី​បានបញ្ជាក់ថា ៖ « ព្រោះយន្តការនេះ គឺធ្វើឡើងតែដើម្បីលើកទឹកចិត្តការប្រើប្រាស់ប្រាក់រៀល ប៉ុណ្ណោះ»។ សម្រាប់កម្ពុជា រាល់ប្រតិបត្តិឆ្លងដែននេះនឹងធ្វើឡើង តាមរយៈ KHR QR Code ​នៃប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា។​
 
គិតត្រឹម ឆមាសទី១ ឆ្នាំ២០២៣ ប្រព័ន្ធបាគងមានសមាជិក ៧០ ដោយក្នុងនោះ មានគ្រឹះស្ថានចំនួន៤៨ ដាក់ឱ្យដំណើរជាផ្លូវការ​ដែលមានអតិថិជនចុះឈ្មោះប្រើប្រាស់តាមរយៈកម្មវិធីបាគងចំនួន ៥៥០ពាន់គណនី ខណៈចំនួនគណនីអ៊ីវ៉ាឡេត (e-Wallet) បានកើនដល់ ៨៩,៧ពាន់លានដុល្លារអាម៉េរិក ស្មើនឹងជាង៣ដងនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលមានចំនួនប្រតិបត្តិការប្រមាណ ៣០,៣លានប្រតិបត្តិការ៕ 
 

Tag:
 ប្រាក់រៀល
  QR Code
© រក្សាសិទ្ធិដោយ thmeythmey.com